នាពេលថ្មីៗនេះរូបភាពនារីអប្សរាឈររាំ រេរាហត្ថាបង្អួតក្បាច់រាំដ៏ទន់ភ្លន់តំណាងជាតិខ្មែរ នៅលើភ្នំទឹកកកនៃប្រទេសញ៉ូហ្សែនលែន កញ្ញា សុគា គឹមលាង ដែលមានឈ្មោះហៅក្រៅថា Kon Ant ហាក់មានការគាំទ្រពីបងប្អូនខ្មែរជាច្រើន ថ្នាក់ដឹកនាំជាតិ ក៏ដូចជាព័ត៌មាននៅក្រៅប្រទេសផងដែរដែលបានចុះផ្សាយពីប្រធានបទនារីកម្ពុជារូបនេះឈររាំដោយមិនញញីតភាពត្រជាក់។
យ៉ាងណាមិញងាកដឹងពីប្រវត្តិក៏ដូចជាស្នាដៃការងារឆ្នើមៗ និងមុខជំនួញដែលកញ្ញាកំពុងកាន់កាប់ផងដែរ។ កញ្ញា សុគា គឹមលាង បានបញ្ចប់ការសិក្សាផ្នែករបាំបុរាណខ្មែរនៅសាលាមធ្យមវិចិត្រសិល្បៈក្នុងឆ្នាំ២០១៦ដែលជាជំនាញដែលខ្លួនស្រឡាញ់ចាប់តាំងពីវ័យ៩ឆ្នាំ ដោយសមត្ថភាព អមជាមួយរូបសម្រស់អំណោយផលពីធម្មជាតិ កញ្ញាក៏ចាប់ឱកាសក្លាយជាតារាដើរម៉ូដ សម្តែងរឿងអប់រំបែបព្រះពុទ្ធសាសនា និងធ្វើជាម៉ូឌែលផងដែរ។
មានវ័យជាងម្ពៃឆ្នាំ នាដការីរូបស្រស់ម្នាក់នេះបានសាងកេរ្ត៍ឈ្មោះនិងស្នាដៃថ្នាក់ជាតិចំនួន៣នេះ ដែលធ្វើឱ្យកញ្ញាកាន់តែមានភាពលេចធ្លោ៖
១. ជាតួអង្គទេពធីតានៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តដ៏ធំកាលពីឆ្នាំ២០១៨ នៅក្នុងខេត្តសៀមរាប។
២. ជាតួអង្គព្រះថោងសម្តែងបើកឆាក នៃព្រឹត្តិការណ៍ស៊ីហ្គេមប្រវត្តិសាស្រ្តកម្ពុជា កាលពីខែឧសភាឆ្នាំ២០២៣ និងពិធីបើកអាស៊ានប៉ារ៉ាហ្គេមផងដែរ ដែលជាអ្នកកាន់ទង់ជាតិសម្រាប់ប្រទេសវៀតណាមដែលជាសមាជិកចូលរួមប្រកួត។
៣. ជានាដការីខ្មែរទី១ ដែលនាំយកឈុត អប្សរាអង្គរកម្ពុជា ទៅបង្ហាញក្បាច់រាំលើភ្នំទឹកកកនៃប្រទេសលោកខាងលិច ( New Zealand )។
គួរជម្រាបផងដែរថាចំពោះមុខជំនួញរបស់តារាស្រីសិល្បៈបុរាណ-សម័យរូបនេះវិញរួមមានដូចជា លក់ទំនិញតាមអនឡាញនិងហាងភេសជ្ជៈមួយចំនួនផងដែរ៕
អត្ថបទដោយ៖ ពីង ជូអេង