ធ្លាប់បរទេសចម្អកពាក្យ១ម៉ាត់ ស្ថាបនិកសាប៊ូក្លិនច្នៃការឈឺចាប់ មកផលិតសាប៊ូចែកចាយពេញប្រទេស
Kan DaraAUGUST 22 2022378 views

ក្រុមហ៊ុនផ្តើមពីសេចក្តីស្រឡាញ់​! ជួនកាលការឈឺចាប់ជាមេរៀនមួយដែលធ្វើឱ្យមានការផ្លាស់ប្តូរ។ ដូចគ្នាទៅនឹងរឿងពិតមួយដែររបស់ស្ថាបនិក​សាប៊ូក្លិន លោក សាង ប៉េងគី យកពាក្យ១ម៉ាតដែលជាសំណួរចម្អកលាយឡំនិងចម្ងល់របស់ជនមបរទេសជាមិត្តមួយរូប បានកសាងយីហោខ្មែរ​រីកសាយលើទីផ្សារអស់រយៈពេលជាង៧ឆ្នាំ។

ថ្លែងក្នុងបទសម្ភាសន៍ដោយផ្ទាល់ជាមួយក្រុមការងារចាបក្រហម លោក ជា និមល អគ្គនាយករងនៃក្រុមហ៊ុនសាប៊ូក្លិន បានរៀបរាប់អំពីដំណើរប្រវត្តិរបស់ក្រុមហ៊ុនផលិតផលខ្មែរ មួយនេះប្រាប់ក្រុមការងារដោយក្តីរំភើបអំពីទឹកចិត្តជាតិនិយមរបស់ លោកអគ្គនាយក​សាង ប៉េងគី ទៅលើយីហោមួយនេះដែល បានបូជាទាំងកម្លាំងកាយចិត្តដើម្បីតែចង់ឃើញផលិតខ្មែរអាចចរាចរណ៍លើ ទីផ្សារកម្ពុជាឱ្យកាន់តែទូលំទូលាយថែមមួយកម្រិតទៀត។

លោកសាង ប៉េងគី អ្នកផ្ចួចផ្តើម​ផលិតផលសាប៊ូក្លិន គឺជាអាណិកជនខ្មែររស់នៅស្រុកបារាំងយូរមកហើយ មានឈាមជ័រជាកូនខ្មែរ និងមានបំណងមករស់នៅស្រុកខ្មែរវិញ។ ក្នុងឆ្នាំ២០១៥​ លោកក៏បានមកលេងមាតុភូមិកំណើតវិញជាមួយមិត្តភ័ក្តិជនជាតិកូរ៉េម្នាក់ និងបានដើរផ្សារលេងជាមួយគ្នា។ ក្នុងខណៈពេលនោះ ជនជាតិកូរ៉េរូបនោះបាន​សួរសំណួរមួយមកកាន់ស្ថាបនិក ដែលមានកំណើតពីខេត្តពោធិសាត៍រូបនេះយ៉ាងដូច្នេះថា ហេតុអ្វីប្រទេសអ្នកឯងអត់មានផលិតផលសរសេរអក្សរខ្មែរ?​ សូម្បីតែសាប៊ូលាងចាន? លោកក៏មិនដឹងថាឆ្លើយថាយ៉ាងម៉េចបានត្រឹមតែគិតថាលោកគួរតែធ្វើអ្វីម្យ៉ាងដើម្បីផលិតផលក្នុងស្រុកហើយ។

បន្ទាប់ពីនោះលោកនិងមិត្តជនជាតិកូរ៉េម្នាក់នោះ​បានមូលមតិគ្នាក្នុងការផលិតសាប៊ូថែរក្សាសក់និងរាងកាយនេះឡើងដោយយករូបមន្តពី​ ប្រទេសកូរ៉េដើម្បីតំឡើងនៅស្រុកខ្មែរ។​ បន្ទាប់ពីនោះ​ការគៀរគរទុនដំបូងហាក់មិនសូវមានការចាប់អារម្មណ៍ពីអ្នកចូលរួមឡើយ ប៉ុន្តែលោកនៅតែក្លាហានបង្កើតក្រុមហ៊ុនមួយនេះឡើង។ កាលពីដំបូងឡើយផលិតផលមួយនេះពិបាករស់ក្នុងទីផ្សារណាស់ដោយសារការសរសេរអក្សរខ្មែរនៅលើដបសាប៊ូ។ ប៉ុន្តែព្រោះតែឆន្ទៈនៃសហគ្រិនរូបលោកបានធ្វើគ្រប់យ៉ាងជាមួយផលិតផលនេះ ដើម្បីទទួលបានការជឿជាក់ពីអតិថិជននិងបានចែកចាយផលិតផលពេញប្រទេស ព្រមទាំងមានបំណងនាំចេញទៅក្រៅប្រទេសផងដែរ។

ជាចុងក្រោយ លោក ជា និមល ដែលជា​ អគ្គនាយករង និងជាក្នុងនាមលោកជាអ្នកកាន់កាប់ក្រុមហ៊ុនមួយនេះ​ បានបេ្តជ្ញាចិត្តយ៉ាងមុតមាំងថា​ ខ្ញុំនឹងព្យាយាមប្រឹងប្រែងដើម្បីផលិតផលខ្មែរមួយនេះអាចឈរជើងនៅលើទីផ្សារតជំនាន់ និងកាន់តែមានគុណភាពល្អមិនឱ្យចាញ់ផលិតផលនាំចូលនោះទេ

គូសបញ្ជាក់ផងដែរថា​ ក្រុមហ៊ុនសាប៊ូក្លិន នឹងមានវត្តមានចូលរួមក្នុងកម្មវិធីពិព័រណ៌មុខរបរដែលរៀបចំដោយក្រុមការងារ Business Cambodia នៅថ្ងៃទី២៩ និង ទី៣០ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ ។ ដូច្នេះសម្រាប់លោកអ្នកដែលមានបំណងចង់ចូលរួម សូមទំនាក់ទំនងចុះឈ្មោះតាមរយៈលេខ៖ 081 688 228 (ចំនួនមានកំណត់)៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia