ជីវិតមនុស្សយើងពិតជាគ្មានភាពទៀងទាត់នោះទេ សូម្បីតែអ្នកនាង ខាត់ សុឃីម ដែលជាតារាពហុជំនាញដ៏ល្បីល្បាញ ក៏ធ្លាប់ធ្លាក់ក្នុងរណ្ដៅបំណុលយ៉ាងជ្រៅស្ទើរតែរើខ្លួនមិនរួចដែរ ទម្រាំតែគាត់មានបានដូចសព្វថ្ងៃនេះ។ កន្លងមកអ្នកនាង ខាត់ សុឃីម តែងតែចែករំលែកនូវបទពិសោធន៍ក៏ដូចជាគន្លឹះល្អៗជាច្រើនដែលអ្នកនាងបានប្រើក្នុងការដោះបំណុលរាប់សិបម៉ឺនដុល្លារ ក្នុងរយៈពេលដ៏ខ្លី៖
១. ត្រូវមានស្មារតីរឹងមាំ និងមានកម្លាំងចិត្ត៖ នៅពេលមានបំណុលវ័ណ្ឌកច្រើន មនុស្សភាគច្រើនតែងចង់នៅម្នាក់ឯង និងបាក់ទឹកចិត្ត ប៉ុន្តែអ្នកនាង ខាត់ សុឃីម បានណែនាំចំពោះអ្នកកំពុងជួបបញ្ហាបែបនេះឱ្យដើរចេញទៅក្រៅដើម្បីមើលពិភពលោក និងព្យាយាមហាត់ប្រាណដើម្បីឱ្យខួរក្បាលស្រឡះល្អ។
ជាពិសេស កម្លាំងចិត្តពីសមាជិកគ្រួសារក៏ជាកត្តារួមសំខាន់ផងដែរ។ អ្នកនាងថា ប្តីប្រពន្ធត្រូវមានភាពស្មោះត្រង់នឹងគ្នា មិនត្រូវលាក់បាំងរឿងបំណុល ឬជាន់ពន្លិចគ្នានៅពេលមានអាសន្ននោះទេ ព្រោះសាមគ្គីភាពក្នុងគ្រួសារគឺជាកម្លាំងចលករដ៏ធំបំផុតក្នុងការដោះស្រាយបញ្ហា។ ជាក់ស្ដែងដូចជា គ្រួសារអ្នកនាងទោះបីជាមានបំណុលជាប់ខ្លួនច្រើន តែអ្នកនាងសំណាងដែលមានស្វាមីនៅក្បែរចាំលើកទឹកចិត្ត និងចាំជួយណែនាំគ្រប់ពេលធ្វើឱ្យអ្នកមានកម្លាំងចិត្តរហូតអាចងើបឈរឡើងវិញបាន។
២. ភាពស្មោះត្រង់ជាមួយម្ចាស់បំណុល៖ អ្នកនាង ខាត់ សុឃីម បញ្ជាក់ថា កូនបំណុលមិនត្រូវគេចវេស បិទទូរសព្ទ ឬប្លុកម្ចាស់បំណុលចោលទេ។ ផ្ទុយទៅវិញ ត្រូវតែរក្សាទំនាក់ទំនងជានិច្ច ដើម្បីឱ្យគេដឹងថា យើងមិនបានរត់ចោលបំណុល និងកំពុងខំប្រឹងរកលុយមកសងគេវិញ។ ការចរចាដោយសន្តិវិធីជាមួយធនាគារ ឬម្ចាស់បំណុលឯកជនដើម្បីសុំពន្យារពេលបង់ការប្រាក់ គឺជាជម្រើសដ៏ល្អដែលជួយឱ្យយើងមានឱកាស «ដកដង្ហើម» និងមានពេលវេលាសម្រាប់បង្វិលសាច់ប្រាក់។ ជាមួយគ្នានេះដែរ យើងក៏ត្រូវចេះបន្ទាបខ្លួនចេញធ្វើការងារគ្រប់យ៉ាងដោយមិនខ្លាចបាក់មុខ និងមិនត្រូវប្រើជីវិតឡូយឆាយហួសពីសមត្ថភាពពិតប្រាកដ ដែលនាំឱ្យម្ចាស់បំណុលខឹងសម្បានោះឡើយ។
៣. ប្រើយុទ្ធសាស្ត្រ «កាត់សាច់ដេរស្នាម»៖ ទោះបីជាត្រូវខាតបង់ ឬស្ដាយស្រណោះយ៉ាងណា ក៏យើងត្រូវតែដាច់ចិត្តលក់ទ្រព្យសម្បត្តិដូចជាដី ផ្ទះ ឬឡាន ដើម្បីយកមកផ្ដាច់បំណុលឱ្យរួមតូច។ អ្នកនាងក៏បានប្រើវិធីសងបំណុលតាមបែប Snowball ដែរជាយុទ្ធសាស្ត្រសងបំណុលដោយផ្តោតលើការសងបំណុលពីតូចទៅធំ។ មានន័យថាអ្នកនាងបានជ្រើសរើសសងបំណុលតូចៗឱ្យអស់ជាមុន ដើម្បីកុំឱ្យមានការរំខានច្រើន ហើយទុកកម្លាំងទៅដោះស្រាយបំណុលធំៗតាមក្រោយ។ អ្វីដែលត្រូវប្រុងប្រយ័ត្នបំផុតនោះ គឺបម្រាមក្នុងការយកបំណុលថ្មីទៅសងបំណុលចាស់ ព្រោះវានឹងធ្វើឱ្យយើងផុងខ្លួនកាន់តែជ្រៅ រកផ្លូវចេញមិនឃើញឡើយ។
ភាពជោគជ័យរបស់អ្នកនាង ខាត់ សុឃីម ក្នុងការសងបំណុលជិតមួយលានដុល្លារនេះ គឺកើតចេញពីការរួមផ្សំគ្នារវាងភាពអត់ធ្មត់ កម្លាំងចិត្តពីគ្រួសារ និងភាពស្មោះត្រង់បំផុតចំពោះអ្នកដែលមានគុណជួយឱ្យយើងខ្ចីបុល។ វាជាមេរៀនមួយដាស់តឿនដល់អ្នកដែលកំពុងធ្លាក់ក្នុងស្ថានភាពលំបាកដូចគ្នាថា ដរាបណាយើងមានជីវិត និងមិនបោះបង់ការព្យាយាម យើងប្រាកដជាអាចដោះស្រាយរាល់បញ្ហាទាំងអស់បានជាក់ស្ដែងដូចជាអ្នកនាង ខាត់ សុឃីម ចឹង៕


