បច្ចុប្បន្នទីផ្សារទឹកដោះគោនៅកម្ពុជា កំពុងមានទីផ្សារល្អមែនទែន ជាពិសេសទឹកដោះគោដែលផលិតនៅក្នុងស្រុក។ ជាក់ស្ដែងក្រុមហ៊ុន Khmer Fresh Milk បច្ចុប្បន្នបាននិងកំពុងមមាញឹកក្នុងការផលិតដើម្បីផ្ដត់ផ្គង់ទីផ្សារមួយផ្នែកផងដែរ។ តាមការបញ្ជាក់ លោក ឈរ រិទ្ធី នាយកប្រតិបត្តិក្រុមហ៊ុន Khmer Fresh Milk បានឱ្យដឹងថា បច្ចុប្បន្នកសិដ្ឋានគិរីសួគ៌ មានសមត្ថភាពផលិតទឹកដោះគោស្រស់បានចន្លោះពី ១២,០០០ ទៅ ១៥,០០០ លីត្រ ក្នុងមួយថ្ងៃ ដែលផ្គត់ផ្គង់បានប្រមាណ ២០ ភាគរយនៃចំណែកទីផ្សារប្រទេសកម្ពុជា។
ការបញ្ជាក់ខាងលើរបស់លោក ឈរ រិទ្ធី ធ្វើឡើងនៅក្នុងឱកាសដែល ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តតាកែវ ចុះសិក្សាស្វែងយល់អំពីសង្វាក់ផលិតកម្ម ផលិតទឹកដោះគោស្រស់ របស់ក្រុមហ៊ុន Khmer Fresh Milk Co., Ltd. ដែលមានទីតាំងស្ថិតនៅភូមិឱភាសាំង ឃុំកណ្ដឹង ស្រុកបាទី នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានថ្លែងកោតសរសើរយ៉ាងខ្លាំងចំពោះ កសិដ្ឋានគីរីសួគ៌ ដែលប្រើប្រាស់ បច្ចេកទេសកសិកម្មទំនើបក្នុងការចិញ្ចឹមគោ និងផលិតទឹកដោះគោស្រស់ ប្រកបដោយគុណភាព និងអនាម័យខ្ពស់ ហើយជាស្នាដៃកូនខ្មែរពិតៗ។
កសិដ្ឋានគិរីសួគ៌ (Kirisu Farm) មានទំហំសរុបប្រហែល ៣០០ ហិកតា។ កសិដ្ឋាននេះត្រូវបានគេស្គាល់ថាជាកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគោដ៏ធំ និងទំនើបបំផុតនៅក្នុងប្រទេសកម្ពុជា។ ផ្ទៃដីដ៏ធំនេះត្រូវបានប្រើប្រាស់ទាំងសម្រាប់ការចិញ្ចឹមគោ និងសម្រាប់ដាំដំណាំធ្វើចំណីសត្វផងដែរ។ ហើយបច្ចុប្បន្ននេះក្រៅពីទឹកដោះគោស្រស់ (Fresh milk), ក្រុមហ៊ុនក៏មានផលិតជា យ៉ាអួ (Yoghurt) និងប៊័រ (Butter) ផងដែរ។ សម្រាបលោកអ្នកដែលចង់ទិញផលិតផលទាំងនេះយកទៅលក់បន្ដសូមទាក់ទងលេខទូរស័ព្ទ 070 433 555 ឬហ្វេសប៊ុកផេក Kirisu Farm ៕