ជាការពិត ជំនួសឲ្យការទិញ និងប្រើប្រាស់ផលិតផលរបស់ប្រទេសជិតខាង ពេលនេះ ក្រុមហ៊ុនកូនខ្មែរ យីហោម៉ាក ខ្ទិះដូងខ្មែរ ក្លាយជាសមិទ្ធផលដំបូងគេ ដែលអាចផលិតប្រភេទខ្ទិះដូងច្រកក្នុងកំប៉ុង បានរហូតទៅដល់ ១០,០០០ កំប៉ុងក្នុងមួយថ្ងៃ។
ដោយសារតែ ខ្ទិះដូង ជាប្រភេទអាហារកំប៉ុងមួយ ដែលពិបាកក្នុងការផលិត ប៉ុន្តែបច្ចុប្បន្ន ផលិតផលមួយនេះ កំពុងវាយលុកទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុករហូតអាចនាំចេញទៅក្រៅបានរាប់រយកេស ជាពិសេស ទីផ្សារនៅកូរ៉េផ្ទាល់តែម្ដង។ ក្រៅពីនេះទៀតសោត ក៏មាន អតិថិជន និងដៃគូពាណិជ្ជកម្មមកពីបារាំង និងអូស្រ្តាលី មកទាក់ទងទិញខ្ទិះដូងខ្មែរនេះផងដែរ។
ចំពោះដំណើរការផលិតវិញ សម្រាប់សហគ្រាសខ្ទិះដូងខ្មែរ អាចមានលិទ្ធភាពផលិតខ្ទិះដូងបានរហូតដល់លើសពី ១០,០០០ កំប៉ុងក្នុងមួយថ្ងៃ ដោយប្រើប្រាស់ផ្លែដូងទុំចំនួន ៣,០០០ ផ្លែ ទៅ ១០,០០០ ផ្លែ។ ហើយប្រភពដូងដែលយកមកធ្វើខ្ទិះនេះ ភាគច្រើនជាប្រភេទដូងកប៉ាល់ ដែលប្រមូលទិញពីកសិករម្ចាស់ចំការនៅ ខេត្តតាកែវ និងខេត្តកំពត។

ត្បិតតែថា នេះជាផលិតផលក្នុងស្រុកទើបតែចាប់ផ្ដើមពិតមែន ប៉ុន្តែអាចនិយាយបានថា ខ្ទិះដូងកំប៉ុងនេះ ផលិតឡើងដោយគុណភាព មិនប្រើសារធាតុរក្សាទុក និង មិនបន្ថែមពណ៌ ឬក្លិនសិប្បនិម្មិតឡើយ តែប្រើប្រាស់បច្ចេកទេស Sterilization ដើម្បីរក្សាទុកបានរហូតដល់ ២ ឆ្នាំ។ រីឯការលាងសម្អាត និងសង្វាក់ផលិតកម្ម គឺប្រើប្រាស់ប្រព័ន្ធទឹកស្អាតស្តង់ដាសុទ្ធសាធ។
តាមរយៈការសម្ភាសន៍ជាមួយ Business Cambodia លោកស្រី ភោគ ហឿង ដែលជាអ្នកគ្រប់គ្រងសហគ្រាសផលិតខ្ទិះដូងខ្មែរនេះ បានជម្រាបឲ្យដឹងថា ក្នុងដូង ១ ផ្លែ លោកស្រីអាចយកទៅកែច្នៃ និងលក់បានគ្រប់ផ្នែកទាំងអស់។ ក្រៅពីធ្វើជា ខ្ទិះដូង នៅអាចធ្វើម្សៅដូង ឬប្រេងដូង។ សាច់ដូង ទឹកដូង និងស្រកីដូង អាចយកធ្វើជី ឬដីដាំដើមឈើ។ រីឯកាកដូង យកធ្វើចំណីសត្វ ហើយត្រឡោកដូង យកទៅធ្វើធ្យូងអនាម័យ ឬតម្រងចម្រោះទឹក។
សរុបមក ការផលិតខ្ទិះដូងខ្មែរនេះ ពិតជាមានទស្សនវិស័យ និងអត្ថប្រយោជន៍ច្រើន ជាពិសេស ជួយបង្កើតទីផ្សារប្រកបដោយចីរភាពដល់កសិករអ្នកដាំដូងក្នុងស្រុក។ បង្កើតឱកាសការងារដល់ប្រជាពលរដ្ឋ និងស្ត្រីក្នុងស្រុក។ ផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ និងអាជីវកម្ម (ដូចជា ហាងកាហ្វេ ហាងបង្អែម និងការធ្វើម្ហូបប្រចាំថ្ងៃ)។ កាត់បន្ថយការនាំចូលខ្ទិះដូងពីបរទេស និងលើកស្ទួយផលិតផលជាតិលើឆាកអន្តរជាតិបានផងដែរ៕


