នាំចេញជាលើកដំបូង! ទីបំផុតត្រីងៀតខ្មែរ ៣ប្រភេទនេះបាននាំចេញទៅកាន់ប្រទេសអូស្រ្តាលីជាផ្លូវការហើយ
Sambat SokhlangAPRIL 25 2024795 views

អបអរសាទរ ទីបំផុតត្រីងៀតរបស់កម្ពុជាបានសម្រេចការនាំចេញជាផ្លូវការលើកដំបូងចំនួន ៤.៧តោនទៅកាន់ប្រទេសអូស្រ្តាលីហើយ​ តាមរយៈការប្រើប្រាស់និមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា ហៅកាត់ថា (CQS)។

យោងតាមការឱ្យដឹងពីអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ លោកជំទាវ អ៊ឹម រចនា បានឱ្យដឹងថា​ត្រីងៀតដែលបាននាំចេញទាំង ៤.៧តោននោះ រួមមានប្រភេទត្រីកែច្នៃចំនួន ៣ប្រភេទ រួមមាន៖ ត្រីងៀត ត្រីឆ្អើរ និងត្រីបង្ហើម ដែលជាផលិតផលរបស់ សហគ្រាស Home Taste Food ដែលមានទីតាំងនៅខេត្តសៀមរាប។ ហើយចំពោះត្រីងៀតនេះ ត្រូវបាននាំចេញតាមរយៈការដឹងតាមកប៉ាល់ ដែលមានបំពាក់ប្រព័ន្ធត្រជាក់ក្នុងបរិមាណ ៤.៧តោន ដើម្បីយកទៅលក់នៅលើទីផ្សារប្រទេសអូស្ត្រាលី។ តាមគម្រោងផលិតផលត្រីកែច្នៃទាំង៣ប្រភេទនោះ នឹងដឹកដល់ប្រទេសអូស្ត្រាលី នៅថ្ងៃទី២៨ឬ២៩ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ។

430656181 943849091077247 6147316685625491790 N

ទន្ទឹមនឹងលទ្ធផលនៃការនាំចេញនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ មានសេចក្ដីត្រេកអរចំពោះការបោះជំហានដោយជោគជ័យរបស់សហគ្រាស Home Taste Food និយាយដោយឡែក និងវត្តមានផលិតផលត្រីកែច្នៃរបស់ខ្មែរ នៅលើទីផ្សារអន្ដរជាតិ នឹងបន្តគាំទ្រដល់សហគ្រាស Home Taste Food ដែលមានបំណងពង្រីកការនាំចេញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងប្រទេសញូហ្សែលែន នៅក្នុងបរិមាណជាង ១០០តោនទៀត នាពេលខាងមុខ។

440178819 397476473204846 2054410519200462173 N

គួរបញ្ជាក់ផងដែរថា Home Taste Food គឺជាសហគ្រាសរបស់ខ្មែរដំបូងគេ ដែលបាននាំចេញផលិតផលត្រីកែច្នៃ ទៅកាន់ទីផ្សារបរទេសជាផ្លូវការ។ ដើម្បីអាចនាំចេញបាន សហគ្រាស Home Taste Food ត្រូវឆ្លងកាត់ការបណ្ដុះបណ្ដាលពីគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ដែលសហការអនុវត្តដោយរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនិងអង្គការ UNIDO មានគោលដៅគាំទ្រ សមត្ថភាពបច្ចេកទេស ពង្រឹងវិស័យឯកជន លើកកម្ពស់ការប្រកួតប្រជែង អនុវត្តនូវប្រព័ន្ធស្តង់ដាម្ហូបអាហារនៅកម្ពុជាដើម្បីឆ្លើយតបទៅនឹងតម្រូវការជាតិនិងអន្តរជាតិ។

440224330 397480626537764 3177880238864880325 N

ជាមួយគ្នានេះ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម ក៏ដូចជាអង្គការដៃគូពាក់ព័ន្ធ នឹងបន្តធ្វើការជាមួយសហគ្រាសកែច្នៃផលិតផលត្រីនៅកម្ពុជាដទៃទៀត ដើម្បីធានាថា ប្រតិបត្តិករជលផល បានអនុវត្តការត្រួតពិនិត្យគុណភាព និងអនាម័យ ដើម្បីឱ្យផលិតផលជលផលមានស្តង់ដារ សុវត្ថិភាព អនុលោមតាមបទបញ្ញាត្តិជាតិ និងលក្ខខណ្ឌតម្រូវ នៃសុវត្ថិភាពម្ហូបអាហារអន្តរជាតិ៕

440155783 397480836537743 1248826626905444478 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia