សព្វថ្ងៃផលិតផលសាប៊ូ និងគ្រឿងសម្អាងត្រូវបាននាំចូលច្រើនពីបរទេសច្រើនដូចជា ប្រទេសថៃ កូរ៉េ ចិន និងអាមេរិកជាដើម រហូតធ្វើឱ្យប្រិយមិត្តមួយចំនួនធំគិតថានៅក្នុងស្រុកពុំទាន់មានការផលិតនៅឡើយ ហើយបើទោះបីជាផលិតក៏មិនបានច្រើនមុខដែរ។ ប៉ុន្តែផ្ទុយទៅវិញកូនខ្មែរយើងកំពុងសង្ងំផលិតផលិតផលទាំងនេះចូល១៤ឆ្នាំហើយ ខណៈបច្ចុប្បន្នក្រុមហ៊ុនអាចផលិតបានជាង១២០មុខ។
យោងតាមបទសម្ភាសន៍នៅក្នុងកម្មវិធី ក្តីស្រមៃខ្ញុំ របស់ Business Cambodia កញ្ញា រូន សុភីណា ដែលត្រូវបានគេស្គាល់ថាអ្នកសម្របសម្រួលផលិតនៅក្រុមហ៊ុន Bodia Spa Cambodia បានឱ្យដឹងថា ការផលិតសាប៊ូនិងគ្រឿងសម្អាងនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៩ ជាប្រភេទសាប៊ូដែលច្នៃចេញពីបន្លែផ្លែឈើធម្មជាតិពិតៗ គ្មានសារធាតុគីមីណាមួយដាក់លាយបញ្ចូលឡើយ ហើយជាផលិតផលក្នុងស្រុកទៀត។
កញ្ញាបានឱ្យដឹងទៀតថា ធម្មជាតិដែលយកមកធ្វើនោះរួមមាន ល្មាត គុលស្លឹកគ្រៃ ក្រូចសើច ក្រូចខ្វិច ក្រមួនឃ្មុំ ប្រេងល្ង ប្រេងដូង ធ្យូងសកម្ម ការហ្វេ និងអង្ករជាដើម ពោលគឺសុទ្ធសឹងតែធម្មជាតិដែលយើងអាចធ្វើជាអាហារបានទាំងអស់។ ហើយរាល់វត្ថុធាតុដើមទាំងនេះត្រូវបានយកទៅធ្វើតេស ដាក់ក្នុងឡាបូ និងពិនិត្យមើលជាច្រើនដំណាក់ការទម្រាំអាចក្លាយទៅជាផលិតផលថែរក្សាស្បែកសម្រេច។
ទន្ទឹមនេះដែរផលិតផលសម្រេច មានដូចជា សាប៊ូដុះខ្លួននិងកក់សក់ ស្រាប់ដុះខ្លួននិងមុខ ក្រេមលាបមាត់ ឡេថែរក្សាស្បែកដងខ្លួននិងមុខ ប្រេងម៉ាសា ប្រេងកូឡា និង Skin Care ជាច្រើនទៀត។ កញ្ញាបានបន្តទៀតថា មូលហេតុដែល Bodia Spa Cambodia បង្កើតរូបមន្តក៏ដូចជាផលិតផលនេះឡើង គឺចង់លើកស្ទួយនៅគ្រឿងផ្សំធម្មជាតិដែលមាននៅក្នុស្រុកស្រាប់ ហើយច្នៃទៅជារូបមន្ត ដែលផ្តល់ជាអត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់យើង ដោយមិនបារម្ភរឿងមានកន្ទួលរមាស់ឡើយ។
សូមជម្រាបផងដែរថា សព្វថ្ងៃប្រេនសាប៊ូ និងគ្រឿងសម្អាងដែលធ្វើឡើងដោយស្នាដៃកូនខ្មែរនេះ ត្រូវបានដាក់ជាច្រើនកន្លែងនៅក្នុងស្រុកខ្មែរ ខណៈកន្លែងធំមានដូចជា ហ្គាឌៀន និង You Care ជាដើម។ ស្របគ្នានេះដែរប្រសិនបើបងប្អូនចង់ធ្វើការជាងអាចធ្វើការទៅទីតាំងទាំងនេះបាន ឬក៏អាចឆាតមកផេកផ្ទាល់ក៏បាន គឺ Bodia Spa Cambodia៕