អបអរសាទរអ្នកខេត្ដកណ្ដាល ខណៈថ្មីៗនេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគបង្កើតរោងចក្រផលិតឧបករណ៍លើកដាក់ ឧបករណ៍ជាង និងសម្ភារបន្ទាប់បន្សំ (ពីលោហធាតុ និងប្លាស្ទិក) ដែលមានទីតាំងស្ថិតនៅអគារលេខ ផ្លូវជាតិលេខ ៤ ភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល។

តាមការចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ គម្រោងនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន ខេមអូតូ អ៊ិនដាសស្រ្ទៀល អ៊ិន ឯ.ក (CAMAUTO INDUSTRIAL INTL CO., LTD. មានវិនិយោគសរុបចំនួនប្រមាណ ៥,៨ លានដុល្លារអាមេរិក។ នៅពេលបើកដំណើរការរោងចក្រផលិតឧបករណ៍លើកដាក់ ឧបករណ៍ជាង និងសម្ភារបន្ទាប់បន្សំនេះ អាចបង្កើតការងារបានចំនួន ៥៣៧កន្លែងជូនពលរដ្ឋនៅក្នុងតំបន់ផងដែរ។

សូមជម្រាបផងដែរថា នៅក្នុងរយៈពេល៩ខែនៃ ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៤៦គម្រោង មានទុនសរុបប្រមាណ ៧.៨ ពាន់លានដុល្លារអាមេរិក និងបង្កើតឱកាសការងារបានចំនួន ៣៧.៦ ម៉ឺនកន្លែងជូនប្រជាពលរដ្ឋ។ អ្វីដែលពិសេស សម្រាប់ខេត្ដកណ្ដាលក៏ទទួលបានគម្រោវិនិយោគចំនួន ៤១ គម្រោងផងដែរ៕




