គួរឱ្យសរសើរខ្លាំង! ស្រ្តីខ្មែរ១រូប យកផ្លែត្នោតដែលទុំទុកចោល ឱ្យក្លាយជាម្សៅនំត្នោតដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក
ធី ស្រីល័ក្ខ•NOVEMBER 7 2026•21 views

ដើមត្នោតគឺជារុក្ខជាតិ ដែលផ្តល់នូវគុណសម្បត្តិច្រើនយ៉ាងដល់ប្រជាជនខ្មែរ តាំងពីសម័យបុរាណកាលមក និងជារុក្ខជាតិតំណាងឱ្យអត្តសញ្ញាណជាតិខ្មែរជាដួងព្រលឹងជាតិ ដែលប្រជាជនខ្មែរ បានសម្គាល់នូវទឹកដីរបស់ខ្លួន តាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្ននេះ។ ចំណែកឯផ្លែត្នោតទុំ តាំងពីបុរាណតមកគ្រប់ជំនាន់ ត្រូវបានប្រជាជនខ្មែរយើងនិយម យកមកធ្វើបង្អែមឬនំផ្សេងៗ ជាពិសេសគឺនំត្នោត ព្រោះតែក្លិនដ៍ក្រអូបឈ្ងុយឈ្ងាញ់ពីធម្មជាតិនៃផ្លែត្នោតទុំ។

 

អ្វីដែលកាន់តែមោទនភាពជាទីបំផុតនោះ ដោយសារតែមិនចង់ឃើញផ្លែត្នោតទុំទុកចោល ស្រ្តីខ្មែរមួយរូបបានច្នៃផ្លែត្នោតខ្មែរនេះឲ្យក្លាយទៅជាម្សៅនំត្នោតដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក។ ជាក់ស្តែង បើតាមការសម្ភាសន៍ជាមួយ ក្រុមការងារចាបក្រហម អ្នកស្រី ចែម ធីតា ដែលជាស្ថាបនិករបស់ Khmer Pantry បានមានប្រសាសន៍ថា ដើមត្នោតគឺជាអត្តសញ្ញាណជាតិខ្មែរ និងជាមរតកវប្បធម៌ដ៏មានតម្លៃជាពិសេសនោះនៅពេលដល់រដូវសម្បូរផ្លែត្នោតទុំ ផ្លែត្នោតជាច្រើនបានជ្រុះស្អុយរលួយចោលដោយសារខ្វះការកែច្នៃ និងមិនអាចរក្សាទុកបានយូរហេតុនេះហើយទើប អ្នកស្រីចង់កែច្នៃវាដើម្បីបង្កើនចំណូលបន្ថែមដល់ប្រជាពលរដ្ឋក្នុងសហគមន៍។

661738777 122111549817258793 5563162158453165031 N

អ្នកស្រីបានបន្ថែមទៀតថា មុននឹងផលិតផលម្សៅនំត្នោតនេះបានលេចរូបរាងឡើងដូចសព្វថ្ងៃនេះ នៅពេលចាប់ផ្តើមដំបូងៗគឺអ្នកស្រីបាន ធ្វើការការស្រាវជ្រាវ និងសាកល្បងសម្ងួតធ្វើជាម្សៅនំត្នោតត្រូវចំណាយពេលរាប់ឆ្នាំ ហើយនៅក្នុងនោះគម្រោងមួយនេះក៏មានការជួយជ្រោមជ្រែងផ្នែកបច្ចេកទេសខ្លះៗពីអ្នកជំនាញជប៉ុនផងដែរ។ ដំបូងឡើយ ការយកម្សៅនំត្នោតទៅធ្វើជានំត្នោតនេះជួបបញ្ហារាប់មិនអស់ ពោលនៅពេលចេញលក់ដំបូងៗមិនសូវមានរសជាតិឆ្ងាញ់ដូចអ្វីដែលអតិថិជនរំពឹងទុកនោះទេ។

 

លើសពីនេះទៅទៀត តាមរយៈការចូលរួមក្នុង គម្រោង Angkor Social Innovation Park អ្នកស្រីទទួលបានការតម្រង់ទិសច្បាស់លាស់ជាច្រើន ដោយអ្នកស្រីបានរៀនដោះស្រាយបញ្ហាអតិថិជន និងបានអភិវឌ្ឍរូបមន្តនំត្នោតរហូតទទួលបានរសជាតិឆ្ងាញ់ និងមានស្តង់ដារច្បាស់លាស់។

654238077 122108612169258793 7459557431121051679 N

យ៉ាងណាមិញ អីលូវនេះម្សៅត្នោតខ្មែរ បានបើកទំព័រថ្មីមួយសម្រាប់ឧស្សាហកម្មអាហារ និងភេសជ្ជៈខ្មែរដោយគេអាចយកម្សៅត្នោតទៅធ្វើជានំត្នោត បានយ៉ាងងាយស្រួល និងរហ័ស ដោយមិនបាច់ចំណាយពេល ២ ថ្ងៃក្នុងការត្រាំ ឬលាយអង្ករដូចបុរាណឡើយ។ ម្សៅត្នោតនេះក៏អាចយកទៅប្រើប្រាស់ស្រដៀងគ្នានឹងម្សៅ Matcha ឬម្សៅ Strawberry ដែរ ដោយគេអាចយកទៅឆុងជាភេសជ្ជៈ កែច្នៃក្នុងកាហ្វេ ឬធ្វើជាស្រទាប់ក្រែមផ្សេងៗ ដែលផ្តល់នូវរសជាតិ និងក្លិនប្រកបដោយអត្តសញ្ញាណខ្មែរពិតៗ។

658943239 122110907577258793 1539748908981249890 N

ការកែច្នៃផ្លែត្នោតទុំទៅជាម្សៅត្នោតនេះ មិនត្រឹមតែជាការបង្កើតផលិតផលថ្មីមួយនៅលើទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកយ៉ាងធំធេងក្នុងការបង្កើតប្រាក់ចំណូលបន្ថែមជូនកសិករ និងអ្នកភូមិនៅតាមសហគមន៍ជនបទ តាមរយៈការប្រមូលទិញផ្លែត្នោតទុំដែលធ្លាប់តែបោះបង់ចោល។ ចំពោះការកែច្នៃផ្លែត្នោតចេញជាម្សៅត្នោតនេះ គឺជាការលើកស្ទួយអត្តសញ្ញាណកសិផលខ្មែរ និងថែរក្សាមរតកដើមត្នោតឱ្យនៅតែមានតម្លៃសេដ្ឋកិច្ចខ្ពស់ហើយក៏ជាការបង្កើតឱកាសការងារជូនដល់យុវជន និងស្ត្រីនៅក្នុងមូលដ្ឋាន ឱ្យមានការងារធ្វើ និងទទួលបានការបណ្តុះបណ្តាលជំនាញកែច្នៃអាហារបន្ថែមទៀតផងដែរ។

 

មិនតែប៉ុណ្ណោះ ការកែច្នៃផ្លែត្នោតខ្មែរឱ្យទៅជាផលិតផលមានតម្លៃ គឺជាការបង្ហាញពីគំនិតច្នៃប្រឌិត និងការស្រឡាញ់បរិស្ថាន ក៏ដូចជាការផ្តល់ឱកាសការងារដល់យុវជនក្នុងស្រុកឱ្យមានការងារធ្វើ និងទទួលបានបទពិសោធន៍ពិតប្រាកដ។ ម្សៅត្នោតខ្មែរ នេះមិនមែនគ្រាន់តែជាផលិតផលធម្មតាមួយមុខនោះទេ ប៉ុន្តែវាគឺជាដួងចិត្ត គឺជាកម្លាំងកាយចិត្តរបស់យុវជន និងសហគ្រិនខ្មែរ ដែលចង់បង្ហាញពីសក្តានុពល និងមោទនភាពនៃកសិផលជាតិយើងឱ្យពិភពលោកបានស្គាល់។

 

គួរជម្រាបថា សហគ្រិនស្រ្តីខ្មែរយើងបានខិតខំឆ្លងកាត់ឧបសគ្គរាប់មិនអស់ ឆ្លងកាត់ការពិសោធន៍រាប់ឆ្នាំ ដើម្បីនាំយករសជាតិនៃមរតកជាតិយើងឱ្យបោះជំហានមកកាន់សម័យកាលថ្មីមួយដ៏ស៊ីវិល័យដូច្នេះហើយសូមបងប្អូនកុំភ្លេចជួយគាំទ្រ និងស្វែងយល់បន្ថែមពីរូបមន្ត និងផលិតផលស្នាដៃកូនខ្មែរយើង ដើម្បីបង្ហាញពីមោទនភាព និងជំរុញសហគ្រាសក្នុងស្រុកឱ្យរីកចម្រើនទាំងអស់គ្នា។ សម្រាប់បងប្អូនដែលចាប់អារម្មណ៍អាចធ្វើការទំនាក់ទំនងទៅកាន់ហ្វេសប៊ុកផេក Khmer Party ឬទំនាក់ទំនងតាមលេខទូរស័ព្ទ 096 662 4456 ៕

749174675 122120858235258793 3489623262369239627 N

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia