ការជ្រើសរើសមនុស្សត្រឹមត្រូវ សម្រាប់ស្ថាប័នគឺជាចំណែកធំមួយនៃភាពជោគជ័យ។ ក្នុងនោះលោក Jonh C. Maxwell អ្នកនិពន្ធជនជាតិអាមេរិកជំនាញលើភាពជាអ្នកដឹកនាំ និងផ្លាស់ប្តូរផ្នត់គំនិតដែលត្រូវបានគេទទួលស្គាល់ជាសកល បានណែនាំថាដើម្បីជ្រើសរើសមនុស្សឱ្យចូលធ្វើការជាមួយ គួប្បីមើលលើ៥ចំណុចសាមញ្ញៗនេះជាមុនសិន ដើម្បីប្រាកដថាអ្នករើសមនុស្សបានត្រឹមត្រូវ និងអាចមានភាពជាអ្នកដឹកនាំល្អ នាពេលអនាគត។
១. កំណត់លក្ខណៈចង់និងមិនចង់បាន៖ មនុស្សដែលត្រឹមត្រូវសម្រាប់គេ អាចនឹងមិនត្រូវសម្រាប់អ្នក។ ដូច្នេះដើម្បីប្រាកដថាអ្នករើសមនុស្សដែលពេញចិត្ត អ្នកត្រូវដឹងនិងកំណត់ថាតើមនុស្សបែបណាដែលអ្នកចង់បាន លើតួនាទីអ្វី មានសមត្ថភាពអ្វីខ្លះ មានលក្ខណៈសម្បត្តិអ្វី ហើយមនុស្សបែបណាដែលអ្នកមិនចង់បាន ព្រមទាំងមនុស្សប្រភេទណាដែលត្រូវជៀសវាង។
២. ស្វែងរកគុណតម្លៃរួម៖ បន្ទាប់ពីកំណត់ថាមនុស្សបែបណាដែលអ្នកត្រូវការហើយ ចូរកំណត់គុណតម្លៃរួមមួយ ដែលស្ថាប័នមានឱ្យបុគ្គលិកពេញចិត្តនឹងដើរតាម ដើម្បីកិច្ចការរបស់ក្រុមហ៊ុន និងសមត្ថភាពធ្វើការរបស់បុគ្គលិកស្របគ្នានឹងក្រុមហ៊ុនដែរ ពោលគឺបេសកម្មមួយ ចក្ខុវិស័យមួយ ផ្លូវដើរតែមួយរវាងក្រុមហ៊ុននិងបុគ្គលិក។
៣. ស្ទាបស្ទង់ផ្លូវចិត្ត៖ ដើម្បីជ្រើសរើសមនុស្សពូកែមកធ្វើការជាមួយ ចូរស្ទាប់ស្ទង់កម្លាំងផ្លូវចិត្តរបស់បុគ្គលិកថាពួកគេអាចទ្រាំទ្រនិងការលំបាក សម្ពាធ ការអត់ធ្មត់នឹងការងារបានកម្រិតណា។ ជាពិសេសនៅពេលសម្ភាសន៍បេក្ខជនរើសបុគ្គលិកអ្នកអាចសួរសំណួរស្ទាបស្ទង់ចិត្តរបស់ពួកគេបាន ដោយសួរពីបញ្ហាដែលគេលំបាកប្រឈមបំផុតក្នុងជីវិត ហើយពេលនោះគេដោះស្រាយបញ្ហានោះដោយវិធីណា។
៤. សង្កេតជំនាញទាក់ទងមនុស្ស៖ ដើម្បីដឹងថាគេជាមនុស្សបែបណា ចូរសង្កេតមើលជំនាញដែលគេប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញខ្លួនថាគេបញ្ចេញសកម្មភាពបែបណា។ ឧទាហរណ៍នៅពេលគេជួបមនុស្សដែលមានឋានៈខ្ពស់ជាងខ្លួនគេធ្វើបែបណា ជួបមនុស្សតូចទាបមានសកម្មភាពបែបណា ហើយគេអាចចុះសម្រុងនិងស្វែង យល់ពីមនុស្សបានកម្រិតណា?
៥. ស្វែងរកអ្វីជំរុញគេបាន៖ ខណៈពេលដែលអ្នកចង់ជ្រើសរើសមនុស្សណាម្នាក់ឱ្យធ្វើការជាមួយបាន ត្រឹមត្រូវ អ្វីដែលអ្នកត្រូវធ្វើនោះគឺកំណត់ឱ្យដឹងនូវបញ្ហាដែលគេកំពុងមាន និងដំណោះស្រាយដែលគេត្រូវការ ចាប់ដឹងពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់គេ បន្ទាប់មកស្វែងរករបស់អ្វីដែលអាចជំរុញចិត្តគេបានលឿន ហើយអ្វីដែលគេត្រូវការពីអ្នកនឹង អាចបង្ហាញបានថាគេជាមនុស្សបែបណា ជាមនុស្សត្រូវឬមិនត្រូវបាន។
យ៉ាងណាមិញគួរជម្រាបផងដែរថាលោក Jonh C. Maxwell គឺជាគ្រូបង្វឹកភាពជាអ្នកដឹកនាំដ៏ល្បីឈ្មោះនិងជាម្ចាស់ស្នាដៃសៀវភៅដែលលក់ដាច់រាប់លានក្បាលនៅទូទាំងពិភពលោក ជាពិសេសនាពេលថ្មីៗនេះលោកក៏បានមកប្រទេសកម្ពុជា និងបានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ផងដែរ៕
អត្ថបទដោយ៖ ពីង ជូអេង