ចាប់តាំងពីថ្ងៃបើកការដ្ឋានសាងសង់រហូតមកដល់បច្ចុប្បន្ន គិតត្រឹមថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣នេះ ការដ្ឋានសាងសង់ស្ពានខ្សែកាបកោះពេជ្រ-កោះនរា សម្រេចលទ្ឋផលបាន ៦២% ហើយ តាមផែនការ គម្រោងនេះ នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៣នេះ ។ នេះបើយោងតាមការចេញចុះផ្សារគេហទំព័រ មន្ទីសាធារណការ និងដឹងជញ្ជូន នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ។
ប្រភពខាងលើបានឱ្យដឹងថាស្ពាននេះ ជាការភ្ជាប់ចរាចរកណ្តាលរាជធានីភ្នំពេញទៅមកផ្លូវជាតិលេខ ១ ហើយនឹងកាត់បន្ថយការកកស្ទះចរាចរលើស្ពានព្រះមុនីវង្សទាំង២។ ខណៈស្ពានបេតុងថ្មីមួយនេះ ត្រូវបានបែងចែកការសាងសងជាពីរ ទីមួយសាងសង់ស្ពានខ្សែកាបភ្ជាប់ពីកោះពេជ្រ ទៅកាន់គម្រោងអភិវឌ្ឍន៍កោះនរា ចំណែកឯទី២ សាងសង់បន្តពីគម្រោងអភិវឌ្ឍន៍កោះនរា ទៅផ្លូវជាតិលេខ១។
គួរជម្រាបផងដែរថាស្ពានខាងលើនេះបានបើកការដ្ឋានសាងសង់តាំងពីខែតុលា ឆ្នាំ ២០២០ កន្លងមកនេះ គម្រោងខាងលើនេះ នឹងត្រូវចំណាយប្រាក់ប្រមាណ ៣៨លានដុល្លារអាមេរិក ដោយប្រើរយៈពេលសាងសង់៣៥ខែ និងសាងសង់ដោយក្រុមហ៊ុន OCIC៕
អត្ថបទដោយ៖ ឌឿក ស្រី នុត