កំពូលតារាចម្រៀង Justin Bieber ត្រូវបានគេរាយការណ៍ថា មានតម្លៃខ្លួនរហូតដល់ទៅ ១០លានដុល្លារ ក្នុងការឡើងច្រៀងក្នុងកម្មវិធី Pre-Wedding របស់កូនមហាសេដ្ឋីលេខ១ ប្រទេសឥណ្ឌា គឺលោក Mukesh Ambani។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន FOX NEWS ចុះនាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤។
លោក Justin Bieber បានចែករំលែករូបថត និងវីឌីអូនៅលើបណ្តាញសង្គមរបស់ខ្លួន កាលពីចុងសប្តាហ៍នេះ ដោយបង្ហាញពីហ្វូងមនុស្សស្រែកច្រៀងតាមបទចម្រៀងរបស់លោកដែលមានចំណងជើងថា “Love Yourself” “I’m the One” និង “Where Are U Now” ជាដើម។ សាក្សីម្នាក់ក្នុងកម្មវិធីបានលើកឡើងថា៖ «ការសម្តែងមានរយៈពេលប្រហែលមួយម៉ោង ឬច្រើនជាងនេះ។ នៅពេលដែល Justin Bieber ឡើងសម្តែង ហ្វូងមនុស្សភាគច្រើនមានអារម្មណ៍ថា វាគឺជាបទពិសោធន៍ដែលមិនអាចបំភ្លេចបានឡើយ»។
គួរជម្រាបផងដែរថា កម្មវីធី Pre-Wedding នេះធ្វើឡើងសម្រាប់កូនប្រុសពៅរបស់លោក Mukesh Ambani មានឈ្មោះថា Anant Ambani ជាមួយគូដណ្តឹងរូបស្រស់កញ្ញា Radhika Merchant ដែលនឹងដឹកដៃគ្នាចូលរោងការតាមប្រពៃណី រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះ៕