ការលក់តាមអនឡាញគឺជាអាជីវកម្មមួយដែលនរណាក៏អាចចាប់ផ្តើមបាន ព្រោះវាមិនតម្រូវឱ្យមានដើមទុនច្រើន ដើម្បីជួលតូប ជួលដីនោះទេ ពោលមានតែទូរស័ព្ទមួយក៏អាចធ្វើបាន។ ទន្ទឹមនឹងភាពងាយស្រួលនេះដែរក៏ពុំមែនមានន័យថា គ្រប់គ្នាសុទ្ធតែអាចដំណើរការបានរលូន និងជោគជ័យដែរ ជាក់ស្តែងវាទាមទារឱ្យយើងមានក្បួន និងរបៀបធ្វើត្រឹមត្រូវទើបអាចទទួលបានផលល្អ។
ពាក់ព័ន្ឋជាមួយបញ្ហានេះ ថ្ងៃនេះ Business Cambodia សូមលើកយកគន្លឹះផុស៤ លក់លើផេកដឹងតែមានអ្នកទិញ។ ដោយក្នុងនោះរួមមាន៖
១. មិនព្យាយាមផុសអួតផលិតផល៖ ជាការពិតណាស់ដើម្បីលក់ដាច់ មិនគួរអួតពីផលិតផលដែលអ្នកលក់នោះទេ ព្រោះអតិថិជនអាចនឹងមានអារម្មណ៍ថា ឱ្យតែរបស់យើងលក់ យើងអួតចឹង ព្រោះចង់ឱ្យគេទិញ។ ម្ល៉ោះហើយក្នុងនាមជាអ្នកលក់ អ្នកត្រូវបង្កើតភាពជឿជាក់លើខ្លួនឯងដោយការខិតខំស្វែងរកដំណោះស្រាយសម្រាប់អតិថិជនរបស់អ្នក នោះមានន័យថាការផ្លាស់ប្តូរពីអួតអំពីផលិតផលទៅជាដំណោះស្រាយបញ្ហាជូនអតិថិជនវិញ។
ហើយអ្វីដែលកាន់តែសំខាន់ជាងនេះទៅទៀត នៅពេលដែលយើងអាចដោះស្រាយបញ្ហាជូនពួកគាត់បាន នោះគាត់និងសប្បាយចិត្ត ហើយថែមទាំងជួយផ្សាព្វផ្សាយទៅកាន់មនុស្សជាទីស្រលាញ់របស់ពួកគាត់បន្តទៀត។
២.ផុសប្រមូសិនដោយបង្កើតអារម្មណ៍បន្ទាន់៖ តាមពិតទៅការប្រមូលសិននៅតែជាទិចនិកធ្វើទីផ្សារដ៏ពេញនិយមមួយរបស់ អ្នកលក់នាពេលបច្ចុប្បន្ន ការប្រមូលសិននៅក្នុងនេះគឺសំដៅទៅលើ ថ្ងៃពិសេសណាមួយ ដូចជាថ្ងៃឈប់ សម្រាកសៅរ៍ អាទិត្យ ឬពិធីបុណ្យធំៗ ភ្ជុំបិណ្ឌ ចូលឆ្នាំជាដើម ដោយក្នុងនោះទាំងអស់គ្នាអាចធ្វើការ ប្រាប់ទៅកាន់អតិថិជន ថានឹងលក់ទំនិញឱ្យអស់ ថែមជូនការដូ ចំនួនមានកំណត់ ទាំងនេះសុទ្ធតែជាពាក្យ ដែលធ្វើឱ្យភ្ញៀវមានអារម្មណ៍ថាចង់ទិញ ខ្លាចបាត់បងឱកាសនៅក្នុងការទិញរបស់ខ្លួន ។
៣. ផ្តល់ទំនុកចិត្ត៖ ជាការពិតណាស់ក្នុងការលក់ដំបូងភ្ញៀវអាចនឹងមើលយើង ប៉ុន្តែមិនអាចទិញពីយើងទេ ចម្លើយនោះព្រោះតែគាត់ខ្វះទំនុកចិត្ត ដូច្នេះហើយអ្នកត្រូវព្យាយាមធ្វើយ៉ាងណា ឱ្យភ្ញៀវជឿលើយើង ដោយអ្នកនិយាយតែពាក្យពិត ល្អថាល្អ ស្អាតថាស្អាត ហើយបើភ្ញៀវយកទៅមិនដូចអ្វីដែលអ្នកនិយាយ យើងដូរជូនវិញ ឬក៏ផ្តល់នៅសំណងជូនវិញ។
ការធ្វើបែបនេះ ភ្ញៀវនឹងគិតថាអ្នកជាមនុស្សមានទំនួលខុសត្រូវ រហូតដល់ភ្ញៀវស្រលាញ់ពេញចិត្ត និងប្រាប់តៗគ្នាពីមាត់មួយទៅមាត់មួយទៀត ដូចពាក្យមួយឃ្លាថា ក្អែកមួយ ក្អែក១០០ដូច្នេះដែរ។
៤. ផុសដោយកំណត់ពេលវេលា៖ បងប្អូនអ្នកលក់អនឡាញមួយចំនួននៅតែមិនទាន់យល់ពីរបៀបផុស និងឡាយ ជួនកាលចេះតែផុស និងចេះតែឡាយៗ គ្មានដឹងពេលវេលាណាឱ្យច្បាស់លាស់សោះ ទាំងគេទាំងយើងក៏មានអារម្មណ៍ថាធុញដែរ ជាពិសេសនោះអ្នកលក់អត់មានកម្មវិធីពិសេសណា មួយសម្រាប់ហ្វេន ឬអ្នកទិញរបស់ខ្លួន ។
ត្រង់ចំណុចនេះទាំងអស់គ្នាជាអ្នកលក់ ត្រូវកំណត់ពេលវេលា ឱ្យបានច្បាស់លាស់ ក្នុងការបង្កើតនៅកម្មវិធីប្រមូលសិន ឧទាហរណ៍ថាថ្ងៃស្អែកម៉ោង៨យប់ និងមានការ ម្រមូលសិន២០ភាគរយទៅលើទំនិញដែលមិនធ្លាប់មាន ស្តាប់មើលទៅទាំងអស់គ្នានឹងមានអារម្មណ៍ថា ពិសេសមែនទែន ហើយបើមិនចាំទិញពេលនោះទេ អាចនឹងស្តាយក្រោយជាពុំខាន ដោយសារឱកាសនេះ មានតែម្តងប៉ុណ្ណោះ ចង់មិនចង់ភ្ញៀវប្រាកដជាចាំមើលការឡាយរបស់អ្នកជាពុំខាន៕


