Jenny Nguyen គឺជាស្រ្តីជនជនវៀតណាមវ័យ២៩ឆ្នាំម្នាក់ មិនសូវរៀនសូត្របានខ្ពងខ្ពស់ហើយក៏គ្មានសញ្ញាបត្រអ្វីដែរប៉ុន្ដែគាត់បានប្រើប្រាស់ជំនាញដ៏សាមញ្ញមួយគឺជំនាញលាបថ្នាំក្រចកនិងរចនាក្រចកដៃហើយបានប្រើប្រាស់ជំនាញនេះបង្កើតអាជីវកម្មសាឡននៅទឹកដីសហរដ្ឋអមេរិករកចំណូលបានរហូតដល់ទៅ៦០ម៉ឺនដុល្លារក្នុងមួយឆ្នាំ។
អាជីវកម្មរបស់នាងមានឈ្មោះថា JennPaint Nail Lounge គឺជាប្រភេទអាជីវកម្មសាឡនដោយផ្ដល់សេវាកម្មផ្តោតលើការរចនាក្រចកដៃនិងលាបថ្នាំក្រចកដៃជាដើម។
គំនិតអាជីវកម្មរបស់ Jenny Nguyen បានចាប់ផ្ដើមឡើងនៅពេលដែលនាងបានផ្លាស់ប្ដូរទីលំនៅពីទីក្រុង New York មកនៅរដ្ឋ Los Angeles ដែលពេលនោះនាងជាគ្រូបង្រៀនប៉ុន្ដែប្រាក់ខែតិចពេកចាយមិនគ្រប់គ្រាន់ដូច្នេះចង់ផ្លាស់ប្ដូរអាជីពការងារថ្មីប៉ុន្ដែមិនដឹងថាត្រូវធ្វើអ្វី។
ក្រោយមកដោយសារនាងជាមនុស្សដែលមិនចូលចិត្តស្ដាប់ការបញ្ជាពីអ្នកដទៃទៀតនោះនាងបានសម្រេចចិត្តថាធ្វើការឲ្យខ្លួនឯង។ គាប់ជួនពេលនោះអំឡុងចុងឆ្នាំ២០១៩ដែលពេលវេលាបិទខ្ទប់ដោយសារតែជំងឺកូវីដ១៩ពេលទំនេរនាងតែងតែតាមដានមើលអ្នកជំនាញខាងផ្នែករចនាក្រចកនៅលើ Instagramហើយក៏ចាប់ផ្ដើមប្រើប្រាស់ជំនាញនេះដើម្បីបង្កើតឱកាសរកប្រាក់ចំណូល។
នៅក្នុងឆ្នាំ១០២១នាងបានទទួលបានអាជ្ញាបណ្ណផ្នែករចនាក្រចកពីថ្នាក់រៀនអនឡាញដែលនាងចំណាយលុយរៀនចំនួន៩ពាន់ដុល្លារហើយរៀនត្រឹមតែ២ទៅ៣សប្ដាហ៍ប៉ុណ្ណោះ។ បន្ទាប់ពីបានរៀននិងទទួលបានអាជ្ញាបណ្ណផ្នែករចនាក្រចកហើយនោះ នាងបានចាប់ផ្ដើមផ្សព្វផ្សាយសេវាកម្មផ្នែករចនាក្រចកដៃជើងទៅកាន់អតិថិជននៅលើInstagram និងអនុញ្ញាតឲ្យអ្នកថតរូបមកថតរូបពីស្នាដៃរបស់នាងផងដែរ។
សេវាកម្មរចនាក្រចករបស់នាងកាន់តែមានគេស្គាល់ច្រើននៅលើ Instagram និងTik Tok ហើយមានជំនួយការរបស់តារាងល្បីៗកំពូលជាច្រើនបានទាក់ទងមកនាងដើម្បីណាត់ជួបឲ្យនាងរចនាក្រចកដល់ជនល្បីល្បាញនៅអាមេរិក។ ជីវកម្មរបស់នាងកាន់តែល្បីល្បាញជាពិសេសអ្នកទទួលសេវាកម្មសុទ្ធតែជនល្បីល្បាញ។
នៅក្នុងឆ្នាំ២០២២សេវាកម្មរចនាក្រចករបស់នាងមានការគាំទ្រខ្លាំង នាងបានសម្រេចចិត្តបើកអាជីវកម្មជាផ្លូវការដែលមានឈ្មោះថា JennPaint Nail Lounge ជាប្រភេទហាងសាឡន។ អាជីវកម្មរបស់នាងជោគជ័យខ្លាំងពោលគឺជាមធ្យមមានភ្ញៀវមកទទួលសេវាកម្មប្រមាណជា៣០០នាក់ក្នុងមួយសប្ដាហ៍។
នៅក្នុងឆ្នាំ២០២២ដដែលនេះអាជីវកម្មរបស់នាងអាចរកប្រាក់ចំណូលបានរហូតដល់ទៅ៦០ម៉ឺនដុល្លារហើយមកដល់បច្ចុប្បន្ននេះក្រុមហ៊ុនរបស់នាងមានបុគ្គលិកចំនួន១៦នាក់និងបន្តពង្រីកជាបន្តបន្ទាប់ទៀត។
មេរៀនដែលបងប្អូនអាចរៀនពី Jenny Nguyen នោះគឺស្វែងយកឱកាសអាជីវកម្មហើយដុសខាត់ជំនាញដើម្បីចេញរកស៊ី ហើយត្រូវចេះផ្សព្វផ្សាយពីផលិតផលនិងសេវាកម្មរបស់អ្នកនៅលើបណ្ដាញសង្គមឲ្យផ្ទុះខ្លាំងនោះអាជីវកម្មអ្នកនឹងរីកចម្រើនចេញជាផ្លែផ្កាជាមិនខានឡើយ៕