បច្ចុប្បន្នមានពលករខ្មែរជាច្រើននាក់កំពុងតែបម្រើការងារនៅប្រទេសកូរ៉េខាងត្បូង ហើយតាមរយៈឱកាសការងារនៅប្រទេសកូរ៉េខាងត្បូងបានធ្វើឱ្យជីវភាពគ្រួសាររបស់ប្រជាជនកម្ពុជា ជាច្រើនគ្រួសារមានភាពធូធារ រស់នៅក្នុងជីវភាពមួយក៏ល្អប្រសើរ។ក្រៅពីជួយឱ្យសេដ្ឋកិច្ចគ្រួសារមានការរីកចម្រើនហើយនោះ ពលករដែលកំពុងធ្វើការនៅកូរ៉េក៏បានជួយឱ្យចរន្តសេដ្ឋកិច្ចជាតិមានការរីកចម្រើនផងដែរ។
យោងតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនៅក្នុងកម្មវិធីសង្ក្រាន្តនៅឯប្រទេសកូរ៉េខាងត្បូង ឯកឧត្តម អិត សំហេង បានឱ្យដឹងថា ជារៀងរាល់ឆ្នាំពលករនៅកូរ៉េរកចំណូលជូនជាតិបានជិត ៦០០លានដុល្លារ ដែលចំណូលនេះបានមកតាមរយៈការផ្ញើរប្រាក់ជូនក្រុមគ្រួសាររបស់ពលករខ្មែរ ដោយជាមធ្យមពួកគាត់ផ្ញើរមកគ្រួសារបាន ប្រមាណ ១ពាន់ដុល្លារ ក្នុង១ខែ។កត្តានេះបានបង្ហាញថា ពលករខ្មែរនៅទីនោះ បានរួមចំណែកក្នុងការលើកកម្ពស់ជីវភាពគ្រួសារ និងជួយបង្កើនចរន្តសេដ្ឋកិច្ចជាតិថែមមួយកម្រិតទៀត។
បន្ថែមពីនេះ រដ្ឋមន្ត្រីក្រសួងការងារ បានធ្វើការកោតសរសើរយ៉ាងខ្លាំងចំពោះពលករខ្មែរធ្វើការនៅកូរ៉េ ដែលបានរួមចំណែកក្នុងការលើកកម្ពស់ជីវភាពគ្រួសារ និងជួយបង្កើនចរន្តសេដ្ឋកិច្ចជាតិ និងបានលើកឡើងយ៉ាងដូច្នោះទៀតថា «បន្ទាប់ពីបញ្ចប់អាណត្តិការងាររបស់ខ្លួន ក្មួយៗជាពលករនឹងទទួលជំនាញ វិន័យ ចំណេះដឹង ធនធាន និងបទពិសោធន៍ ដើម្បីយកទៅអនុវត្តនៅប្រទេសយើង មិនតែប៉ុណ្ណោះ ក្មួយៗ ក៏ជាស្ពានសម្រាប់ការទាក់ទាញវិនិយោគដោយផ្ទាល់របស់កូរ៉េ ដែលពួកគេតែងតែកោតសរសើរ និងសង្កេតឃើញថា ពលករកម្ពុជាតែងតែគោរពវិន័យការងារបានត្រឹមត្រូវ និងមានឥរិយាបថល្អអំឡុងពេលបម្រើការងារ»។
គួរបញ្ជាក់ផងដែរថា សម្រាប់ឆ្នាំ ២០២៣ នេះ សាធារណៈរដ្ឋកូរ៉េ បានសន្យាផ្តល់កូតា សម្រាប់ពលករកម្ពុជា ឱ្យបានលើស១ម៉ឺននាក់ក្នុងឆ្នាំ២០២៣នេះ ខណៈពេល ក្នុងឆ្នាំ២០២២ កន្លងមកថ្មីៗនេះ កម្ពុជាទទួលបានចំណាត់ថ្នាក់ល្អ ក្នុងវិស័យបញ្ជូនពលករទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ ហើយតាមរយៈការវាយតម្លៃពីខាងភាគីកូរ៉េ ឃើញថា ពលករកម្ពុជាមានភាពស្មោះត្រង់ ឧស្សាហ៍ព្យាយាម យកចិត្តទុកដាក់នឹងការងារ ធ្វើឱ្យនិយោជកកូរ៉េ ស្រលាញ់ពេញចិត្តជាខ្លាំង។
បន្ថែមពីនោះភាគីកូរ៉េក៏នឹង រៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញដល់ពលករខ្មែរ ដែលចប់អាណត្តិការងារនៅកូរ៉េ ដោយមានគោលដៅផ្តល់ប្រាក់កម្ចីជួយដល់ពលករ ដើម្បីអាចបើកអាជីវកម្មមួយបានសមរម្យ និងមានប្រាក់ចំណូលបានយ៉ាងប្រសើរផងដែរ៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង


