ត្រៀមៗ! ក្រុមហ៊ុន ១២០ របស់ហុងកុងនឹងជួបពិភាក្សាទាក់ទងការរកស៊ី&វិនិយោគជាមួយអភិបាលខេត្ដកំពង់ស្ពឺ
Bunthoeun KoemMARCH 13 20235.8 K views

ជាដំណឹងដ៏រីករាយសម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកំពង់ស្ពឺ ខណៈអភិបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ថា ក្រុមហ៊ុនចំនួន ១២០ របស់ហុងកុងចង់ជួបពិភាក្សាទាក់ទងការរកស៊ី ក៏ដូចជាវិនិយោគនៅខេត្ដកំពង់ស្ពឺ ខណៈនាចុងខែមីនានេះរដ្ឋបាលខេត្ដនឹងដឹកនាំគណៈប្រតិភូជួបពិភាក្សាផងដែរ។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម  វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣។

ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ ឯកឧត្តមបានបញ្ជាក់យ៉ាងដូច្នេះថា «គេល្បីល្បាញខេត្ដកំពង់ស្ពឺយើងជាខេត្ដដែលត្រូវមករកស៊ីនៅហ្នឹង។ ខ្ញុំនឹងដឹកនាំគណៈប្រតិភូទៅទីក្រុងហុងកុង ដែលមានមន្ទីរពាណិជ្ជកម្ម ហើយនិងមន្ទីរផ្សេងៗអ្នកពាក់ព័ន្ធបួនប្រាំមន្ទីរទៅជាមួយខ្ញុំ។ យើងនៅក្នុងហ្នឹងអត់ដឹងទេ ហើយអ្នកដែលចង់ជួប ១២០ ក្រុមហ៊ុនដែលត្រូវជួបខ្ញុំ»។

334828434 523380796631469 7309756961960997718 N

បើតាមការបញ្ជាក់ពីបន្ថែមពីឯកឧត្ដមអភិបាលខេត្ដ ការអញ្ជើញដឹកនាំគណៈប្រតិភូខេត្ដទៅជួបពិភាក្សាការងារនៅក្នុងទីក្រុងហុងកុងជាមួយក្រុមហ៊ុន ១២០ នេះ នឹងធ្វើឡើងនៅថ្ងៃទី៣១ ខែមីនា រហូតដល់ថ្ងៃទី២ ខែមេសាខាងមុខនេះ។

នៅក្នុងឱកាសនោះដែរឯកឧត្ដម វ៉ី សំណាង ក៏បានលើកឡើងពីកិត្ដិយសធំៗចំនួន ៣ ដែលខេត្ដកំពង់ស្ពឺទទួលបាននៅក្នុងឆ្នាំនេះផងដែរ ដែលក្នុងនោះរួមមាន៖

១.រក្សាបានភូមិឃុំដែលអស់មីន

២.រក្សាតំណែងរំដួលពីរទង

៣.ជាខេត្តដែលទទួលបាន (ODF) បញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល។

គួរបញ្ជាក់ផងដែរថា ខេត្តកំពង់ស្ពឺជាខេត្តដែលមានសក្ដានុពល ក្នុងការទាក់ទាញគម្រោងវិនិយោគ ជាពិសេសគម្រោងវិនិយោគលើឧស្សាហកម្ម។ ជាក់ស្ដែងក្នុងរយៈពេលជាង២ខែដើមឆ្នាំ ២០២៣នេះ កំពង់ស្ពឺជាខេត្តដែលទទួលបានគម្រោងវិនិយោគអនុម័ត ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ច្រើនជាងគេរហូតដល់១២គម្រោង និងមានទឹកប្រាក់វិនិយោគជាង១០០លានដុល្លារនិងបានបង្កើតការងាររាប់ពាន់កន្លែងផងដែរ៕

អត្ថបទដោយ៖ ឌឿក ស្រី​នុត

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia