ខ្មែរស្រលាញ់ខ្មែរ គណៈគ្រប់គ្រងភ្នំពេញស៊ីធីសេនធ័រ (PPCC) ដែលបានចូលរួមឧបត្ថម្ភនូវថវិកាចំនួន ៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក (USD50,000) សម្រាប់ទិញសម្ភារៈប្រើប្រាស់ចាំបាច់សំខាន់ៗ ដើម្បីជួយសម្រួលទៅកាន់កងទ័ពជួរមុខ និងប្រជាជនភៀសខ្លួនដែលប៉ះពាល់ដោយសង្រ្គាម។
ភ្នំពេញស៊ីធីសេនធ័រ (PPCC) គឺស្ថិតក្រោមការដឹកនាំរបស់ ឧកញ៉ា ឡាវ សុខហ៊ុយ ឧកញ៉ា ពេជ អភិរៈ និង លោក ឡាវ អៀវចុង ដែលមានជំនឿយ៉ាងមុតមាំចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការឈានទៅរកដំណោះស្រាយប្រកបដោយសន្តិភាព លើស្ថានការណ៍បច្ចុប្បន្ន និងសូមអបអរសាទរ នូវជោគជ័យនៃកិច្ចចរចាបញ្ចប់ការឈប់បាញ់រវាងភាគីទាំងពីរ។
ទន្ទឹមនឹងនេះ PPCC បាន និងកំពុងធ្វើយុទ្ធនាការលើកទឹកចិត្តអោយប្រជាពលរដ្ឋចូលរួម ដើម្បីពង្រីកកិច្ចខិតខំប្រឹងប្រែងមួយនេះ។ សាធារណជនអាចចូលរួមចំណែកដោយស្ម័គ្រចិត្តក្នុងបុព្វហេតុដ៏សំខាន់នេះ តាមរយៈមូលនិធិរបស់ PPCC ដែលមានលេខ QR កូដ ខាងក្រោម៖
ជាចុងក្រោយ PPCC ក៏សូមថ្លែងអំណរគុណចំពោះសប្បុរសជនទាំងអស់ ដែលបានចូលរួមឧបត្ថម្ភ មិនថាជាថវិកា ឬសម្ភារៈចាំបាច់ផ្សេងៗ។ ទោះបីជាមានការបញ្ចប់នូវការឈប់បាញ់ក៏ PPCC នៅតែបន្តទទួលការឧបត្ថម្ភពីសំណាក់សាធារណៈជនទាំងអស់ រហូតដល់មានការចចារជាផ្លូវការដើម្បីបញ្ចប់សង្រ្គាមទាំងស្រុង។
មូលនិធិដែលទទួលបានពីការបរិច្ចាគជាបន្តបន្ទាប់ នឹងត្រូវបានប្រើប្រាស់ ដើម្បីទិញសម្ភារៈចាំបាច់បន្ថែមទៀត។ ចំពោះសប្បុរសជនដែលមានបំណងចង់បរិច្ចាគទំនិញ ឬសម្ភារៈចាំបាច់ផ្សេងៗ អាចប្រគល់ជូននៅទីតាំងដែលស្ថិតនៅកែង បុរី The Edge ក្នុងតំបន់ PPCC ។ សូមចុចតំណនេះសម្រាប់ទីតាំងជាក់ស្តែង៖ https://maps.app.goo.gl/FtcbRzhui79AEW7PA PPCC លើកទឹកចិត្តអោយអាជីវកម្មទាំងអស់នៅក្នុងតំបន់របស់ខ្លួន ផ្តល់ឱកាសដើម្បីទទួលប្រជាជនខ្មែរ ដែលបានត្រលប់មកពីប្រទេសថៃ អោយមានការងារធ្វើផងដែរ។
គួរជម្រាបថា គណៈគ្រប់គ្រងរបស់ PPCC ជឿជាក់យ៉ាងមុតមាំ ទៅលើកិច្ចសហប្រតិបត្តិការអន្តរជាតិ និងពាណិជ្ជកម្មរវាងប្រទេសនានាដោយមិនមានការរើសអើងឡើយ៕