ដំណឹងរីករាយ នៅពេលឆាប់ៗខាងមុខនេះ រាជធានីភ្នំពេញនឹងមានសណ្ឋាគារលំដាប់ថ្នាក់ផ្កាយ៥ ដ៏ប្រណិតមួយបង្ហាញខ្លួនឡើង ខណៈកាលពីពេលថ្មីៗនេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុន “KHOU TOWER CO., LTD” សម្រាប់ការបង្កើតគម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ មួយមាន ២៣៧ បន្ទប់ និងទុនវិនិយោគតម្លៃ ៨៤,៥ លានដុល្លារអាមេរិក។
បើតាមការបញ្ជាក់របស់ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០២៣ នេះបានឱ្យដឹងថា គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ ៥ ខាងលើនេះ មានទីតាំងវិនិយោគស្ថិតនៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស (៩៣) កែងផ្លូវលេខ ៨៨ និងលេខ ៧៥ ភូមិ៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលអាចបង្កើតការងារបានចំនួន ៨៥៥កន្លែង។
គូសបញ្ជាក់ផងដែរថា ក្រៅពីគម្រោងវិនិយោគសណ្ឋាគារលំដាប់ថ្នាក់ផ្កាយ៥ មួយនេះ កម្ពុជាក៏មានគម្រោងវិនិយោគចំនួន ១២ ផ្សេងទៀតសរុបតម្លៃជាង ៤០០ លានដុល្លារ ត្រៀមបង្ហាញខ្លួនព្រមគ្នាជាមួយនឹងសណ្ឋាគារផងដែរ ខណៈគម្រោងទាំង១២នោះក៏ទទួលបានការអនុញ្ញាតសាងសង់ដោយ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារួចរាល់ហើយដែរ៕