ព្រោះរវល់នឹងការងារពេក ឪពុកម្តាយមួយចំនួន បានបណ្តោយឲ្យកូនលេងទូរស័ព្ទរាប់ម៉ោង ខណៈខាងក្រោមនេះ គឺជាជំងឺកាចសាហាវទាំង៣ ដែលក្មេងអាចនឹងប្រឈម យោងតាមការសិក្សាផ្នែកវិទ្យាសាស្ត្រ៖
១/. ជំងឺផ្លូវចិត្តធ្ងន់ធ្ងរ៖ អ្នកស្រីវេជ្ជបណ្ឌិត Sabine Duflo គ្រូពេទ្យជំនាញចិត្តវិទ្យាគ្រួសារ បានលើកឡើងថា ការលេងប្រព័ន្ធសង្គម នឹងធ្វើឱ្យក្មេងកាន់តែមានអារម្មណ៍ឯកា។ ហើយបើក្មេងមាននិស្ស័យ ឬអាការៈថប់បារម្ភស្រាប់ អារម្មណ៍នេះនឹងកាន់តែលេចធ្លោខ្លាំង និងធ្ងន់ធ្ងរឡើង។ បើជាអ្នកធ្លាប់មានវិបត្តិផ្លូវចិត្ត ជំងឺធ្លាក់ទឹកចិត្ត អាការៈជំងឺនោះនឹងកាន់តែធ្ងន់។ បានន័យថា ធ្លាប់ឈឺអ្វីជំងឺនោះកាន់តែធ្ងន់ធ្ងរទ្វេរដង។
២/. ខូចត្រចៀក៖ ការស្ដាប់សំឡេងចេញពីទូរស័ព្ទឮខ្លាំងៗ និងមានរយៈពេលយូរ គឺជាបញ្ហាដ៏ធ្ងន់ធ្ងរមួយ ដែលធ្វើឲ្យសមត្ថភាពនៃការស្ដាប់ធ្លាក់ចុះ ឬមានជំងឺថ្លង់។ តាមរបាយការណ៍របស់វិទ្យាស្ថានជាតិសុខភាព NIH បានបង្ហាញថា ប្រជាជនអាមេរិកប្រមាណ ២៦លាននាក់ ជួបបញ្ហាត្រចៀកស្ដាប់មិនសូវបាន (ថ្លង់) ដែលទទួលរងការប៉ះពាល់ដោយសារសំឡេងចេញពីទូរស័ព្ទ។
៣/. ជំងឺមមើលមមាយ៖ លោកវេជ្ជបណ្ឌិត Michael Breus ដែលមានជំនាញផ្នែកនេះបាននិយាយថា នៅពេលដែលក្មេងសម្លឹង និងដាក់អេក្រង់ Smartphone ឬ Tablet កាន់តែកៀកទៅនឹងផ្ទៃមុខ នោះវានឹងប្រាប់ទៅកាន់រាងកាយឲ្យឈប់ផលិតអរម៉ូនម៉េឡានីន ដែលនឹងធ្វើឲ្យក្មេងមិនមានអារម្មណ៍ថាងងុយគេង ឬពេលគេងលក់ចេះតែមមើលមមាយផ្តេសផ្តាស។
គួរជម្រាបផងដែរថា ការសិក្សាបានរកឃើញថា ត្រឹមអាយុ២ឆ្នាំ ទារកដែលចំណាយពេលរហូតដល់៤ម៉ោងក្នុងមួយថ្ងៃ នៅមុខអេក្រង់ទូរស័ព្ទ ឬ iPad ប្រឈមនឹងការអភិវឌ្ឍយឺតយ៉ាវផ្នែកទំនាក់ទំនង និងការដោះស្រាយបញ្ហាច្រើនជាងក្មេងធម្មតាចំនួន៣ដង ខណៈពេលកុមារដែលចំណាយ៤ម៉ោង ឬច្រើនជាងនេះ អាចប្រឈមនឹងបញ្ហាអភិវឌ្ឍន៍យឺតយ៉ាវរហូតដល់ ៥.៧៨ដង នៅពេលដែលក្មេងមានវ័យកាន់តែច្រើន។ ដូច្នេះសូមឪពុកម្តាយ ឬអាណាព្យាបាល កុំធ្វេសប្រហែសឲ្យសោះ ចៀសវាងមានការស្តាយក្រោយនាថ្ងៃខាងមុខ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook