នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ ទេវតាឆ្នាំ ថោះ នឹងត្រូវប្ដូរវេនថ្មីដោយទេពធីតាឆ្នាំ រោង ព្រះនាម មហោទរាទេវី ដែលជាបុត្រីទី ៧ របស់កបិលមហាព្រហ្ម ឆស័ក ពុទ្ធសករាជ ២៥៦៨។
បើតាមសៀវភៅមហាសង្ក្រាន្ត សិក្សាស្រាវជ្រាវនិងចងក្រងដោយ លោក អ៊ឹម បុរិន្ទ ព្រះនាង មហោទរាទេវី ទ្រង់គង់លើ សត្វក្ងោកឈ្មោល ជាយានជំនិះ ប្រើឯកសណ្ឋានពណ៌ខៀវ ដៃស្ដាំកាន់កងចក្រ័ ដៃឆ្វេងកាន់ត្រីសូល៍ (លំពែង) ។ នាវេលាម៉ោង ១០:២៤នាទីយប់ ដែលជាថ្ងៃបុណ្យចូលឆ្នាំព្រះនាងនឹងយាងចុះមកកាន់ជម្ពូទ្វីប ភពផែនដីដោយនាំអស់ទេវបុត្រទេពធីតា១សែនកោដ្ឋអង្គមកជាមួយ។
ទេពធីតាឆ្នាំថ្មីនេះសោយសាច់ទ្រាយ (សាច់ឈ្លូស) ជាអាហារ។ ប៉ុន្តែបើពុំមានសាច់ឈ្លូសទេ ត្រូវដាក់ជំនួសដោយសាច់គោងៀតកញ្ចប់ អមដោយផ្លែឈើ ៥មុខ និងផ្កា។
ក្នុងនោះ ចំពោះគ្រឿងរណ្តាប់ទទួលទេវតាតាមទំនៀមពីបុរាណរៀងរហូតមក ត្រូវរៀបរៀនទេវតាមួយនៅខាងមុខផ្ទះសម្រាប់តាំងគ្រឿងពលីការផ្សេងៗ។ បន្ថែមពីលើនេះ ត្រូវរៀបក្រាលសំពត់ពណ៌ស ឬពណ៌ក្រហមតាមលទ្ធភាពដែលមាន និងរៀបចំគ្រឿងសក្ការៈបូជាទេវតា មានដូចជា បាសី៩ថ្នាក់មួយគូ បាសី៧ថ្នាក់មួយគូ បាសី៥ថ្នាក់មួយគូ បាសី៣ថ្នាក់មួយគូ បាសីបច្ចាបមួយគូ ស្លាបធម៌មួយគូ ទឹកអប់មួយគូ ទៀន៥ ធូក៥ លាច៥ ផ្កា៥ ដាក់លើជើងពានមួយគូ ចេកនួន-ចេកណាំវ៉ា ដាក់លើជើងពានមួយគូ ផ្លែឈើ១១មុខរៀបដាក់ជើងពាន១១គូ ដូងផ្លែមួយគូ និងទឹកស្អាតចំនួន២កែវ។
គួរជម្រាបផងដែរថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ គឺជាពេលវេលាដ៏ល្អបំផុតមួយដែលប្រជាជនកម្ពុជាទូទាំងប្រទេសបានជួបជុំក្រុមគ្រួសារប្រកបដោយភាពសប្បាយរីករាយ និងធ្វើដំណើរកម្សាន្ត ឬទៅទីវត្តអារាមជាដើម៕