ដើម្បីបង្កើនសោភណភាពនៅក្នុងខេត្ដ និងទាក់ទាញភ្ញៀវទេសចរឲ្យបានកាន់តែច្រើនថែមទៀតនោះ រដ្ឋបាលខេត្ដកំពត បានសាងសង់រូបសំណាក់បាតដៃ (មានសណ្ឋានជាបាតដៃទ្រ) ដែលអាចឱ្យភ្ញៀវទេសចរឡើងទៅទស្សនាថ្ងៃលិច ជួរភ្នំបូកគោ ដងព្រែកកំពង់បាយ ពិសេសថតរូបអនុស្សាវរីយ៍បានយ៉ាងស្រស់ស្អាត។
រូបសំណាកបាតដៃនេះ ត្រូវបានសាងសង់ឡើងក្នុងបរិវេណឆ្នេរខ្សាច់ព្រែកកំពង់បាយមុខមន្ទីរពេទ្យបង្អែកខេត្ត ចន្លោះពីស្ពានចាស់ (ស្ពានឥន្ទធនូ) និងស្ពានថ្មថ្មី (ស្ពានកំពង់បាយ) ដែលមានកម្ពស់ ១២ម៉ែត្រ មានជណ្តើរឡើងចុះសងខាងរួមនឹងបង្កាន់ដៃផងដែរ។

តាមប្រសាសន៍លើកឡើងរបស់ឯកឧត្ដម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ដបានឲ្យដឹងថា រូបសំណាក់នេះបង្កប់នូវអត្ថន័យដូចជា៖ “ទី១. ការទ្រ ការក្បង់ សុខទុក្ខពលរដ្ឋនៅក្នុងដៃ ទី២. សុំពរ សុំជ័យ សុំសេរីមង្គល សុំអត្ថប្រយោជន៍ សុំការទទួលទានគ្រប់យ៉ាង។ ព្រោះអីនៅក្នុងខេត្ដយើងនេះយើងទទួលទានទឹកធ្លាក់ពីភ្នំ ធ្លាក់ពីកំចាយ ធ្លាក់ពីបូកគោ អ៊ីចឹងប្រជាពលរដ្ឋនៅក្នុងខេត្ដរស់រានដោយសារទឹក”។
ក្រៅពីរូបសំណាក់នេះ រដ្ឋបាលខេត្ដកំពតក៏បានសាងសង់វិថីអាហារ លើសួនច្បារផ្សារក្រណាត់ នៅកណ្តាលក្រុងកំពតផងដែរ ដោយផ្សារនេះត្រូវបានសាងសង់តាមរចនាបថខ្មែរសុទ្ធសាត ជាមួយនឹងការបំពាក់នូវប្រព័ន្ធលូដោះទឹក ប្រព័ន្ធភ្លើង ដើម្បីផ្តល់ភាពងាយស្រួលដល់អាជីវករលក់ដូរក្នុងវិថីអាហានេះ។
តាមការរំពឹងទុក សមិទ្ធផលទេសចរណ៍ថ្មីនេះ រួមនិងវិថីអាហារ និងសាងសង់រួចរាល់នៅមុនពេលបុណ្យចូលឆ្នាំខ្មែរចូលមកដល់ ហើយសមិទ្ធផលទាំងពីរនេះនឹងកាន់តែធ្វើឱ្យក្រុងកំពត ក៏ដូចជាខេត្តកំពតមានភាពទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ឱ្យមកលេងកម្សាន្តកាន់តែច្រើនបន្ថែមទៀតក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរដែលនឹងឈានចូលមកដល់នាពេលខាងមុខ៕



