ទីបំផុតអង្ករសរីរាង្គរបស់កម្ពុជា ដែលដាំដុះដោយប្រជាកសិករខ្នាតតូចចំនួន ៥០០ នាក់ក្នុងខេត្តព្រះវិហារបានដាក់លក់ជាផ្លូវការនៅផ្សារទំនើបរបស់ហូឡង់ហើយ។ នេះបើតាមការឱ្យដឹងរបស់ លោក សុង សារ៉ន អគ្គនាយក - ស្ថាបនិក ក្រុមហ៊ុន អេមរុ រ៉ាយ ។
ចំពោះក្រុមហ៊ុនដែលបាននាំយកអង្កររបស់កម្ពុជាទៅលក់នៅលើទីផ្សាររបស់ប្រទេសហូឡង់នេះ គឺជាស្នាដៃរបស់គម្រោង BlocRice ដែលជាគម្រោងមួយជួយនាំយកកសិផលស្រូវអង្កររបស់ប្រជាកសិករទៅរកទីផ្សារអន្តរជាតិ និងមានតម្លៃខ្ពស់ ហើយចាប់តាំងពីឆ្នាំ ២០១៨ មកដល់បច្ចុប្បន្ននេះក្រុមហ៊ុនបានជួយឱ្យទីផ្សារអង្កររបស់ប្រជាកសិករក្នុងខេត្តព្រះវិហារមានទីផ្សារកាន់តែល្អប្រសើរ ជាពិសេសបានជួយឱ្យកសិករមានជីវភាពល្អប្រសើរជាងមុនថែមទៀតផង។
ហើយជាមួយគ្នានេះដែរ កាលពីថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២៣ កន្លងទៅគម្រោងនេះ ក៏បាននាំយកអង្ករខ្មែរទៅលក់ដល់ទីផ្សារនៃប្រទេសហូឡង់ថែមទៀតផង។ ដែលនេះដំណឹងរីករាយមួយសម្រាប់ប្រជាកសិករទាំង ៥០០គ្រួសារអាចទទួលបានឱកាសរកបានប្រាក់កម្រៃបន្ថែមទៀតលើការដាំដំណាំខណៈពេលដែលទីផ្សារអង្កររបស់ពួកគាត់កំពុងមានក្តីសង្ឃឹមថ្មីនៅទឹកដីបរទេស៕