លើកស្ទួយប្រាក់រៀលខ្មែរ! ទីបំផុត លុ.យរៀលខ្មែរ បានដាក់ឱ្យជូញដូរនៅព្រលានយន្តហោះប្រទេសជប៉ុនជាផ្លូវការហើយ
Sambat SokhlangAPRIL 17 20241.7 K views

ប្រាក់រៀលខ្មែរកាន់តែមានទីផ្សារជាងមុនក្រោយធនាគារជាតិនៃកម្ពុជាបានធ្វើការសហការជាមួយនឹងប្រទេសជប៉ុនក្នុងការដាក់ឱ្យដំណើរការជាផ្លូវការនូវការជូញដូរប្រាក់រៀលខ្មែរនៅក្នុងព្រលានយន្តហោះ Haneda ទីក្រុងតូក្យូ ប្រទេសជប៉ុន។

កាលពីពេលថ្មីៗកន្លងទៅនេះ ឯកឧត្តម គីមទី កោមលី អគ្គនាយកប្រតិបត្តិការធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមកាត់ខ្សែបូរសម្ភោធដាក់បញ្ចូលប្រាក់រៀលនៅក្នុងតារាងជួញដូររូបិយប័ណ្ណនៅបញ្ជរប្តូរប្រាក់របស់ក្រុមហ៊ុន Travelex នៅព្រលានយន្តហោះអន្តរជាតិ Haneda ទីក្រុងតូក្យូ ប្រទេសជប៉ុន ក្រោមកិច្ចសហការរវាងធនាគារជាតិនៃកម្ពុជានិងក្រុមហ៊ុន Travelex ។

435279212 763189122621568 8448470669629763136 N

ការដាក់ឱ្យមានការជួញដូរប្រាក់រៀលជាលើកដំបូងនៅប្រទេសជប៉ុននេះ នឹងសម្រួលទេសចរជប៉ុនដែលទៅទស្សនកិច្ចនៅប្រទេសកម្ពុជា អាចប្ដូរយកប្រាក់រៀលដោយងាយស្រួល ព្រមទាំងជួយជំរុញភ្ញៀវទេសចរអន្តរជាតិមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើនជាងមុន។

លើសពីនេះទៅទៀត ការដាក់បញ្ចូលប្រាក់រៀលនៅលើតារាងជួញដូរនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិដូចជានៅទីក្រុងតូក្យូ ជាសក្ខីភាពបញ្ជាក់ថាប្រាក់រៀលអាចជួញដូរជាលក្ខណៈអន្តរជាតិ និងឆ្លុះបញ្ចាំងអំពីកំណើននៃជំនឿទុកចិត្តនិងការទទួលស្គាល់ប្រាក់រៀលកាន់តែទូលំទូលាយ ដែលនេះជាលទ្ធផលនៃកិច្ចប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជាក្នុងការរក្សាស្ថិរភាពប្រាក់រៀលក្នុងរយៈពេលពីរទសវត្សរ៍មកនេះ។

438205530 763189209288226 553047356586262195 N

គួរបញ្ជាក់ថា នេះជាលើកទីពីរហើយ ដែលក្រុមហ៊ុន Travelex បានសហការជាមួយធនាគារជាតិនៃកម្ពុជា ក្នុងការដាក់បញ្ចូលប្រាក់រៀលនៅលើតារាងជួញដូរនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ បន្ទាប់ពីបានដាក់បញ្ចូលនៅព្រលានយន្តហោះអន្តរជាតិ Changi ប្រទេសសិង្ហបុរី កាលពីឆ្នាំ២០២៣។ ហើយនៅពេលខាងមុខ ធនាគារជាតិនៃកម្ពុជានឹងបន្តសហការជាមួយក្រុមហ៊ុន Travelex ដើម្បីដាក់ប្រាក់រៀលនៅលើតារាងជួញដូរនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិជាច្រើនទៀតនៅលើពិភពលោកផងដែរ៕

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia