នៅក្នុងពិភពនៃការធ្វើអាជីវកម្មបច្ចុប្បន្ននេះ ការដើរតាមទម្លាប់ចាស់ៗ ឬការអនុវត្តតាមទ្រឹស្តីទូទៅ មិនមែនជាផ្លូវតែមួយដែលនាំអ្នកទៅរកជោគជ័យ និងការរីកចម្រើននោះទេ។ នៅក្នុងបទបង្ហាញ TED Talk របស់លោក John Mullins សាស្ត្រាចារ្យផ្នែកគ្រប់គ្រងរអាជីវកម្មដ៏ល្បីល្បាញមួួយរូបបានពន្យល់ថា សហគ្រិនដែលបង្កើតការផ្លាស់ប្តូរពិតប្រាកដ និងកសាងក្រុមហ៊ុនធំៗអស់រាប់លានដុល្លារ ភាគច្រើនជាមនុស្សដែលហ៊ានគិត និងធ្វើអ្វីដែលខុសស្រឡះពីទម្លាប់របស់ក្រុមហ៊ុនធំៗ។ ពួកគេមិនអង្គុយរង់ចាំទាល់តែស្ថានភាពល្អឥតខ្ចោះ ឬមានធនធានគ្រប់គ្រាន់នោះទេ ដូច្នេះលោកបាន ចែករំលែកនូវរបៀបគិតទាំង ៦ នៅខាងក្រោមដើម្បីអាចអោយមម្ចាស់អាជីវកម្មយកទៅអនុវត្ត :
១. ហ៊ាននិយាយថា «ធ្វើបាន» សិន រួចរៀនសូត្រតាមក្រោយ
ក្រុមហ៊ុនធំៗទូទៅ តែងតែបដិសេធភ្លាមៗចំពោះការងារណាដែលនៅក្រៅការងារស្នូលរបស់ខ្លួន ព្រោះខ្លាចជួបហានិភ័យធ្វើអោយប៉ះពាល់ដល់ក្រុមហ៊ុន។ ប៉ុន្តែសម្រាប់សហគ្រិនជោគជ័យ នៅពេលដែលឃើញឱកាសថ្មីពីអតិថិជន ពួកគាត់តែងតែឆ្លើយថា «ធ្វើបាន» ជាមុនសិន ទោះបីជាពេលនោះមិនទាន់មានបទពិសោធន៍ ឬបច្ចេកវិទ្យាក្នុងដៃក៏ដោយ។ ការហ៊ានចាប់យកឱកាស និងឆ្លើយតបបែបនេះ នឹងបង្ខំឲ្យក្រុមការងារខិតខំស្រាវជ្រាវ រៀនសូត្រ និងកែច្នៃវិធីសាស្ត្រ ថ្មីៗ ទៅរកការបង្កើតសេវាកម្មថ្មី និងបង្កើតប្រភពចំណូលបន្ថែមជានិច្ច។
២. ផ្តោតលើ «បញ្ហាពិតប្រាកដ» ជាជាង «ការកែកុនផលិតផល»
ក្រុមហ៊ុនធំៗភាគច្រើន ជារឿយៗតែងតែចំណាយពេល និងថវិកាច្រើនលើការផ្លាស់ប្តូរតែរូបរាងខាងក្រៅ ឬសំបក នៃផលិតផលដែលមានស្រាប់ ហើយហៅវាថាជាការបង្កើតថ្មី។ ផ្ទុយទៅវិញ សហគ្រិនពិតប្រាកដមិនខ្វល់លើការកែប្រែស្បែកក្រៅនោះទេ ប៉ុន្តែពួកគេនឹងចំណាយពេលវេលាទៅលើការស្វែងរក បញ្ហា ដែលអតិថិជនកំពុងជួបប្រទះ ដែលមិនទាន់មាននរណាម្នាក់ដោះស្រាយបាន។ នៅពេលដែលផលិតផល ឬសេវាកម្មរបស់យើងត្រូវបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហានោះចំៗ វានឹងបង្កើតបានជាតម្លៃពិតប្រាកដ ហើយអតិថិជននឹងស្វែងរកទិញដោយឯកឯង។
៣. គិតឲ្យចង្អៀត និងគិតលើទីផ្សារតូចជាមុន
ការព្យាយាមបង្កើតផលិតផលមួយដើម្បីលក់ឲ្យមនុស្សគ្រប់គ្នាភ្លាមៗ គឺជាមធ្យោបាយដែលងាយៗដែលធ្វើឲ្យអាជីវកម្មបាត់បង់ទិសដៅ និងខាតបង់ថវិកា។ សហគ្រិនដែលជោគជ័យតែងតែចាប់ផ្តើមចេញពីទីផ្សារតូចមុនសិន ការផ្តោតលើទីផ្សារតូចបែបនេះ គឺជួយឲ្យអាជីវកម្មបង្កើតបាននូវក្រុមអតិថិជនស្មោះត្រង់ដំបូង រៀនសូត្រពីប្រព័ន្ធប្រតិបត្តិការឲ្យរឹងមាំ និងកែសម្រួលផលិតផលឲ្យត្រូវចិត្តអតិថិជន ១០០%។ នៅពេលដែលយើងឈរនៅក្នុងទីផ្សារតូចនោះរឹងមាំហើយ ទើបយើងត្រូវប្រើប្រាស់បទពិសោធន៍ និងកេរ្តិ៍ឈ្មោះនោះដើម្បីពង្រីកខ្លួនទៅកាន់ទីផ្សារធំបាន។
៤. សុំប្រាក់កក់មុន ដើម្បីយកមកធ្វើជាដើមទុនបង្វិល
ការចាប់ផ្តើម និងពង្រីកអាជីវកម្ម មិនចាំបាច់ត្រូវរង់ចាំទាល់តែមានដើមទុនបម្រុងធំ ឬការខ្ចីពី ធនាគារ នោះឡើយ។ គំរូអាជីវកម្មដែលឆ្លាតវៃបំផុតរបស់សហគ្រិន គឺការទារប្រាក់កក់ ឬឲ្យអតិថិជនបង់ប្រាក់មុនពេលផលិតផលត្រូវបានផលិត ឬប្រគល់ជូន។ ការកៀងគរលំហូរសាច់ប្រាក់ពីអតិថិជនជាមុនបែបនេះ ជួយឲ្យក្រុមហ៊ុនមានប្រាក់បង្វិលសម្រាប់យកទៅរចនា ផលិត និងរៀបចំរោងចក្រ ដោយមិនបាច់ជួបវិបត្តិខ្វះខាតសាច់ប្រាក់ ឬជួបហានិភ័យហិរញ្ញវត្ថុខ្ពស់នោះទេ។
៥. ចេះខ្ចី ឬប្រើប្រាស់ធនធានដែលមានស្រាប់ពីដៃគូ
ទ្រឹស្តីគ្រប់គ្រងហិរញ្ញវត្ថុទូទៅ តែងបង្រៀនឲ្យក្រុមហ៊ុនគណនាទុនវិនិយោគមុននឹងសម្រេចចិត្តទិញដី ទិញអាគារ ឬទិញគ្រឿងចក្រផ្ទាល់ខ្លួន។ ប៉ុន្តែសហគ្រិនដែលមានភាពច្នៃប្រឌិតតែងជៀសវាងការចំណាយទុនលើ ទ្រព្យសកម្មដោយជ្រើសរើសវិធីសហការ ជួល ឬខ្ចីធនធានដែលមានស្រាប់ពីដៃគូ ឬពីស្ថាប័នផ្សេងៗមកប្រើប្រាស់។ ការកាត់បន្ថយចំណាយលើទ្រព្យសកម្ម នឹងជួយឲ្យអាជីវកម្មអាចចាប់ផ្តើមដំណើរការបានយ៉ាងរហ័ស ហើយប្រើប្រាស់ដើមទុនតិចបំផុត ហើយថែមទាំងអាចយកលុយដែលសល់ទៅផ្តោតលើការអភិវឌ្ឍគុណភាពសេវាកម្មបានទៀតផង។
៦. ធ្វើសកម្មភាពភ្លាមៗ ដោយមិនបាច់រង់ចាំ
នៅក្នុងក្រុមហ៊ុនធំៗ ពួកគេតែងមានគំនិតច្នៃប្រឌិតថ្មីៗដែលត្រូវបានកកស្ទះ ដោយសារតែត្រូវឆ្លង កាត់នីតិវិធីច្បាប់ និងការអនុញ្ញាតដ៏ស្មុគស្មាញជាច្រើនជាន់។ ប៉ុន្តែសហគ្រិនដែលឆ្លាត ពួកគាត់ហ៊ានធ្វើសកម្មភាព និងសាកល្បងគំនិតថ្មីៗនៅលើទីផ្សារភ្លាមៗ ជាពិសេសក្នុងកាលៈទេសៈដែលបទប្បញ្ញត្តិផ្លូវច្បាប់នៅមានភាពស្រពិចស្រពិល ឬមិនទាន់សម័យកាលបច្ចេកវិទ្យា។ ការដែលធ្វើសកម្មភាពមុន ជួយឲ្យសហគ្រិនអាចតេស្តមើលការគាំទ្រពីទីផ្សារពិតប្រាកដនោះ វាអាចកែប្រែកំហុសឆ្គងបានលឿន និងចាប់យកឱកាសទីផ្សារបានមុនគេ។
សរុបមក ការបង្កើត និងដឹកនាំអាជីវកម្មឲ្យបានជោគជ័យ មិនមែនស្ថិតលើការដើរតាមទម្លាប់ចាស់ ឬការរង់ចាំរហូតដល់ស្ថានភាពជុំវិញខ្លួនល្អឥតខ្ចោះនោះឡើយ។ អ្វីដែលសំខាន់បំផុតគឺការផ្លាស់ប្តូររបៀបគិតផ្ទាល់ខ្លួន ហ៊ានប្រឈមមុខនឹងបញ្ហាពិតប្រាកដ ចេះទាញយកប្រយោជន៍ពីធនធានដែលមានជុំវិញខ្លួន និងហ៊ានធ្វើសកម្មភាពភ្លាមៗដោយមិនស្ទាក់ស្ទើរ។ ប្រសិនបើអ្នកអាចយកស្មារតីច្នៃប្រឌិតទាំង ៦ យ៉ាងនេះទៅអនុវត្តបាន អ្នកនឹងអាចជម្នះឧបសគ្គស្មុគស្មាញ និងទាញយកសក្តានុពលដើម្បីបង្កើតភាបជោគជ័យថ្មីៗសម្រាប់អាជីវកម្មរបស់អ្នកជាពុំខាន!


