ក្រុមហ៊ុនរបស់ប្រទេសកូរ៉េ JHSUSTAIN Inc. បច្ចុប្បន្នបាននិងកំពុងធ្វើការសិក្សា ដើម្បីសាងសង់ស្ពានកោះកុងថ្មី និងគម្រោងកែលម្អផ្លូវជាតិលេខ៤៨ តភ្ជាប់ពីគាល់ស្ពានក្រុងខេមរភូមិន្ទរហូតទៅដល់ព្រំដែនភាគខាងលិចនៃប្រទេសកម្ពុជា។ នេះបើយោងតាមការបញ្ជាក់ពីរដ្ឋបាលខេត្ដកោះកុង កាលពីពេលកន្លងទៅនេះ។
គម្រោងស្ពានថ្មីនេះគឺមានប្រវែង ១៧០០ម៉ែត្រ មានទទឹងប្រវែង ១០ម៉ែត្រ (២គន្លងគន្លងទៅមក) ព្រមទាំងមានផ្លូវថ្មើជើងទទឹងជាង ២ ម៉ែត្រផងដែរ។ បន្ថែមលើនេះ កំណាត់ផ្លូវជាតិលេខ៤៨ ដែលនៅសេសសល់ប្រវែង ៧,៨ គីឡូម៉ែត្រ តភ្ជាប់ពីគល់ស្ពានកោះកុងទៅដល់ព្រំដែនកម្ពុជាថៃ ក៏នឹងត្រូវកែលម្អទៅជាផ្លូវក្រាលបេតុង មាន៤គន្លង និងមានសួនច្បារចំកណ្ដាលថែមទៀតផង។ ខណៈគម្រោងនេះគ្រោងនឹងចំណាយថវិកាប្រមាណ ១១៤ លានដុល្លារ ដែលជាហិរញ្ញប្បទានមកពីប្រទេសកូរ៉េ។
តាមការបញ្ជាក់ពីលោក លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ដកោះកុង កាលពីពេលកន្លងទៅបានឲ្យដឹងថា គម្រោងស្ពានកោះកុងថ្មីនេះ អាចនឹងចាប់ផ្ដើមបើការដ្ឋានសាងសង់នៅដើមឆ្នាំ២០២៦ ឬឆ្នាំ២០២៧។ លោកបន្ដថា នៅពេលគម្រោងស្ពាននេះ សម្រេចការសាងសង់រួចរាល់ នឹងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ ពាណិជ្ជកម្ម និងការធ្វើដំណើររបស់ប្រជាពលរដ្ឋបានកាន់តែងាយស្រួល និងសុវត្ថិភាព៕