ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្ដកំពង់ឆ្នាំងនឹងទទួលបានឱកាសការងារថ្មីៗពី ១០០០ ទៅ១៥០០ កន្លែងពីគម្រោងកំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្ម ដែលបច្ចុប្បន្នគម្រោងនេះបាននិងកំពុងដំណើរការសាងសង់យ៉ាងសកម្ម។ នេះបើយោងតាមការដកសង់ពីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣។
ក្រសួងសាធារណការបានបញ្ជាក់ថា ការរៀបចំឱ្យមានជាកំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្ម កំពង់ឆ្នាំង គឺក្នុងគោលបំណងជំរុញការដឹកជញ្ជូន និងនាំចេញកសិផលពីខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ ទៅកាន់ទីផ្សារជាតិ និងអន្តរជាតិតាមរយៈផ្លូវទឹក ដោយកាត់បន្ថយការចំណាយពេលវេលា និងសោហ៊ុយក្នុងការដឹកជញ្ជូន ជាពិសេសគឺកាត់បន្ថយការដឹកជញ្ជូនធុនធ្ងន់តាមផ្លូវថ្នល់ ដែលជាមូលហេតុនាំឱ្យផ្លូវថ្នល់ងាយរងការខូចខាត។
ម្យ៉ាងវិញទៀតការសាងសង់កំពង់ផែ និងមណ្ឌលភស្តុភារកម្មនេះ ក៏បានផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តកំពង់ឆ្នាំងបានប្រមាណពី ១០០០កន្លែង ទៅដល់ ១៥០០កន្លែងផងដែរ។
សូមជម្រាបជូនដែរថា កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ជាគម្រោងវិនិយោគ របស់ក្រុមហ៊ុន KLP.T TRANSPORTATION Co.,Ltd បង្កើតឡើងនៅលើផ្ទៃដីជាង ១០០ហិកតា ដែលគ្រោងនឹងបង្កើតនូវសេវាកម្មផ្សេងៗ រួមមាន៖ (១) កំពង់ផែដឹកជញ្ជូនទំនិញ (២) មណ្ឌលសន្និធិប្រេង (៣) រមណីយដ្ឋានទេសចរណ៍ និង (៤) តំបន់សេដ្ឋកិច្ចពិសេស៕
អត្ថបទ៖ កឹម ប៊ុនធឿន