លោក ជុំ វិចិត្ត បច្ចុប្បន្នគឺជា CEO នៃក្រុមហ៊ុនផលិតធ្យូងអនាម័យ Khmer Green Charcoal ដែលជាក្រុមហ៊ុនផលិតធ្យូងអនាម័យឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា។ ក្រៅពីមានឈ្មោះបោះសម្លេងនៅក្នុងស្រុក យីហោផលិតធ្យូងកូនខ្មែររូបនេះ ក៏ធ្លាប់ទទួលបានប្រជាប្រិយភាពក្នុងការនាំចេញធ្យូងទៅលក់នៅប្រទេសផងដែរ ដែលមានប្រទេសជប៉ុន អាល្លីម៉ង និង តៃវ៉ាន់។
ជាក់ស្តែង ក្នុងកិច្ចសម្ភាសន៍ជាមួយ Business Cambodia លោក ជុំ វិចិត្ត បានឱ្យដឹងថា ក្រុមហ៊ុន Khmer Green Charcoal នេះត្រូវបានបង្កើតឡើងតាំងតែពីឆ្នាំ ២០០៨ មកម្លេះ បើគិតមកដល់ពេលបច្ចុប្បន្នមានរយៈពេល ១៤ ឆ្នាំហើយ។លោកបានបន្តថា ក្រុមហ៊ុននេះដើមឡើយមិនមែនលោកជាអ្នកមើលការខុសត្រូវនោះទេ ពោលគឺក្រុមហ៊ុននេះជា គំរោងមួយរបស់អង្គការ GERES របស់បារាំង សហការជាមួយមណ្ឌលភាពញញឹមនៃកុមារ មានគោលបំណងចង់ចូលរួមចំណែកជួយដល់ការកាត់បន្ថយការកាប់បំផ្លាញព្រៃឈើដើម្បីធ្វើធ្យូង ដោយងាកមកកែច្នៃកាកសំណល់ សរីរាង្គ រឺកាកសំណល់ជីវម៉ាស់ដូចជាសំបកដូង ត្រឡោកដូង សំបកទុរេន ស្នូលពោត ។ល។ ទៅជាធ្យូងវិញ។
បន្តក្រោយមក រហូតដល់ឆ្នាំ ២០១១ លោកក៏បានចូលមកមើលការខុសត្រូវក្រុមហ៊ុននេះ នឹងបានផ្តាច់ខ្លួនទាំងស្រុងទៅជាក្រុមហ៊ុនឯកជនវិញ ដោយនៅសហការជាមួយមណ្ឌលភាពញញឹមនៃកុមារលើសេវ៉ាសង្គមកិច្ច ផ្តល់ឪកាសការងារដល់អ្នកដែលមានជីវភាពខ្វះខាត ក្រោមល័ក្ខខ័ណ្ជបញ្ជូនកូនៗពួកគាត់ទៅរៀនជាមួយមណ្ឌល។ហើយចាប់តាំងពីលោកចូលមើលការខុសត្រូវ មានបញ្ហាជាច្រើនដែលលោកត្រូវដោះស្រាយក្នុងនោះរួមមាន ផលលំបាកពីបច្ចេកទេសនៃខ្សែសង្វាក់ផលិតកម្ម និង កង្វះខាតភាពស្តង់ដារ ជាដើម។ប៉ុន្តែ បញ្ហាទាំងអស់នោះមិនបានធ្វើឱ្យលោកផ្អាកដំណើរការនោះទេ ផ្ទុយទៅវិញ លោកបានយកបញ្ហាធ្វើជាមេរៀននឹងស្វែងរកដំណោះស្រាយ រហូតធ្វើឱ្យធ្យូងអនាម័យរបស់លោកមានឱកាសបានដាក់លក់នៅតាមផ្សារទំនើបធំៗដូចជា ម៉ាក្រូ ឡាក់គី Aeon និងផ្សារទំនើបធំៗជាច្រើនផ្សេងទៀត និងបណ្តាភោជនីយដ្ឋានធំៗជាច្រើននៅក្នុងរាជធានីភ្នំពេញ។
លើសពីនេះទៅទៀត ធ្យូងអនាម័យ Khmer Green Charcoal ធ្លាប់ឈានដល់ការនាំចេញទៅលក់ដល់ក្រៅប្រទេសដូចជា ជប៉ុន អាល្លឺម៉ង់ និង តៃវ៉ាន់ និងធ្នាប់ឈ្នះពានរង្វាន់ពី London ដោយមានការចូលរួមពីប្រទេសប្រមាណជា ១៣០ ថែមទៀតផង។លទ្ធផលទាំងអស់នេះកើតឡើងដោយសារតែការខិតខំប្រឹងប្រែងរបស់លោក ជុំ វិចិត្ត ក៏ដូចជាគុណភាពនៃផលិតផលរបស់លោកផងដែរ ដោយវត្ថុធាតុដើមនៃធ្យូងអនាម័យរបស់លោកផលិតចេញពីត្រឡោកដូងសុទ្ធ១០០% ដែលធ្វើឱ្យធ្យូងមានគុណភាព ឆេះងំបានល្អនិងឆេះបានយូរជាងធ្យូងធម្មតា មិនតែប៉ុណ្ណោះអ្វីដែលជាគុណតម្លៃធំបំផុតរបស់ធ្យូងអនាម័យនោះគឺ បានជួយដល់ការកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ កាត់បន្ថយកាកសំណល់ ផ្តល់ឱកាសការងារដល់ប្រជាជនខ្មែរ និងជួយដល់ការអប់រំរបស់កុមារនៅកម្ពុជាថែមទៀតផង។
គួរបញ្ជាក់ផងដែរថា ជាមធ្យមក្នុងមួយថ្ងៃ ក្រុមហ៊ុន Khmer Green Charcoal អាចផលិតធ្យូងអនាម័យបានចន្លោះពី ៣ ទៅ ៤ តោន ដោយតម្លៃលក់មានចាប់ពីចាប់ពី ១៥០០រៀល ដល់ ១៩០០រៀល ទៅតាមបរិមាណទិញ។ហើយមកដល់បច្ចុប្បន្នធ្យូងអនាម័យរបស់កូនខ្មែរមួយនេះ បាននឹងកំពុងប្រើប្រាស់នៅតាមបណ្តាហាងនិងភោជនីយដ្ឋាន កូរ៉េ ជប៉ុន ខ្មែរ ជាច្រើនកន្លែង។ហេតុដូច្នេះសម្រាប់បងប្អូនដែលជាអ្នករកស៊ីត្រូវការប្រើធ្យូងដែលមានគុណភាព តម្លៃសមរម្យ ប្រើទៅសន្សំសំចៃ ជួយដល់បរិស្ថានកុំភ្លេចធ្យូងនៅ Khmer Green Charcoal ឬ លេខទំនាក់ទំនង 095 666 360 ៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង