ក្រុមហ៊ុន Travelex ដែលជាយីហោផ្ដល់សេវាកម្មប្ដូរប្រាក់អន្តរជាតិបានសហការជាមួយធនាគារជាតិនៃកម្ពុជាដែលអនុញ្ញាតឲ្យប្រាក់រៀលខ្មែរដែលជារូបិយប័ណ្ណជាតិខ្មែរយើងអាចជួញដូរជាមួយរូបិប័ណ្ណអន្តរជាតិនៅព្រលានយន្តហោះ Changi នៃប្រទេសសិង្ហបុរី។
យើងតាមការចុះផ្សាយរបស់វេបសាយ The Payers បានឲ្យដឹងថាអតិថិជនអាចទិញលក់ប្រាក់រៀលខ្មែរនៅព្រលានយន្តហោះ Changi របស់សិង្ហបុរីក្នុងការផ្ដោះប្ដូរយ៉ាងទូលំទូលាយជាមួយនឹងរូបិយប័ណ្ណផ្សេងៗទៀតមានដូចជា ដុល្លារសិង្ហបុរី ដុល្លារអាមេរិក ដុល្លារអូស្រ្តាលី និងលុយយ៉េនជប៉ុនជាដើម។
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ធនាគាជាតិនៃកម្ពុជាបានខិតខំប្រឹងប្រែងលើកកម្ពស់ប្រាក់រៀលរបស់ខ្មែរដើម្បីរក្សាស្ថិរភាពនៃកំណើនសេដ្ឋកិច្ចជាតិ។ ជាក់ស្ដែងនៅឆ្នាំ២០២៣នេះ ធនាគារជាតិនៃកម្ពុជាបានភ្ជាប់ប្រព័ន្ធបាគងដែលជាបច្ចេកវិទ្យា blockchain ដំបូងក្នុងលោកក្នុងការបង្កើតការទូទាត់ឆ្លងព្រំដែនដោយមិនចាំបាច់ប្រើប្រាស់សាច់ប្រាក់សុទ្ធ ហើយទូទាត់ឆ្លងព្រំដែននេះធ្វើបានជោគជ័យធនាគារធនាគារកណ្ដលរបស់ថៃ។
ការសហការគ្នារវាងក្រុមហ៊ុន Travelex ជាមួយធនាគារជាតិនៃកម្ពុជាបានធ្វើឡើងបន្ទាប់ពីធនាគារជាតិនៃកម្ពុជាបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយអាជ្ញាធរគោលនយោបាយហិរញ្ញវត្ថុរបស់សុង្ហបុរីដើម្បីបង្កើតគំនិតផ្ដួចផ្ដើមតម្លាភាពនៃហិរញ្ញវត្ថុក្នុងគោលបំណងដើម្បីបង្កើតហេដ្ឋារចនាសម្ព័ន្ធឌីជីថលសម្រួលដល់ការធ្វើជំនួញឆ្លងព្រំដែនក៏ដូចជាសេវាហិរញ្ញវត្ថុទាក់ទងនឹងសហគ្រាសធនតូចនិងមធ្យមរវាងកម្ពុជានិងសិង្ហបុរី។
ចំពោះការសហការរវាងក្រុមហ៊ុន Travelex និងធនាគារជាតិនេះទៀតសោតមន្រ្តីរបស់Travelex បានឲ្យដឹងថានឹងជួយគាំទ្រប្រាក់រៀលខ្មែរដែលជារូបិយប័ណ្ណជាតិរបស់កម្ពុជាដោយអនុញ្ញាតឲ្យមានដូរប្ដូរប្រាក់រៀលនៅព្រមានយន្តហោះ Changi សិង្ហបុរីដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកទេសចរទៅនិងមកកម្ពុជាអាចប្ដូរប្រាក់រៀលបានយ៉ាងងាយស្រួល។
គួរបញ្ជាក់ផងដែរបច្ចុប្បន្នស្ថានភាពតម្លៃប្រាក់រៀលខ្មែរយើងចាប់ផ្ដើមកាន់តែភាពល្អប្រសើរច្រើនក្រោយពីធនាគារជាតិនៃកម្ពុជាបញ្ចេញប្រាក់ដុល្លារប្រមានណ១០០លានដុល្លារដើម្បីទិញយកប្រាក់រៀលមកគ្រប់គ្រងនិងរក្សាអត្រាប្ដូរប្រាក់ខណៈប្រាក់រៀលធ្លាក់ថ្លៃខ្លាំងធៀបនឹងប្រាក់ដុល្លារអាមេរិក។
កាលពីប៉ុន្មានសប្ដាហ៍មុនប្រាក់រៀលធ្លាក់ចុះខ្លាំងធៀបនឹងប្រាក់ដោយ១ដុល្លារស្មើនឹង៤១៦០រៀល ប៉ុន្ដែបន្ទាប់ពីធនាគារជាតិចេញធ្វើអន្តរាគមន៍តម្លៃប្រាក់រៀលបានចាប់ផ្ដើមងើបឡើងវិញដោយបច្ចុប្បន្ន១ដុល្លារស្មើនឹង៤១២៧រៀល៕