តារាសម្តែងស្រី ក្នុងខ្សែភាពយន្តកូរ៉េដ៏ល្បី Exhuma បានក្លាយជាតារាល្បីតាមក្តីស្រមៃ ព្រោះរឿង១នេះ
Ping Chou EngAPRIL 23 20241.3 K views

ខ្សែភាពយន្តរបស់ប្រទេសកូរ៉េខាងត្បូងដែលមានចំណងជើងថា Exhuma ដែលមានតារាសម្តែងស្រីដ៏ល្បីឈ្មោះ ស្រស់សោភា ដើរជាតួឯកគឺអ្នកនាង Kim Go-eun ហាក់មានភាពល្បីល្បាញខ្លាំងនាមួយរយៈចុងក្រោយ និងធ្វើឱ្យខ្សែភាពយន្តនេះអាចទាញចំណូលបានប្រមាណ ៩៣.១លានដុល្លារ នៅជុំវិញពិភពលោក ព្រមទាំងក្លាយជាភាពយន្តកូរ៉េខាងត្បូងដែលរកចំណូលបានខ្ពស់បំផុតក្នុងឆ្នាំ ២០២៤ ។

ក្រឡកមកដឹងអំពីប្រវត្តិនិងអាជីពការងាររបស់តារាស្រី Kim Go-eun វិញដែលនាងបានកើតក្នុងថ្ងៃទី ០២ ខែកក្កដា ឆ្នាំ១៩៩១ សញ្ជាតិជាតិកូរ៉េខាងត្បូង ខណៈពេលអាយុ៣ឆ្នាំ​នាង​បាន​ផ្លាស់​ប្តូ​រ​ទៅរស់នៅ ទីក្រុងប៉េកាំង ប្រទេស​ចិន​ជាមួយ​ក្រុម​គ្រួសារ​​អស់​១០​ឆ្នាំ ដែល​ជាហេតុធ្វើឱ្យតារាស្រីវ័យ៣២ឆ្នាំរូបនេះ ចេះ​និយាយភាសាចិន​កុកងឺ យ៉ាងស្ទាត់ជំនាញ។

ការរស់នៅប្រទេសចិន​រហូតដល់វ័យជំទង់ ដោយជក់ចិត្តជាមួយខ្សែភាពយន្តចិនរបស់អ្នកដឹកនាំរឿងចាស់វស្សាគឺលោក Chen Kaige បានធ្វើឱ្យយុវតីរូបនេះដឹងថាខ្លួននាងមានក្តីស្រមៃចង់ក្លាយជាតារាល្បីឈ្មោះ និងជាផលិតករភាពយន្តដ៏ពេញនិយម ធ្វើឱ្យនាងសម្រេចចិត្តចាកចេញពីប្រទេសចិន ទៅកាន់ទីកំណើតវិញ ដើម្បីចូលរៀន​វិទ្យាល័យសិល្បៈ Kaywon និងបានបន្តការសិក្សានៅសាកលវិទ្យាល័យ Korea National of Arts។

ដោយឧបនិស្ស័យជាអ្នកស្រឡាញ់និងរៀនសូត្រអំពីសិល្បៈ និងតែងតែហ្វឹកហាត់ជំនាញរបស់ខ្លួនជាតួសម្តែងផង Kim Go-eun ត្រូវបានអ្នកដឹកនាំរឿងជនជាតិកូរ៉េម្នាក់គឺលោក Jung Ji-woo ជ្រើសឱ្យនាងសម្តែងនៅក្នុងខ្សែភាពយន្តរបស់ខ្លួនដែលមានចំណងជើងថា Eungyo ដោយភាពស្រពិចស្រពិល ធ្វើឱ្យ Kim Go-eun បានបង្ហាញសមត្ថភាពខ្លួនជាលើកដំបូង នាឆ្នាំ២០១២ ជាស្នាដៃដំបូងដែលធ្វើឱ្យនាងបានល្បីឈ្មោះនិងទទួលបានពានរង្វាន់តារាសម្តែងជើងថ្មីល្អបំផុតប្រចាំប្រទេសកូរ៉េខាងត្បូង។

ថ្វីត្បិតតែរៀនសិល្បៈ តែតារាស្រីរូបនេះពុំដែលសម្តែងនៅក្នុងភាពយន្តផ្លូវការណាមួយឡើយ សូម្បីតែជាតួអង្គតូចតាច នាង​ធ្លាប់​តែ​សម្តែង​ក្នុង​ផលិតកម្ម​សិស្ស ឬ​រឿងដែលសាលាដាក់ឱ្យ​ប៉ុណ្ណោះ តែគឺនាងបានជួបអ្នកដឹកនាំរឿងលោក Jung Ji-woo តាមរយៈរង្វង់មិត្តភ័ក្តិ ហើយអ្នកដឹកនាំវ័យ៥៥ឆ្នាំរូបនេះ ពេញចិត្តនឹងទេពកោសល្យរបស់នាង ក៏ឱ្យនាងសាកល្បងការងារ ដោយធ្លាប់លើកឡើងថា៖“ Kim Go-eun ជាមនុស្សចង់ដឹងចង់ឃើញ និងក្លាហានតាមធម្មជាតិរបស់នាង មានភាពរឹងមាំនិងមិនទទួលឥទ្ធិពលអ្វីងាយៗឡើង ហើយនាងក៏មិនធ្វើរឿងណាមួយ ដោយសារតែអ្នកផ្សេងធ្វើនោះទេ”។

ចាប់តាំងពីតារាស្រី Kim Go-eun ក្លាយជាតារាល្បីឈ្មោះចំពោះរឿងស្នាដៃទី១របស់ខ្លួន នាងក៏បានផ្អាកការថតកុន ប្រមាណជាង២ឆ្នាំដែរ​ ដើម្បីសំងំបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រសិល្បៈទើបវិលចូលសិល្បៈវិញនិងបន្តថតភាពយន្តផ្សេងៗ ដែលធ្វើឱ្យនាងកាន់តែមានកេរ្តិ៍ឈ្មោះបោះសំឡេងខ្លាំងឡើងៗ។

គិតត្រឹមឆ្នាំ២០២៤តារាស្រីរូបនេះ បានសម្តែងភាពយន្តដុំជាង១០រឿងហើយ ក្នុងអាជីពជាង១០ឆ្នាំរបស់នាង ខណៈទ្រព្យសម្បត្តិរបស់នាងត្រូវបានគេប៉ាន់ស្មានថាមានចំនួនជាង៥លានដុល្លារក្នុងឆ្នាំ២០២១ ដោយនាងតែងធ្វើការបរិច្ចោគទឹកប្រាក់ធ្វើសប្បុរសធម៌ជានិច្ចជាកាល។  

យ៉ាងណាមិញតាមរយៈប្រវត្តិរបស់តារាស្រី អ្នកនាង Kim Go-eun បានបង្ហាញឱ្យឃើញគុណតម្លៃអប់រំសម្រាប់អ្នកអានថាការដែលមនុស្ស មានគោលដៅច្បាស់លាស់ ផ្សំនឹងការដុសខាត់ហ្ចឹកហាត់រៀនសូត្រចំណេះជំនាញដែលខ្លួនមានឱ្យរឹងមាំនិងខ្លាំងក្លា ពិតជាអាចសម្រេចក្តីស្រមៃឱ្យក្លាយជាការពិតបាន​៕

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia