ក្រោយបញ្ចប់ការប្រកួតរវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ជាមួយឥណ្ឌូនេស៊ី នៅពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីយប់មិញ ដោយលទ្ធផល ២៖១ ដោយកម្ពុជា១ ឥណ្ឌូនេស៊ី ២ ហើយលទ្ធផលនេះបានធ្វើឱ្យកម្ពុជាមិនអាចឡើងទៅវគ្គបន្ដបាននៅក្នុងព្រឹត្ដិការណ៍ស៊ីហ្គេមលើកទី៣២ឡើយ។ ខណៈការប្រកួតនេះក៏ជាពេលវេលាចុងក្រោយនៃការដឹកនាំរបស់លោក Keisuke Honda ក្នុងក្រុមជម្រើសជាតិកម្ពុជាផងដែរ។
បន្ទាប់ពីបញ្ជាប់ការប្រកួតកាលពីយប់មិញ មុននេះបន្តិចលោក Honda បានសរសេរសារប៉ុន្មានឃ្លា មកកាន់កីឡាករនិងប្រជាជនកម្ពុជា យ៉ាងដូច្នេះថា “ បេសកម្មរបស់ខ្ញុំរបស់ពេល៥ឆ្នាំជាមួយកម្ពុជាត្រូវបានបញ្ចប់កាលពីយប់មិញហើយ ទោះជាពួកយើងមិនអាចធ្វើបានតាមការគ្រោងទុក ប៉ុន្តែពួកយើងរីករាយជាមួយលទ្ធផល។ ទោះជាការពិតខ្លះពិបាកក្នុងការទទួលយក ប៉ុន្តែ “ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា” គឺជាថាមពល និងជាក្តីសង្ឃឹមរបស់ខ្ញុំ។ នេះហើយជាមូលហេតុដែលខ្ញុំអាចបន្តបេសកម្មរបស់ខ្ញុំរហូតដល់ទីបញ្ចប់”។
ខណៈសារចុងក្រោយរបស់លោក Keisuke Honda អ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិបាល់ទាត់បុរសកម្ពុជាបានបង្ហោះសារមួយលើហ្វេសប៊ុកផេករបស់លោកថា “ Have a dream, Follow the dream” ដែលភាសាខ្មែរមានន័យថា “មានសុបិន គឺធ្វើតាមសុបិន”។
សូមជម្រាបថា លោក Keisuke Honda បានចូលមកដឹកនាំក្រុមជម្រើសជាតិកម្ពុជារយៈពេល ៥ ឆ្នាំហើយពោលចាប់តាំងពីឆ្នាំ២០១៨មកម៉្លេះ។ អ្វីដែលធ្វើឲ្យប្រជាជន និងអ្នកកាំទ្របាល់ទាត់កម្ពុជា គោរពស្រឡាញ់លោកខ្លាំង គឺក្នុងការដឹកនាំជាច្រើនឆ្នាំកន្លងមកនេះលោក Honda ពុំយកប្រាក់ខែពីសហព័ន្ធបាល់ទាត់កម្ពុជានោះឡើយ៕
អត្ថបទដោយ៖ ឌឿក ស្រី នុត