លោក ខៀវ សុភ័ត្រា និងលោក លោក Alex Rayuth បច្ចុប្បន្នគឺជាម្ចាស់ហាងសម្លៀកបំពាក់ និងជាម្ចាស់ភោជនីដ្ឋានមួយកន្លែងនៅឯប្រទេសថៃ ប៉ុន្តែទម្រាំតែអ្នកទាំង២ អាចបានមកដល់សព្វថ្ងៃនេះពីអតីតកាលលោកធ្លាប់តែជាមនុស្សម្នាក់ដែលធ្លាប់ធ្វើការនៅប្រទេសថៃដូចគេដូចឯងប៉ុណ្ណោះ ប៉ុន្តែព្រោះតែការខិតខំប្រឹងប្រែងតស៊ូនាពេលនេះអ្នកទាំង២ អាចក្លាយជាថៅកែហាងនៅថៃបានហើយ។
នៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia លោក ខៀវ សុភ័ត្រា ដែលជាស្ថាបនិក Angkor restaurant ហាងម្ហូបខ្មែរ បាននិយាយថា លោកមានស្រុកកំណើតនៅខេត្តកំពត ដែលលោកត្រឹមជាកូនកសិករម្នាក់តែប៉ុណ្ណោះ បែបនេះហើយក្នុងឆ្នាំ២០១៤ លោកបានធ្វើដំណើរទៅប្រទេសថៃដើម្បីរៀនផងនិងដើម្បីធ្វើការយកបទពិសោធន៍ផងហើយបើគិតមកដល់សព្វថ្ងៃនេះគឺលោកបានមករស់នៅប្រទេសថៃបានរយៈពេល ៧ឆ្នាំមកហើយ។
ស្ថាបនិក Angkor restaurant ហាងម្ហូបខ្មែរ បានបន្តទៀតថា នៅពេលដែលលោកបានមករស់នៅប្រទេសថៃ គឺលោកពិតជាចង់ចេះចង់ដឹងពីការរកស៊ីនៅប្រទេសគេខ្លាំងណាស់ដូច្នេះពេលមករស់នៅថៃដំបូងៗលោកបានធ្វើការជាច្រើនដូចជាអ្នករត់តុនៅតាមហាងមួយចំនួននៅប្រទេសថៃផងដែរ។
បន្ទាប់ពីមានក្តីស្រមៃហើយនិងមានការតាំងចិត្តខ្ពស់និងឆ្លៀតពីការធ្វើការសន្សំលុយសល់ខ្លះលោកបានយកលុយទាំងនោះមកបើកភោជនីដ្ឋានមួយកន្លែងនៅប្រទេសថៃ ដែលមានឈ្មោះថា Angkor restaurant ហាងម្ហូបខ្មែរ ដែលហាងមួយនេះលោកបង្កើតមកដើម្បីលើកកិត្តិយសមុខមាត់ខ្មែរដែលអាចមានហាងម្ហូបខ្មែរបែបអង្គរប្រចាំទីក្រុងបាកក ព្រោះជាទូទៅយើងធ្លាប់តែឃើញហាងម្ហូបរបស់ភូមា ហាងថៃ ហាងវៀតណាម ហាងចិននៅប្រទេសថៃប៉ុណ្ណោះ ប៉ុន្តែនាពេលនេះហាងម្ហូបខ្មែរមាននៅក្នុងប្រទេសថៃជាលើកដំបូងហើយដែលមានឈ្មោះហាងម្ហូបខ្មែរអង្គរប្រចាំប្រទេសថៃ។
លោក ខៀវ សុភ័ត្រា ជាស្ថាបនិក Angkor restaurant ហាងម្ហូបខ្មែរ បានលើកឡើងថា ចំពោះហាងមួយនេះទើបតែបើកដំណើរកាលថ្មីៗនេះទេ ដែលលោកបានបើកសម្ពោធនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នឹងបើកលក់ជាផ្លូវកាលនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ដែលលោកបានចាយទុនប្រមាណ៥ម៉ឺនដុល្លារដើម្បីបើកភោជនីដ្ឋាន១កន្លែងនេះ។
ដូច្នេះសម្រាប់បងប្អូនដែលបានទៅលេងប្រទេសថៃកុំភ្លេចទៅជួយគាំទ្រហាងរបស់កូនខ្មែរផង ពីព្រោះហាងរបស់លោកមានលក់ទាំងម្ហូបខ្មែរ និងម្ហូបថៃប្រមាណជាង ៣០មុខ ដែលលោកបើកលក់ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង១១ យប់ ដែលមានអាស័យដ្ឋាននៅ ផ្សារប្រាទូណាម ផ្លូវផេតបុរី១៥ ទីក្រុងបាកកក ប្រទេសថៃ ឬធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០៨០ ៥២ ៤៤ ១៧២ ឬហ្វេសប៊ុកផេក Angkor restaurant ហាងម្ហូបខ្មែរ ។
ជាមួយគ្នានោះដែរ លោក Rayuth ដែលជាម្ចាស់ហាងសម្លៀកបំពាក់នៅថៃ បានបង្ហើបពីដើមទងជីវិតខ្លួនថា តាំងពីឆ្នាំ២០១២ មកម្លេះលោកបានដួលរលំហាងចំនួន ៤ដងហើយ តែអំឡុងពេលជំងឺកូវីដ១៩ចាប់ផ្តើមវាយលុកកាន់តែខ្លាំង លោក Rayuth ក៏ចាប់ផ្តើមបិទហាងទី៤របស់លោក ដោយសល់លុយត្រឹមតែ ៣០០ដុល្លារប៉ុណ្ណោះ ហើយលោកក៏បានរត់មករស់នៅក្នុងប្រទេសថៃដើម្បីប្រកបរបររកស៊ីលក់អនឡាញ។
ក្រោយពីរកស៊ីឡាយលក់អនឡាញនៅប្រទេសថៃ បានរយៈពេលអស់ជាងកន្លះឆ្នាំ ដោយបានសន្សំលុយសល់ខ្លះ លោកបានប្រកាសជ្រើសរើសបុគ្គលិកឱ្យមកជួយរៀបឥវ៉ាន់ ដោយការពីមុនៗមកលោកឡាយលក់ តបឆាតភ្ញៀវ រៀបឥវ៉ាន់លោកធ្វើតែម្នាក់ឯងគត់។
ព្រោះតែរកស៊ីដោយមានភាពស្មោះត្រង់ ពីមួយថ្ងៃទៅមួយថ្ងៃការរកស៊ីនៅប្រទេសថៃរបស់លោក Rayuth កាន់តែរីកចម្រើនខ្លាំងទៅៗ រហូតមកដល់ពេលបច្ចុប្បន្ននេះលោកមានបុគ្គលិកជួយជាច្រើននាក់ មិនតែប៉ុណ្ណោះលោកក៏ជាកូនខ្មែរមួយរូបដែលអាចប្រែវាសនាពីជនចំណាកស្រុក ប្រែក្លាយជាម្ចាស់ហាងធំមួយនៅប្រទេសថៃត្រឹមវ័យ២៨ឆ្នាំ។
លោក Alex Rayuth បានបន្ថែមថា បច្ចុប្បន្ននេះរបររកស៊ីលក់សម្លៀកបំពាក់របស់លោកគឺលក់ដាច់ខ្លាំងណាស់ ដោយសារមានបងប្អូនប្រជាជនខ្មែរជួយគាំទ្រ និងមានអ្នករកស៊ីល្បីៗនៅប្រទេសកម្ពុជាជួយទិញជាហូរហែរ ហើយសម្លៀកបំពាក់របស់លោកក្នុងមួយថ្ងៃអាចឡាយលក់ដាច់ជិត១ពាន់អាវឱ្យណោះ ហើយលោកពិតជាមានអារម្មណ៍រំភើប នឹងសូមអរគុណដល់បងប្អូនប្រជាជនខ្មែរទាំងអស់ដែលតែងតែគាំទ្រទិញសម្លៀកបំពាក់ពីហាងរបស់លោក៕
អត្ថបទ៖ ធី ស្រីល័ក្ខ


