ពេលនិយាយទៅដល់ ផលិតផលសាប៊ូ និងគ្រឿងសម្អាង បងប្អូនខ្មែរយើងភាគច្រើនប្រហែលជាគិតថា ភាគច្រើននៃផលិតផលទាំងនោះត្រូវបាននាំចូលពីប្រទេសក្រៅ ដូចជា ប្រទេសថៃ កូរ៉េ ចិន និងអាមេរិកជាដើម រហូតធ្វើឱ្យប្រិយមិត្តមួយចំនួនធំគិតថានៅក្នុងប្រទេសខ្មែរពុំទាន់មានការផលិតផលិតផលបែបនេះនៅក្នុងស្រុកនៅឡើយទេ ទោះមានក៏មិនច្រើនដែរ។ ប៉ុន្តែផ្ទុយទៅវិញ កូនខ្មែរមួយរូបនេះកំពុងសង្ងំច្នៃស្ពៃ ធ្វើសាប៊ូ ជួយជីវភាពកសិករ ខណៈតម្លៃលក់១ដប ស្មើកាហ្វេ១កែវប៉ុណ្ណោះ។
យោងតាមតាមផេកហ្វេសប៊ុកផ្លូវការ អ្នកគ្រូ នុត សម្ផស្ស / Nut Samphois ផ្ទាល់បានឱ្យដឹងថា “ទីបំផុតអ្នកគ្រូអាចផលិតផលសាប៊ូផលិតចេញពីស្ពៃក្រញាញ់ធម្មជាតិខ្មែរតាមការសន្យាបានហើយ។ ដោយគម្រោងកែច្នៃសាប៊ូស្ពៃនេះត្រូវបានដឹកនាំដោយខ្លួនអ្នកគ្រូផ្ទាល់ ដោយមានការចូលរួមពី លោកស្រីបណ្ឌិត ហ៊ួង ពានី ព្រមទាំងក្រុមវិស្វករគីមីវ័យក្មេងប្រចាំអិលអេសវី និងនិស្សិតហាត់ការច្រើននាក់ទៀត។
អ្នកគ្រូបានបន្តទៀតថា ដើម្បីចូលរួមអបអរការកែច្នៃបន្លែស្ពៃក្រញាញ់ខ្មែរជាផលិតសាប៊ូបានសម្រេច និងដើម្បីចូលរួមជំរុញកសិផលខ្មែរ អ្នកគ្រូសូមផ្តល់ជូននូវតម្លៃពិសេសសម្រាប់ផលិតផលិតសាប៊ូដែលច្នៃពីស្ពៃក្រញាញ់នេះក្នុងតម្លៃត្រឹមតែ១០០០០រៀលតែប៉ុណ្ណោះ (សម្រាប់តែផលិតផលសាប៊ូស្ពៃប៉ុណ្ណោះ)។ តើសាប៊ូនេះមានចំណុចពិសេសអ្វីខ្លះ តស់មកដឹងទាំងអស់គ្នា។ ដោយក្នុងនោះរួមមាន៖
១. សាប៊ូដុំលាងមុខ៖ សាប៊ូដុំស្ពៃក្រញាញ់សម្បូរទៅដោយវីតាមីន A, C, និង E សារធាតុប្រឆាំងអុកស៊ីតកម្មដូចជា beta-carotene, flavonoids និង polyphenols ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនក្នុងការថែរក្សាស្បែក រួមទាំងការផ្តល់ផ្តល់សំណើម ការពារប្រឆាំងអុកស៊ីតកម្ម ប្រឆាំងនឹងការរលាក និងជំរុញដល់ការផលិតកូឡាជែន។ ប្រើជាប្រចាំក្នុងការថែរក្សាស្បែក សារធាតុចិញ្ចឹមរបស់ស្ពៃក្រញាញ់ធ្វើអោយស្បែកភ្លឺថ្លា តឹងណែន ពន្យារភាពចាស់របស់ស្បែក។
២. សាប៊ូទឹកដុសខ្លួនធម្មជាតិ៖ ត្រូវបានផ្សំឡើងពី ស្ពៃក្រញាញ់ និងអង្ករដំណើបដែលអាចជ្រាបចូលស្រទាប់ស្បែកយ៉ាងជ្រៅ ដើម្បីចិញ្ចឹមស្បែកបានល្អរាល់ពេលអ្នកងូតទឹក។ ប្រើជាប្រចាំថ្ងៃ សារធាតុចិញ្ចឹមរបស់ស្ពៃ និងអង្ករដំណើបនឹងជួយបង្កើតកោសិកាស្បែកថ្មី ពីស្រទាប់ខាងក្នុងដែលធ្វើអោយស្បែកសស្អាត។
សាប៊ូកក់សក់ៈ រូបមន្តដ៏ពិសេស ជាមួយនឹងសារធាតុផ្សំដ៏ល្អពីស្ពៃក្រញាញ់ ផ្សំជាមួយប្រេងដូងដែលបន្ទំតាមបែបធម្មជាតិ និងទឹកឃ្មុំព្រៃ ដែលជួយអោយសក់កាន់តែរឹងមាំ សរសៃសក់ក្រាស់មានទម្ងន់ និងភ្លឺរលោងដូចសរសៃសូត្រ ថែមទាំងជួយរក្សាសំណើមធម្មជាតិរបស់សក់ ដើម្បីការពារសក់ស្ងួត បែកចុង និងថែបំប៉នពីគល់រហូតដល់ចុងសក់។ ការរួមបញ្ចូលគ្នារវាងសារធាតុផ្សំធម្មជាតិដ៏ល្អជាច្រើន ទើបសាប៊ូស្ពៃ សម្អាតស្បែកក្បាលបានស្អាតល្អ និងធ្វើអោយអ្នកទទួលបានអារម្មណ៍ស្រស់ស្រាយជារៀងរាល់ថ្ងៃ។
សម្រាប់ប្រិយមិត្តដែលចាប់អារម្មណ៍ ឬចង់ដឹងពត៌មានបន្ថែមអាចធ្វើការទំនាក់ទំនងតាមរយៈផេក៖
LSV Industry Empress Cambodia ឬផេកផ្លូវការ OKA Cambodia៕