សម្តីម៉ាត់ មុខមាំ និងជាគណៈកម្មការស្រី្តឆ្នើមតែម្នាក់គត់ ក្នុងកម្មវិធី Master Chef Cambodia កញ្ញា Jessica (ជេស៊ីកា) ក៏ជាអ្នកគ្រប់គ្រងជាន់ខ្ពស់របស់ភោជនីយដ្ឋាន គុយទាវទូក ដែលកំពុងមានឈ្មោះបោះសំឡេងខ្លាំងក្នុងរាជធានីភ្នំពេញផងដែរ។
Judge Jessica មានឈ្មោះពិតថា អេលីត សិទ្ធិថាវរ៉ាត់ ជាកូនកាត់ខ្មែរ-ថៃ ក្នុងគ្រួសារមួយដែលមាន ឪពុកជាមន្ត្រីរាជការ រីឯម្តាយជាអ្នកលក់ដូរ និងជាកូនពៅ ក្នុងចំណោមបងប្អូន៤នាក់។
យ៉ាងណាមិញ កុមារីរូបនេះ ហាក់មាននិស្ស័យជាមួយវិស័យម្ហូបអាហារតាំងពីក្មេងមកម្ល៉េះ ដោយនាងតែងដើរសាកល្បងភ្លក្សអាហារ នៅតាមតំបន់ ឬភោជនីយដ្ឋានផ្សេងៗ សិក្សាពីក្បួនធ្វើម្ហូប រហូតដល់បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រខាងរដ្ឋបាលពាណិជ្ជកម្ម ពីសាកលវិទ្យាល័យពហុបច្ចេកទេស Pomona រដ្ឋកាលីហ្វ័រនីញ៉ា និងតែងចិញ្ចឹមចិត្តចង់បើកភោជនីយដ្ឋានមួយដោយខ្លួនឯង។
មិនយូរប៉ុន្មាន លុះពេលបានវិលត្រឡប់មកមាតុប្រទេសវិញ ក្នុងឆ្នាំ២០១១ ជាមួយចំណេះជំនាញលើវិស័យម្ហូបអាហារ កញ្ញា សិទ្ធិថាវរ៉ាត់ បានក្លាយទៅជាអ្នកគ្រប់គ្រងរួមភោជនីយដ្ឋាន គុយទាវទូក ដែលជាយីហោបង្កើតឡើងដោយ បងស្រីបង្កើត និងបងប្អូនជីដូនមួយ របស់កញ្ញាផ្ទាល់តែម្តង។
គួរជម្រាបផងដែរថា គិតមកទល់បច្ចុប្បន្នកញ្ញា អេលីត សិទ្ធិថាវរ៉ាត់ ឬហៅ Judge Jessica មានវ័យ ៣៥ឆ្នាំហើយ និងមានបទពិសោធន៍ក្រាស់ក្រែលលើវិស័យម្ហូបអាហារទាំងក្នុងនិងក្រៅស្រុក ជាពិសេសបានក្លាយទៅជាគណៈកម្មការស្ត្រីតែមួយរូបគត់ ក្នុងកម្មវិធីលំដាប់ពិភពលោក Master Chef Cambodia ទាំងបីរដូវកាល៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/hangchhengH24