អ្នកឧកញ៉ា គួច ម៉េងលី ចាប់ផ្ដើមលក់ហ៊ុនជាសាធារណៈដល់ពលរដ្ឋខ្មែរ តម្លៃហ៊ុនខ្ទង់២ពាន់រៀលក្នុង១ហ៊ុន
Toeuy HongAPRIL 19 2023

កាលពីថ្ងៃម្សិលមិញនេះ ក្រុមហ៊ុន ម៉េង លី ជេ. គួច អេឌ្យូខេសិន របស់អ្នកឧកញ៉ា គួច ម៉េងលីបានរៀបចំកម្មវិធីរ៉ូដសូ អំពីការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិសាធារណៈលើកដំបូងរបស់ខ្លួនដោយសាធារណៈជនទូទៅអាចចាប់ផ្ដើមទិញហ៊ុនរបស់ក្រុមហ៊ុន ម៉េង លី ជេ. គួច អេឌ្យូខេសិនក្នុងផ្សារដំបូង( IPO) ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៩ខែមិថុនាឆ្នាំ២០២៣។

Meng1

នៅក្នុងកម្មវិធីរ៉ូដសូ អំពីការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិសាធារណៈលើកដំបូងរបស់MJQE នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា អ្នកឧកញ៉ា គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ គួច អេឌ្យូខេសិនបានមានប្រសាសន៍ថាអ្នកឧកញ៉ាមានមោទកភាពយ៉ាងខ្លាំងដែលក្រុមហ៊ុនរបស់អ្នកឧកញ៉ាត្រូវបានអនុញាតឲ្យឡើងលើផ្សារហ៊ុនដើម្បីបោះផ្សាយលក់ភាគហ៊ុនដល់សាធារណៈ​ជន ហើយក៏ជាក្រុមហ៊ុនរកស៊ីក្នុងវិស័យអប់រំដំបូងគេបង្អស់ដែលឡើងផ្សារហ៊ុន។

Meng3

អ្នកឧកញ៉ា បានមានប្រសាសន៍បន្តទៀតថាបងប្អូនពលរដ្ឋខ្មែរយើងដែលចូលរួមទិញហ៊ុនរបស់ក្រុមហ៊ុន ម៉េង លី ជេ. គួច អេឌ្យូខេសិនគឺចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជាដែលជាដំណើរវែងឆ្ងាយទៅមុខទៀតហើយយើងនឹងចូលរួមធ្វើទាំងអស់គ្នាដើម្បីកសាងសាលាឲ្យបានទៅដល់គ្រប់ខេត្តក្រុងទាំងអស់ដើម្បីឲ្យកូនខ្មែរយើងបានចូលរៀនសាលាដែលមានគុណភាពល្អគ្រប់ៗគ្នា។

Meng2

 ចំពោះការកៀគរតាមរយៈការឡើងផ្សារហ៊ុនបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈនេះ អ្នកឧកញ៉ា បានបង្ហើបថាក្រុមហ៊ុននឹងយកភាគហ៊ុនមកបោះផ្សាយចំនួន៥.៨%នៃភាគហ៊ុនសរុបដោយកៀគរទុនចំនួន១០លានដុល្លារ។ ចំពោះទឹកប្រាក់១០លានដុល្លារដែលបានពីការបោះផ្សាយលក់ភាគជាសាធារណៈនេះ ក្រុមហ៊ុននឹងយកទៅពង្រីកសាលាដើម្បីឲ្យកូនខ្មែរមានឱកាសទទួលបានការអប់រំជាមួយសាលាដែលមានគុណភាព។

Meng4

 ដើម្បីឲ្យសម្រេចគោលដៅក្នុងការពង្រីកសាលាឲ្យគ្រប់ខេត្តក្រុងទូទាំងប្រទេសកម្ពុជា អ្នកឧកញ៉ាបានបង្ហើបទៀតថាក្រោយពីឡើងផ្សារហ៊ុនកៀគរទុនហើយនោះ ក្រុមហ៊ុននឹងបន្តបោះលក់មូលបត្របំណុលក៏ដូចជាសហការជាមួយធនាគារផ្សេងៗរួមទាំងវិនិយោគិនក្រៅប្រទេសដើម្បីប្រមូលទុនមកពង្រីកសាលាជាបន្តបន្ទាប់។

គួរបញ្ជាក់ផងដែរថាតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន ម៉េង លី ជេ. គួច អេឌ្យូខេសិនក្នុងផ្សារដំបូង( IPO) មានតម្លៃ២,០៨០រៀលក្នុងមួយហ៊ុនហើយក្នុងផ្សារដំបូងគេតម្រូវឲ្យទិញចាប់ពី១០០ហ៊ុនឡើងទៅ។ សម្រាប់បងប្អូនដែលមានគណនីជួញដូរហើយ សូមចុចនៅទីនេះ ដើម្បីបំពេញពាក្យស្នើសុំទិញហ៊ុនលើអនឡាញ។

សម្រាប់បងប្អូនដែលថ្មីនិងមិនទាន់យល់ពីការវិនិយោគលើផ្សារហ៊ុន អាចតាមដាន Facebook page Toeuy Hong-ទឿយ ហុង និងចូលគ្រុបតេឡេក្រាម   https://t.me/toeuy_hong ដើម្បីស្វែងយល់ពីការវិនិយោគលើផ្សារហ៊ុនកាន់តែច្បាស់៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia