ខេត្ដកណ្ដាលទទួលបានគម្រោងវិនិយោគថ្មីៗចំនួន ២ បន្ថែមទៀត ដែលមានទុនវិនិយោគសរុបជាង ១៣ លានដុល្លារ និងអាចបង្កើតឱកាសការងារបានជាង ១ ពាន់កន្លែងផងដែរ នៅពេលគម្រោងទាំងនេះបើកដំណើរការ។ យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) គម្រោងទាំងពីរខាងលើនេះរួមមាន៖
១. រោងចក្រផលិតសម្ភារកីឡា ដែលមានទីតាំងស្ថិតនៅក្បាលដីលេខ 607 ភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង។ គម្រោងនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន SUREWIN WORLDWIDE (CAMBODIA) CO.,LTD មានទុនវិនិយោគចំនួន ៧,២លានដុល្លារ ហើយនៅពេលបើកដំណើរការអាចបង្កើតការងារបានចំនួន ៤៩៥កន្លែង។ ចេញផ្សាយដោយ CDC នៅថ្ងៃទី២២ ខែតុលា។

២. រោងចក្រផលិតឧបករណ៍ជាង និងសម្ភារបន្ទាប់បន្សំ (ពីលោហធាតុ និងប្លាស្ទិក) ដែលមានទីតាំងស្ថិតនៅអគារលេខ A-19 ផ្លូវជាតិលេខ៤ ភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល។ គម្រោងរោងចក្រថ្មីនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុន CAMWORKS ASIA CO.,LTD មានទុនវិនិយោគសរុបចំនួន ប្រមាណ ៦,៣លានដុល្លារ ហើយនៅពេលបើកដំណើរការអាចបង្កើតការងារបានចំនួន ៥៧៤កន្លែងជូនពលរដ្ឋផងដែរ។ ចុះផ្សាយដោយ CDC នៅថ្ងៃទី២៣ ខែតុលា។

សូមជម្រាបផងដែរថា នៅក្នុងរយៈពេល៩ខែនៃ ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៤៦គម្រោង មានទុនសរុបប្រមាណ ៧.៨ ពាន់លានដុល្លារអាមេរិក និងបង្កើតឱកាសការងារបានចំនួន ៣៧.៦ ម៉ឺនកន្លែងជូនប្រជាពលរដ្ឋ។ អ្វីដែលពិសេស សម្រាប់ខេត្ដកណ្ដាលក៏ទទួលបានគម្រោវិនិយោគចំនួន ៤១ គម្រោងផងដែរ៕



