កាន់តែកើន!​ ជប៉ុនក្លាយជាប្រទេសទី១លើពិភពលោក ដែលមានកំណើនមនុស្សវ័យចំណាស់ច្រើនបំផុត
Ping Chou EngSEPTEMBER 19 2023141 views

យោងតាមចុះផ្សាយរបស់ Japan Today កាលពីថ្ងៃទី១៨ ខែកញ្ញា បានឱ្យដឹងថាទិន្នន័យផ្លូវការថ្មីរបស់រដ្ឋាភិបាលជប៉ុន បានបង្ហាញថា ប្រជាជនជប៉ុនប្រមាណជាង ១០%នៃប្រជាជនសរុបមានអាយុ ៨០ឆ្នាំ ខណៈប្រទេសនេះមានភាគរយនៃចំនួនប្រជាជនវ័យចំំណាស់ខ្ពស់បំផុតនៅលើពិភពលោក និងកំពុងខ្វះខាតកម្លាំងពលកម្មវ័យក្មេងសម្រាប់ធ្វើការងារ។

 

បើតាមក្រសួងកិច្ចការជប៉ុន បានឱ្យដឹងថាចំនួននេះឈរនៅលេខរៀងទី១ ខណៈប្រទេសអ៊ីតាលីឈរនៅលំដាប់ទី២ និងលំដាប់ថ្នាក់ទី៣ គឺប្រទេសហ្វាំងឡង់។ យ៉ាងណាមិញទិន្នន័យរបស់រដ្ឋាភិបាលដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ក៏បានបង្ហាញផងដែរថា​ ប្រជាជនជប៉ុនដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅបានកើនឡើងរហូតដល់ ២៩.១%ឯណោះ។

 

ប្រភពដដែលបានឱ្យដឹងទៀតថា៖ "ប្រទេសជប៉ុនមានភាគរយនៃចំនួនប្រជាជនវ័យចាស់ខ្ពស់បំផុតនៅលើពិភពលោក"​ ជាហេតុធ្វើឱ្យប្រទេសជប៉ុនពឹងផ្អែកលើកម្លាំងពលកម្មវ័យចំណាស់ ខណៈមនុស្សប្រហែល ១២.៥៩ លាននាក់មានអាយុ ៨០ឆ្នាំឬចាស់ជាងនេះខណៈពេលដែល ២០ លាននាក់មានអាយុ ៧៥ ឆ្នាំឬចាស់ជាងនេះ។

 

អស់រយៈពេលជាច្រើនឆ្នាំមកនេះ ប្រទេសជប៉ុនបានមើលឃើញថាចំនួនប្រជាជនរបស់ខ្លួនធ្លាក់ចុះ និងប្រជាជនវ័យចំណាស់គឺកាន់តែកើនឡើង ដោយសារមនុស្សវ័យក្មេងពន្យារពេលរៀបការ និងមិនយកកូនភាគច្រើនព្រោះតែកត្តាការងារមិនស្ថិតស្ថេរ គួបផ្សំនិងការលំបាកផ្នែកសេដ្ឋកិច្ច។

 

យ៉ាងណាមិញប្រទេសជប៉ុនកំពុងតែមានការចំណាយប៉ោងសម្រាប់ការថែទាំមនុស្សចាស់ ការចំណាយសម្រាប់កម្មវិធីសង្គម សុខុមាលភាពផ្សេងៗ និងកង្វះខាតនៃមនុស្សវ័យក្មេង ដែលមានមិនគ្រប់គ្រាន់សម្រាប់បំពេញការងារ។

 

គួរជម្រាបផងដែរថានៅក្នុងឆ្នាំ ២០៤០ ចំនួនប្រជាជនវ័យចំណាស់របស់ប្រទេសជប៉ុនត្រូវបានគេព្យាករណ៍ថានឹងមានចំនួន ៣៤.៨ ភាគរយនៃចំនួនប្រជាជនសរុប៕

 

អត្ថបទដោយ៖​ ពីង​ ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia