កូនខ្មែរ៣រូប ជានិស្សិតអាហារូបករណ៍ សាលាល្បីៗនៅបរទេស ប្រាប់គន្លឹះទៅរៀនក្រៅប្រទេស
Kan DaraAPRIL 3 2023481 views

មនុស្សជាច្រើន មានក្តីស្រមៃចង់ទៅរៀនបន្តនៅបរទេស ប៉ុន្តែដោយសារបញ្ហាលុយកាក់ បញ្ហាភាសានិងបញ្ហាកម្រិតសិក្សា ជាហេតុផលធ្វើឱ្យបងប្អូនមួយចំនួនមិនមានឱកាសដើរតាមក្តីស្រមៃ។ ដូច្នេះថ្ងៃនេះដែរ យើងសូមលើកយកនូវសាច់រឿងនិងគន្លឹះ ទៅរៀននៅបរទេស របស់និស្សិតអាហារូបករណ៍សាលាល្បីៗចំនួន៣រូប ដែលជាកូនខ្មែរ។

នៅពីក្រោយវាំងននពណ៌ក្រហម នៅលើវេទិកាចំពោះមុខមនុស្សរាប់រយនាក់ គ្រាប់ពូជខិតខំ គ្រាប់ពូជឧស្សាហ៍ព្យាយាម គ្រាប់ពូជនៃការស្រឡាញ់ការសិក្សារៀនសូត្រគឺជាស្ពានចម្លងទៅរកអនាគតដ៏ភ្លឺស្វាង។ យ៉ាងណាមិញខាងក្រោមនេះគឺជាសាច់រឿងក៏ដូចជាបទពិសោធន៍និងគន្លឹះខ្លះៗរបស់និស្សិតខ្មែរទាំង៣រូបក្នុងយកអាហារូបករណ៍ទៅរៀននៅបរទេស។

. លោក ពេជ្រ ចន្ទ្រា ហៅ មូន ពេជ្រ

សាច់រឿងរបស់លោកមូនពេជ្រ ប្រហែលជាបងប្អូនមួយចំនួនធ្លាប់ជ្រាបច្បាស់រួចមកហើយ និស្សិតដែលបញ្ចប់ការសិក្សាពីបណ្ឌិតសភាយោធាអាមេរិក Navy Academy សាកលវិទ្យាល័យដែលពិបាកចូលរៀនបំផុតមួយ គឺផ្តើមចេញពីក្មេងឃ្វាលគោដោយយកខ្សែចងគោ និងក្រម៉ាជាទុន ក្នុងការចាប់យកអាហារូបករណ៍តម្លៃជាង៩០ម៉ឺនដុល្លាររបស់សាលាយោធាអាមេរិកដ៏ល្បី​និងតឹងរឹង១នេះ ហើយខាងក្រោមនេះគឺជាគន្លឹះក្នុងដែលលោកអាចទទួលបានអាហារូបករណ៍នេះ

. ស្នើសុំបែបបទ និងដាក់ពាក្យទៅស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ចំពោះដំណឹងនិងធ្វើការផ្សាយរៀងរាល់ឆ្នាំតាមរយៈគេហទំព័រផ្លូវការរបស់ស្ថានទូតនៅដើមខែកញ្ញា សម្រាប់ពេលកន្លងមក​ ។

. កម្រិតវប្បធម៌ ចប់មធ្យមសិក្សាទុតិយភូមិ ឬបរិញ្ញាបត្រ តេស្តភាសា​អង់គ្លេស​កម្រិត​ TOEFL លំដាប់ពិន្ទុ ៩.០ឡើងទៅ រួមជាមួយការប្រឡងគណិត​វិទ្យា និងវិទ្យាសាស្រ្ត។

. កញ្ចប់អាហារូបករណ៍អាចមានតម្លៃ៩០ម៉ឺនដុល្លារ សិក្សាមួយចប់ឆ្នាំ(៤ឆ្នាំ) រួមផ្សំជាមួយធានារ៉ាប់រងគ្រប់យ៉ាង។

. ការប្រឡងប្រជែងមានលក្ខណៈតឹងរឹងខ្លាំង និងទាមទារឱ្យមានឆន្ទៈខ្ពស់។

. ការសរសេរលិខិតណែនាំទៅកាន់សាលា និងឆ្លងកាត់ការវាយតម្លៃមួយចំនួន។

.កញ្ញា សេង រ័ត្នសេដ្ឋាមុនី

កញ្ញាគឺជាអតីតសិស្សនិទ្ទេស A​ ថ្នាក់ទី១២ ឆ្នាំ២០១៨ ​និងជាសិស្សឆ្នើមមួយរូបនៅសកលវិទ្យាល័យមួយនៅភ្នំពេញ បច្ចុប្បន្នកញ្ញាគឺជានិសិ្សតអាហារូបករណ៍នៅសហរដ្ឋអាមេរិក លើជំនាញគ្រប់គ្រងពាណិជ្ជកម្ម។ កញ្ញាតែងតែចែករំលែកអំពីរបៀបក្នុងការសិក្សា និងរបៀបចាប់យកអាហារូបករណ៍ពីសាលាល្បីៗនៅជុំវិញពិភពលោក ហើយគន្លឹះធំបំផុតរបស់កញ្ញាមិនត្រឹមតែត្រូវរៀនឱ្យពូកែយកនិទ្ទេសល្អនោះទេ ប៉ុន្តែត្រូវចំណាយពេលធ្វើការងារស្ម័គ្រចិត្តឱ្យច្រើនតាមដែលអាចធ្វើទៅបាន និងអាចស្រាវជ្រាវរកអាហារូបករណ៍ជាច្រើន ហើយរៀនត្រៀមអំពីបួកនោះ មុនដាក់ពាក្យស្នើសុំ។

. លោក វីវីដ

យុវជនឆ្នើម​វ័យ២៦ឆ្នាំមួយរូប ដែលជានិស្សិតធ្លាប់វង្វេងគោលដៅ ក្លាយខ្លួនជានិស្សិតអាហារូបករណ៍ទៅជាង១០ប្រទេស លោក វីវីដ គឺជាយុវជនខ្មែរមួយរូបដែលបានធ្វើការឆ្លើយឆ្លងដោយផ្ទាល់ជាមួយប្រធានាធិបតីអាមេរិក លោក អូប៉ាម៉ា។

សម្រាប់លោកគិតថាការដាក់អាហារូបករណ៍នេះមិនមែនឱ្យតែមនុស្សពូកែសុទ្ធតែដាក់ទៅជាប់នោះទេ លោកបានលើកបានប្រាប់ថា មុនដាក់អាហារូបករណ៍ត្រូវហ៊ាន ប្រឈមមុខជាមួយភាពបរាជ័យ ចេះត្រៀមខ្លួនឱ្យបានល្អ និងត្រូវស្វែងរកជំនួយពីរៀមច្បង។ ជាក់ស្តែងសម្រាប់បទពិសោធន៍របស់លោកផ្ទាល់ មុននឹងទទួលបានអាហារូបករណ៍ទៅរៀនជាង១០នេះ រូបលោកក៏ធ្លាប់ធ្លាក់មិនក្រោម១០ដងនោះទេ ប៉ុន្តែលោកដាច់ខាតមិនរាថយឡើយ៕

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia