ផលិតផលខ្មែរ២ គេច្រឡំបរទេស! ខោក្រណាត់ និងសម្ភារជ័ររបស់ខ្មែរលក់ដាច់ដូចព្យុះតែមិនសូវមានអ្នកដឹង
ធី ស្រីល័ក្ខNOVEMBER 15 2022460 views

បច្ចុប្បន្ននេះមានយីហោកូនខ្មែរជាច្រើន បានកំពុងតែល្បីល្បាញនិងអាចនាំផលិតផលរបស់ខ្លួនទៅក្រៅប្រទេសផងដែរ ប៉ុន្តែបើទោះបីជាផលិតផលដែលបង្កើតឡើងដោយកូនខ្មែរហើយអាចនាំចេញដល់ក្រៅប្រទេសបែបនេះក៏ដោយតែនៅតែមានបងប្អូនមួយចំនួនយល់ច្រឡំក៏ដូចជាមិនទាន់ដឹងថាតើផលិតផលណាខ្លះដែលជារបស់កូនខ្មែរបានបង្កើតឡើង។ ផលិតផលខ្មែរ២ ដែលគេយល់ច្រឡំថារបស់បរទេសនោះមានដូចជា៖

  • យីហោសម្លៀកបំពាក់ Laolin
  • Laolin គឺជាយីហោនៅក្នុងស្រុកមួយរបស់កូនខ្មែរ ដែលកំពុងតែផលិតសម្លៀកបំពាក់នៅក្នុងស្រុក កាត់ដេរនិងច្នៃម៉ូត ពីសំណាក់ជាងជំនាញៗថែមទាំងចាស់វស្សា ដែលអាចផលិតសម្លៀកបំពាក់ចេញមក បង្ហាញពីផលិតផលរបស់ខ្មែរយើង ដោយមិន Copy គេឡើយ ។

    ផ្តើមចេញពីជាងដេរម្នាក់ លក់ត្រឹមតែក្រណាត់រយ យីហោសម្លៀកបំពាក់ ឡៅលីន បានប្រែខ្លួនមកជាសិប្បកម្មផលិតសម្លៀកបំពាក់មានគុណភាពខ្ពស់ មានជាងដេររហូតដល់១០០នាក់ និងអាចលក់បានក្នុងតម្លៃដល់៤៤ដុល្លារ ក្នុង១ខោ ថែមទាំងអាចនាំចេញទៅលក់ដល់ប្រទេសថៃថែមទៀត ។

    នៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia អ្នកស្រី ចាន់ គីមលីន ដែលជាម្ចាស់យីហោសម្លៀកបំពាក់ខាងលើនេះ បានឱ្យដឹងថា “យើងបានលក់ក្រណាត់រយអស់រយៈពេលជាង១៥ឆ្នាំមកហើយ មុននឹងយើងចាប់ផ្តើមបង្កើតឱ្យមានយីហោ ឡៅលីន នេះឡើង នៅដើមឆ្នាំ២០២០ អំឡុងពេលជាមួយនឹងវិបត្តិកូវីដ១៩” ។

    អ្នកស្រី បានបន្តថា កត្តាសំខាន់ដែលជំរុញឱ្យមានការផលិត និងបង្កើតយីហោ ឡៅលីន នេះឡើង គឺដោយសារអ្នកស្រីចង់ឃើញផលិតផលស្នាដៃកូនខ្មែរមានទីផ្សារក្នុងស្រុក និងនៅលើឆាកអន្តរជាតិទទួលស្គាល់ មិនតែប៉ុណ្ណោះការផលិតនេះ ក៏មានគោលបំណងជួយដល់ប្រជាជនខ្មែរ ឱ្យមានការងារធ្វើកាន់តែច្រើន ដើម្បីកាត់បន្ថយការទៅធ្វើចំណាកស្រុកផងដែរ ។

    អ្នកស្រីបានសង្កត់ធ្ងន់ថា ទោះបីជាមានគេប្រាប់ថា មិនអាចទៅរួច ក៏អ្នកស្រីមិនបោះបង់ដែរ រហូតដល់ពេលនេះ យីហោខោឡៅលីន មានចំណុចពិសេសច្រើន ដែលអាចទាញអតិថិជនឱ្យហ៊ានចំណាយលុយទិញ ។ អ្វីដែលពិសេសនោះ គឺខោរបស់យីហោ ឡៅលីន មានច្រើនទំហំសម្រាប់ក្នុងការជ្រើសរើស និងមានតម្លៃចាប់ពី២៩ដុល្លារ ដល់៤៤ដុល្លារ​ ម៉ូតស្អាតប្លែកគ្នា ដែលតម្លៃសម្យនិងគុណភាពរបស់ខោ។

    • សិប្បកម្មផលិតសម្ភារជ័រ

    នៅក្នុងបទសម្ភាសន៍ជាមួយក្រុមការងាររបស់ Business Cambodia អ្នកស្រី ជា បុប្ផា ដែលជាស្ថាបនិក សិប្បកម្មផលិតសម្ភារប្រើប្រាស់ជ័រ ដែលមានយីហោឈ្មោះ បុប្ផា៩៩៩៩ បានថ្លែងប្រាប់ឱ្យដឹងថា ពីមុនមានបងប្អូនជាច្រើននាំចូលផលិតផលប្រើប្រាស់ជ័រជាច្រើនប្រភេទពីក្រៅប្រទេស ភាគច្រើនវៀតណាមនិងថៃ ប៉ុន្តែពេលនេះយើងមានសិប្បកម្ម និងវត្ថុធាតុដើមនៅក្នុងស្រុកស្រាប់ អាចផលិតសម្ភារៈជ័របានប្រមាណជាង១០០មុខហើយ កំពុងតែបោះដុំ និងលក់រាយនៅទូទាំង២៥ខេត្តក្រុង ។

    អ្នកស្រីបានបន្តថា បុប្ផា៩៩៩៩ គិតមកទល់នឹងពេលនេះឈរជើងក្នុងការផលិតសម្ភារជ័រប្រមាណជា៤ឆ្នាំហើយ ដែលក្នុង ១ថ្ងៃៗអាចមានលទ្ធភាព​ផលិតសម្ភារជ័រប្រើប្រាស់នៅក្នុងផ្ទះរាប់ពាន់ សម្រាប់បោះដុំ និងលក់រាយ ក្នុងតម្លៃធូរថ្លៃ អ្វីដែលសំខាន់នោះគឺវាជាផលិតផលដែលផលិតដោយនៅក្នុងស្រុក ដោយស្នាដៃកូនខ្មែររបស់យើងផ្ទាល់ ចំណេញការងារ ថែមទាំងតម្លៃមិនសូវខុសពីរបស់នាំចូលឡើយ ។

    ត្រង់ចំណុចនេះម្ចាស់សិប្បកម្ម បុប្ផា៩៩៩៩ ខាងលើបានបន្ថែមថា ផលិតផលដែលអ្ននស្រីកំពុងផលិត នាពេលបច្ចុប្បន្ននេះ វាប្រសើរជាងផលិតផលនាំចូលខ្លាំងណាស់ ដែលទីមួយនោះគឺខាងសិប្បកម្មយកជ័រធម្មជាតិមកផលិតចេញជាផលិតផលផ្សេងៗ គុណភាពជាប់បានយូរ មិនហើរពណ៌ មានភាពរលោង មិនធុំក្លិន ជាពិសេសនោះតម្លៃក៏មិនថ្លៃជាងរបស់នាំចូលនោះដែរ ពោលគឺម្ចាស់ដេប៉ូតូចធំនៅក្នុងស្រុក តែងតែបញ្ជាទិញពីខាងសិប្បកម្ម ដោយសារតែគុណភាពល្អហើយ តម្លៃធូរទៀត ។

    គួរជម្រាបផងដែរថា សិប្បកម្មបុប្ផា៩៩៩៩ គឺជាសិប្បកម្មរបស់កូនខ្មែរនៅក្នុងស្រុកមួយ ដែលកំពុងតែផលិតនិងចែកចាយ សម្ភារប្រើប្រាស់នៅក្នុងផ្ទះជាច្រើនប្រភេទ សិប្បកម្មមួយនេះនឹងត្រៀមផលិតសម្ភារ ប្រើប្រាស់ឱ្យកាន់តែច្រើនបន្ថែមទៀត ដើម្បីឱ្យប្រទេសយើងកាន់មានភាពរីកចម្រើន និងកាត់បន្ថយផលិតផលនាំចូលមួយចំនួន ។ ទំនាក់ទំនងបោះដុំ និងលក់រាយទៅកាន់ម្ចាស់សិប្បកម្មឈ្មោះបុប្ផា 9999 Call 0718456662/ 0977226117 ៕

    អត្ថបទ៖ ធី ស្រីល័ក្ខ

    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia