មែនទែនទៅពេលទិញផ្ទះមិនត្រឹមតែសិក្សាលម្អិតពីហិរញ្ញវត្ថុ ចំណាយនិងចំណូលរបស់ខ្លួនឯងតែមួយមុខនោះទេ គឺត្រូវសិក្សាពីគម្រោងបុរីដែលលោកអ្នកគ្រោងនឹងទិញផងដែរ ដើម្បីប្រាកដថា គម្រោងដែលលោកអ្នកគ្រោងទិញមិនមានបញ្ហា។
យ៉ាងណាដូចដែលលោកអ្នកបានឃើញអ៊ីចឹង កាលពីថ្មីៗន្លងទៅនេះ មានបញ្ហាជាច្រើនកើតឡើងនៅក្នុងវិស័យអចលនទ្រព្យ ជាពិសេសគឺរឿងទិញផ្ទះខុសតែម្តង ដោយអ្នកខ្លះទិញផ្ទះហើយទើបមានបញ្ហា ហើយខ្លះទៀតទិញមិនទាន់បានចូលនៅផងក៏មានបញ្ហាក៏មាន ។ ខណៈបញ្ហានេះបានធ្វើឱ្យបងប្អូនមិនតិចទេដែល ខាតបង់លុយ នឹងពេល វេលាផងដែរ។
ទាក់ទងនឹងរឿងរ៉ាវដ៏ស្មុកស្មាញខាងលើនេះផងដែរ ក្នុងនោះដែរ អ្នកស្រី គង់ ស្រីលក្ខណ៍ ដែលជាCEO អេមើរ៉ិល រេស៊ីដេន បានបង្ហើតិចនិចខ្លះៗដើម្បីឱ្យបងប្អូនទៅពិនិត្យមុនទិញផ្ទះនៅក្នុងបុរី៖
១.ម្ចាស់គម្រោង
ត្រូវគិតជាមុនថា តើអ្នកណាជាអ្នកអភិវឌ្ឍគម្រោងលំនៅឋាននោះ ដែលសំដៅលើបុរី តើម្ចាស់បុរីជាអ្នកណា មកពីណា ជាជនជាតិអ្វី និងមានប្រវត្តិយ៉ាងម៉េច ។ ដូចដែលបានដឹងហើយថា បុរីមានច្រើន ហើយបុរីទាំងអស់នោះ ក៏មិនប្រាកដថាម្ចាស់បុរីទាំងអស់សុទ្ធជាអ្នកមានទ្រព្យផ្ទាល់ខ្លួនមកវិនិយោគនោះទេ ជួនកាល ម្ចាស់បុរីអាចយកឥណទានពីធនាគារដើម្បីមកអភិវឌ្ឍន៍ក៏ថាបាន។
២.កិច្ចសន្យា
តម្លៃផ្ទះ និងលក្ខខណ្ឌបង់ប្រាក់ក៏ជាប្រការសំខាន់ណាស់ដែរដែលអ្នកទិញគួរតែពិនិត្យ និងជ្រើសរើសឱ្យបានត្រឹមត្រូវ ។ គម្រោងមួយចំនួន តម្លៃផ្ទះក៏ថ្លៃ លក្ខខណ្ឌបង់ប្រាក់ក៏តឹង បូករួមនឹងការប្រាក់ថ្លៃទៀត មិនសាកសមនឹងទីតាំង ។
៣. គុណភាពគម្រោង
ត្រូវមើលទីតាំងរបស់បុរីដែលចង់ទិញផងថា តើបុរីនោះមានប្រវត្តិលិចទឹកដែរទេ ស្ថិតនៅតំបន់មានសន្តិសុខដែរទេ អាចប្រកបអាជីវកម្ម ឬក៏នៅជិតតំបន់អាចប្រកបអាជីវកម្មដែរឬទេ ដូចជា នៅជិតផ្សារ សាលារៀន រោងចក្រសហគ្រាស និងមន្ទីរពេទ្យជាដើម ។ មានគម្រោងមួយចំនួនបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមិនត្រឹមត្រូវតាមស្តង់ដារបុរី ឬគម្រោងលំនៅដ្ឋានឡើយ ឧទាហរណ៍ត្រូវធ្វើផ្លូវត្រឹមតែ៦ម៉ែត្រ ឬត្រឹម៨ម៉ែត្រ ប៉ុន្តែមិនទុកចំណីផ្លូវមុខផ្ទះឡើយ គឺមានតែតួរផ្លូវ ៨ម៉ែត្រ រីឯផ្ទះធ្វើដល់គែមផ្លូវតែម្តង ឬសល់ត្រឹម១ម៉ែត្រដល់គែមផ្លូវតែម្តង ។ ចំណែកការអភិវឌ្ឍក្នុងគម្រោងវិញ យឺតយ៉ាវហួសពីការស្មាន ម្តងលើកទៅថ្ងៃនេះ ម្តងលើកទៅថ្ងៃនោះ ជាដើម។ មួយវិញទៀត ប្រព័ន្ធលូបង្ហូរទឹកក៏មិនបានរៀបចំត្រឹមត្រូវតាមស្តង់ដារ ។ នេះជាហេតុផលមួយដែលអ្នកទិញគួរពិនិត្យ ឱ្យបានច្បាស់លាស់មុនពេលទិញផ្ទះពីគម្រោងនោះ ៕