កំពង់ផែអន្ដរជាតិកំពត (KAMPOT INTERNATIONAL PORT) ដំណាក់កាលទី១ តម្លៃសរុប ១៤០ លានដុល្លារ នឹងត្រូវសម្ពោធដាក់ឲ្យដំណើរការនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះហើយ។ ដោយពិធីសម្ពោធនេះនឹងមានការអញ្ជើញចូលរួម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមការដកស្រង់ពីក្រសួងព័ត៌មាន នៅថ្ងៃទី២១ ខែឧសភានេះ។
សូមជម្រាបថា កំពង់ផែអន្តរជាតិកំពតមានទីតាំងនៅភូមិគីឡូ ១២ សង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត សាងសង់លើផ្ទៃដី២០៧ហិកតា។ ។ គម្រោងនេះត្រូវបានវិនិយោគដោយក្រុមហ៊ុនកំពតផត របស់អ្នកឧកញ៉ា វិញ ហួរ ដែលជាក្រុមហ៊ុនឯកជនក្នុងស្រុក ១០០ភាគរយ ។
កំពង់ផែនេះ គឺជាកំពង់ផែទឹកជ្រៅទី២ របស់កម្ពុជា ដែលមានជម្រៅ ១៣ ម៉ែត្រ។ ហើយនៅក្នុងគម្រោងនេះគឺមាន ទីលានកុងតឺន័រ តំបន់សេដ្ឋកិច្ចពិសេស តំបន់ពាណិជ្ជកម្មសេរី មជ្ឍមណ្ឌល ភស្តុភារកម្ម ឃ្លាំងស្តុកទំនិញចេញចូលគ្រប់ប្រភេទ ឃ្លាំងភណ្ឌាគារគយ រោងចក្រផលិត និងចែកចាយ និងចំណតនាវា ដែលភ្ជាប់ការដឹកជញ្ជូនជាមួយកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែក្រុងព្រះសីហនុ។ នៅពេលបើកដំណើរការ គឺមានសមត្ថភាពទទួលនាវាដឹកទំនិញរហូតដល់ ២ ម៉ឺនតោន និងនាវាទេសចរណ៍ធំៗចូលចតបាន។
គួររំលឹកផងដែរថា កំពង់ផែអន្ដរជាតិកំពត ត្រូវបានសិក្សាសាងសង់តាំងពីឆ្នាំ២០១០ មកម៉្លេះ។ ហើយកំពង់ផែនេះបង្កើតឡើងក្នុងគោលបំណង ចូលរួមធ្វើឲ្យប្រសើរឡើងនៅវិស័យពាណិជ្ជកម្ម ដោះដូរទំនិញ និងធ្វើឲ្យមានកំណើនសេដ្ឋកិច្ចនៅខេត្ដកំពត ក៏ដូចជាប្រទេសកម្ពុជាទាំងមូល៕