ជំនួបផ្ទាល់ បងធំពិភពលោក​អាមេរិក-ចិន ធ្វើឱ្យមេដឹកនាំកំពូលទាំង២ សម្រេចបានលទ្ធផលធំៗ៣នេះ
Ping Chou EngNOVEMBER 17 2023142 views

លោកប្រធានាធិបតីចិន ស៊ីជីង ពីង នៅក្នុងដំណើរទស្សនៈកិច្ចផ្លូវការទៅកាន់ទីក្រុង San Francisco ដើម្បីចូលរួមនូវកិច្ចប្រជុំកំពូលសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក(APEC) ចាប់ពីថ្ងៃទី១៤-១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានធ្វើការអញ្ជើញជួបសន្ទនាក្រៅផ្លូវការមួយជាមួយលោកប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន​។

 

ខណៈជំនួបផ្ទាល់ទ្វេភាគីដ៏កម្រនៃមេដឹកនាំកំពូលទាំង២រូបរបស់ពិភពលោកនេះបានសម្រេចនូវកិច្ចព្រមព្រៀងធំៗទាំងនេះ បន្ទាប់ពីកិច្ចពិភាក្សាជាង៤ម៉ោងរបស់អ្នកទាំងពីរហាក់មានភាពវិជ្ជមានទៅលើទំនាក់ទំនងអាមេរិកនិងចិន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។

 

ក្នុងនោះប្រភពដដែលបានឱ្យដឹងថាលទ្ធផលធំៗ៣ ដែលភាគីមេដឹកនាំទាំង២សម្រេចបាន មានដូចជាទី១លើការស្តារទំនាក់ទំនងយោធារបស់អាមេរិក-ចិនឡើងវិញដើម្បីបន្ធូរបន្ថយភាពតានតឹងដែលកំពុងតែកើតឡើងជាសាកល, ទី២នឹងបើកការហៅប្រព័ន្ធទូរស័ព្ទបន្ទាន់រវាងប្រធានាធិបតីនិងប្រធានាធិបតីឡើងវិញ។

 

បន្ថែមពីនោះទី៣គឺភាគីទាំងពីរបានធ្វើការពិភាក្សាជុំវិញជម្លោះចិននិងតៃវ៉ាន់ ដោយចិនសំណូមពរកុំឱ្យសហរដ្ឋអាមេរិកផ្តល់ អាវុធទៅកាន់តៃវ៉ាន់ ដោយលោកប្រធានាធិបតីចិនបានលើកទឹកចិត្តឱ្យភាគីអាមេរិកចូលរួមគាំទ្រលើការបង្រួបបង្រួមបញ្ហាកោះតៃវ៉ាន់និងចិនដោយសន្តិវិធីវិញ។

 

ដោយឡែកបើតាមមន្រ្តីការបរទេសជាន់ខ្ពស់មួយរូបរបស់អាមេរិកបានឱ្យដឹងថាភាគីទាំង២ក៏ពិភាក្សាគ្នាលើប្រធានបទបច្ចេកវិទ្យា AI និងឥទ្ធិពលមួយចំនួនដែលអាចធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងការបរទេសចិននិងអាមេរិក។ ជាចុងក្រោយប្រធានាធិបតីទាំងពីរក៏បានពិភាក្សាគ្នាទៅលើបញ្ហានៅតំបន់កាហ្សានិងអ៊ីស្រាអែលផងដែរ។

 

គួរបញ្ជាក់ផងដែរថាកិច្ចប្រជុំកំពូល APEC នេះគឺជាកិច្ចប្រជុំកំពូលវេទិកាសេដ្ឋកិច្ច និងពាណិជ្ជកម្មពហុភាគីដែលមានប្រទេសចំនួន២១ចូលរូមពិភាក្សាអំពីឱកាសសេដ្ឋកិច្ច ការរីកចម្រើនផ្នែកសេដ្ឋកិច្ចនិងអាជីវកម្ម។ ក្នុងនោះប្រទេសដែលចូលរូមមានដូចជា សហរដ្ឋអាមេរិក ចិន អូស្រ្តាលី កាណាដា ជប៉ុន ប្រ៊ុយណេ ហុងកុង នូវែលសេឡង់ ប៉ាពួញូហ្គីណេ ហ្វីលីពីន ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង រុស្ស៊ី ម៉ិកស៊ិក ប៉េរូ ឈីលី ម៉ាឡេស៊ី វៀតណាម សិង្ហបុរីនិងថៃ៕

 

អត្ថបទដោយ​៖ ពីង ជូអេង

 

 

 

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia