ជាទូទៅធនាគារធំៗភាគច្រើនសុទ្ធតែត្រូវបានដឹកនាំដោយជនបរទេស ក៏ប៉ុន្តែសម័យបច្ចុប្បន្ននេះ យើងឃើញថាមានកូនខ្មែរជាច្រើនបានធ្វើជាអ្នកដឹកនាំតាមធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗ នៅកម្ពុជា។ ជាក់ស្ដែងដូចជាធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុទាំង៥ ខាងក្រោមនេះ សុទ្ធតែគ្រប់គ្រងដោយកូនខ្មែរទាំងអស់។
១. ធនាគារ ហត្ថា
លោកឧកញ៉ា ហួត អៀងតុង ជាប្រធានអគ្គនាយក នៃធនាគារហត្ថា។ លោកឧកញ៉ា គឺជាសហស្ថាបនិករបស់ធនាគារ ហត្ថា ក្នុងឆ្នំា ១៩៩៤ ហើយបានដឹកនាំស្ថាប័ននេះចាប់តាំងពីពេលនោះមក។ លោកឧកញ៉ា មានបទពិសោធន៏ជាច្រើនលើវិស័យហិរញ្ញវត្ថុ ដែលជាកត្តាធ្វើឱ្យលោកក្លាយជាប្រតិបត្តិករ យ៉ាងប៉ិនប្រសប់ទាំងក្នុងការគ្រប់គ្រងស្ថាប័នហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ។
បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ លើជំនាញកសិកម្មនៅឆ្នំា ១៩៩១ លោកក៏បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែករដ្ឋបាល និងគ្រប់គ្រងអាជីវកម្មនៅសាកលវិទ្យាល័យបៀលប្រាយផងដែរ។ ពិសេសជាងនេះទៅទៀត លោក ធ្លាប់ចូលរួមសិក្ខាសាលាជាច្រើននៅក្រៅប្រទេសពាក់ព័ន្ធនឹងវិស័យមីក្រូហិរញ្ញវត្ថុ ដូចជានៅប្រទេស ហ្វីលីពីន សហរដ្ឋអាមេរិក ឥណ្ឌូនេស៊ី បារាំង អាល្លឺម៉ង់ និងប្រទេសជាច្រើនទៀត។
២. ធនាគារ អេស៊ីលីដា
បណ្ឌិត អ៊ិន ចាន់នី ជាប្រធាននាយកប្រតិបត្តិ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់តាំងពីធនាគារបានបង្កើតឡើងនៅក្នុងឆ្នាំ២០០០ ។ លោកបណិ្ឌតបានចូលរួមក្នុងក្រុមប្រឹក្សាភិបាលរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅខែកញ្ញា ឆ្នាំ២០១៤ ។ បណ្ឌិត អ៊ិន ចាន់នី ជាសហស្ថាបនិករបស់សមាគមទីភ្នាក់ងារអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា (អេស៊ីលីដា) តាំងពីខែមករា ឆ្នាំ១៩៩៣ ។ ក្នុងតួនាទីជាប្រធាននាយកប្រតិបត្តិ លោកបណ្ឌិតជាអ្នកដឹកនាំគណៈកម្មាធិការប្រតិបត្តិ ទទួលខុសត្រូវរៀបចំផែនការយុទ្ធសាស្ត្ររួម និងដំណើរការងារអាជីវកម្មប្រចាំថ្ងៃរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និងបុត្រសម្ព័ន្ធ ព្រមទាំងប្រតិបត្តិផែនការអាជីវកម្ម ។
តួនាទីក្រៅពីធនាគារ អេស៊ីលីដា បណ្ឌិត អ៊ិន ចាន់នី ជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ Entrepreneurship Development Fund (EDF) ជាបរធនបាលកិច្ចបង្កើតដោយរាជរដ្ឋាភិបាលកម្ពុជា ។ លោកបណ្ឌិតក៏ជាប្រធានសមាគមធនាគារនៅកម្ពុជា ។ លោកបណ្ឌិតជាអ្នកតំណាងរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាសមាជិករបស់វេទិកាសេដ្ឋកិច្ចពិភពលោក ។
នៅក្នុងឆ្នាំ១៩៩៨ លោកបានបញ្ចប់វគ្គគ្រប់គ្រងស្តីពីស្ថាប័នហិរញ្ញវត្ថុសម្រាប់អភិវឌ្ឍន៍សហគ្រាសឯកជន (FIPED) ពីសាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក ។ លោកបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត ផ្នែកគ្រប់គ្រងអាជីវកម្ម និងបានបញ្ចប់ការសិក្សាពីវិទ្យាស្ថានអូស្ត្រាលីសម្រាប់អភិបាលក្រុមហ៊ុន (GAICD) ។
៣. ធនាគារ ហ្វីលីព
លោក ចាន់ ម៉ាច ជាអភិបាល និងជាអគ្គនាយកនៃធនាគារ ហ្វីលីព។ លោកបានបញ្ជប់បរិញ្ញាបត្រគណិតវិទ្យា និងមានបទពិសោធន៍ជាគ្រូបង្រៀនគណិតវិទ្យា ហើយបានចូលរួមជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត ដំបូងក្នុងឆ្នាំ1999 ក្នុងតំណែងជាសវនករ និងជាគ្រូបណ្តុះបណ្តាល។ សក្តានុពលផ្នែកគ្រប់គ្រងរបស់គាត់ត្រូវបានទទួលស្គាល់ ហើយគាត់បានក្លាយជាអ្នកគ្រប់គ្រងសាខាប្រចាំទីក្រុងភ្នំពេញក្នុងឆ្នាំ2001។
លោក ម៉ាច បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន 2៖ បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអាជីវកម្ម (MBA) និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និងធនាគារ (MFB)។ គាត់បានចូលរួមក្នុងវគ្គសិក្សាជាច្រើនទាំងថ្នាក់ជាតិ និងអន្តរជាតិ ទាក់ទងនឹងមីក្រូហិរញ្ញវត្ថុ និងធនាគារ។ បច្ចុប្បន្នលោកជាសមាជិកមួយរូបរបស់សមាគមធនាគារនៅកម្ពុជា (ABC) ហើយបន្ទាប់ពីការរួមបញ្ចូលគ្នារវាងធនាគារ ហ្វីលីព និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត មក លោកត្រូវបានតែងតាំងជាអគ្គនាយករបស់ធនាគារ។
៤. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC
លោក សុខ វឿន ជាប្រធាននាយកប្រតិបត្តិនៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ។ លោកទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ គ្រប់គ្រងអាជីវកម្ម ជំនាញហិរញ្ញវត្ថុ និងធនាគារ នៅសាកល វិទ្យាល័យបៀលប្រាយ ប្រទេសកម្ពុជាក្នុងឆ្នាំ២០០៥ និងសញ្ញាបត្របរិញ្ញាបត្រ វិទ្យាសាស្ដ្រសេដ្ឋកិច្ច ជំនាញគ្រប់គ្រងសហគ្រាស នៅអតីតមហាវិទ្យាល័យនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច ក្នុងឆ្នាំ២០០០។
លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើននៅក្នុងប្រទេសកម្ពុជា និងនៅក្រៅប្រទេស ទាក់ទងនឹងជំនាញដូចជា ភាពជាអ្នកដឹកនាំក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ការគ្រប់គ្រងឥណទាន ការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងធនធានមនុស្ស ការគ្រប់គ្រងហានិភ័យ អភិបាលកិច្ច ការច្នៃប្រឌិតទៅលើប្រព័ន្ធឌីជីថល ផលប៉ះពាល់បរិស្ថាននិងសង្គម និងជំនាញផ្សេងៗទៀត។
លោកធ្លាប់បានបម្រើការជាមន្ដ្រីឥណទាននៅ ធនាគារអេស៊ីលីដា ភីអិលស៊ី ពីឆ្នាំ២០០០ ដល់ ឆ្នាំ២០០១ ហើយ លោកត្រូវបានដំឡើងតំណែងជាប្រធានផ្នែកគ្រប់គ្រងឥណទាន នៅការិយាល័យកណ្តាលពីឆ្នាំ២០០១ ដល់ ឆ្នាំ២០០៥។
លោក ចាប់ផ្ដើមបម្រើការងារនៅអិលអូអិលស៊ី ជាប្រធាននាយកប្រតិបត្តិការ នៅក្នុងខែមេសា ឆ្នាំ២០១០ ហើយលោកត្រូវបានដំឡើងតំណែង ជាអនុប្រធាននាយកប្រតិបត្តិ នៅខែធ្នូ ឆ្នាំ២០១២។ បច្ចុប្បន្ន លោកត្រូវបានក្រុមប្រឹក្សាភិបាល តែងតាំងជាប្រធាន នាយកប្រតិបត្តិ ចាប់តាំងពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៤។
៥. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK
លោក គា បូរាណ ជាអភិបាល និងប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK។ ចាប់តាំងពីឆ្នាំ ២០០៤ មក លោកបានកាន់តំណែងថ្នាក់ដឹកនាំជាច្រើន ដើម្បីចូលរួមអភិវឌ្ឍគ្រឹះស្ថានដូចជា ប្រធានផ្នែកហិរញ្ញវត្ថុ នាយកប្រតិបត្តិហិរញ្ញវត្ថុ (CFO) អនុប្រធាននាយកប្រតិបត្តិ។
មុនពេលដែលលោកចូលបម្រើការងារជាមួយ អេ អឹម ខេ លោកបានបម្រើការឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយផ្សេងទៀតក្នុងតួនាទីជានាយកគ្រប់គ្រងហិរញ្ញវត្ថុអស់រយៈពេលជាង ៤ ឆ្នាំ។ លោក បូរាណ ក៏កាន់តំណែងជាអភិបាលក្នុងស្ថាប័នផ្សេងទៀតដូចជា សមាគមនធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងការិយាល័យឥណទានកម្ពុជា (CBC)។
លោក បូរាណ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រហិរញ្ញវត្ថុ និងគណនេយ្យ។ លោកទទួលបានសញ្ញាបត្រ ជាគណនេយ្យករអាជីព ACCA (Association of Chartered Certified Accountants) ជាផ្លូវការ និងបានចូលជាសមាជិកគណនេយ្យករអាជីព ACCA ក្នុងឆ្នាំ ២០០៨។
អត្ថបទដោយ៖ សូ សុខលី