ស្វាយខ្មែរកាន់តែមានភាពល្បីល្បាញក្រោយជប៉ុនបានយកស្វាយខ្មែរច្នៃទៅជាភេសជ្ជៈយកទៅដាក់លក់លើវេបសាយ shop.umenoyado កំពុងផ្ទុះការគាំទ្រយ៉ាងខ្លាំងពីប្រជាជនជប៉ុននិងពីប្រជាជនខ្មែររស់នៅជប៉ុន។
បើតាមការផុសនៅលើគណនីហ្វេសប៊ុករបស់បងអ្នកស្រី Sem Na vy បានបញ្ជាក់ថា បច្ចុប្បន្នមានក្រុមហ៊ុនជប៉ុនធំមួយកំពុងកែច្នៃស្វាយខ្មែរធ្វើជាភេសជ្ជៈនិងកំពុងដាក់មហិច្ឆតាយកស្វាយខ្មែរទៅកាន់ប្រទេសជប៉ុនអោយបានកាន់តែច្រើនដោយសារស្វាយខ្មែរមានរស់ជាតិឆ្ងាញ់ជាងប្រទេសជិតខាងដាច់ ដូច្នេះខាងក្រុមហ៊ុនចង់ផ្សព្វផ្សាយស្វាយខ្មែរឱ្យលេចធ្លោជាងស្វាយប្រទេសដទៃទៀត។
ហើយកាលឆ្នាំមុនក្រុមហ៊ុនផលិតទឹកស្វាយជប៉ុនមួយនេះបាននាំស្វាយខ្មែរមកជប៉ុនចំនួនបានចំនួន ២០០តោនរួចមកហើយ ហើយក្នុងឆ្នាំថ្មីនេះខាងក្រុមហ៊ុនមានគម្រោងនាំចូលស្វាយបន្ថែមទៀតចន្លោះពី ៣០០តោន ទៅ ៥០០តោន ឬអាចច្រើននេះប្រសិនបើមានការជួយជ្រោមជ្រែងបន្ថែមពីដៃគូសហការពីប្រទេសកម្ពុជា។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នខាងក្រុមហ៊ុនជប៉ុនដែលបានយកស្វាយខ្មែរផលិតចេញជាទឹកស្វាយសម្រាប់លក់មួយនេះ បាននឹងកំពុងស្វែងរកការជួយជ្រោមជ្រែងពីក្រសួងពាក់ព័ន្ធដើម្បីសុំការផ្តល់ជាស្លាកសញ្ញាសម្គាល់ផលិតផលថា ផលិតផលទឹកស្វាយនេះផលិតចេញពីស្វាយខ្មែរពិតមែន ដើម្បីយកទៅប្រកួតប្រជែងនៅលើទីផ្សារ៕