តាមការចុះផ្សាយរបស់កាសែត CNN បានឱ្យដឹងថា ប្រទេសជប៉ុនជ្រើសបានមេដឹកនាំថ្មីនៅថ្ងៃសុក្រ ទី២៧ ខែកញ្ញានេះ ដើម្បីជំនួសលោក Fumio Kishida ដែលបានប្រកាសលាលែងពីតំណែងកាលពីខែសីហា ឆ្នាំ២០២៤ កន្លងទៅ។
លោក Shigeru Ishiba មានអាយុ ៦៧ឆ្នាំ ជាអតីតរដ្ឋមន្ត្រីការពារជាតិ ដែលទទួលបានប្រជាប្រិយភាពពីសាធារណៈជនច្រើនជាងគេ ប៉ុន្តែលោកធ្លាប់បរាជ័យចំនួន៤ដងរួចមកហើយ ក្នុងការយកតំណែង ជាមេដឹកនាំគណបក្ស។
ក្រោយជាប់ឆ្នោត លោក Ishiba បានប្រកាសពីគោលនាយោបាយរបស់ខ្លួនថាលោកនឹងផ្តោតលើបញ្ហាសន្តិសុខ សម្របសម្រួលគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលជប៉ុននិងសំណើមួយចំនួនទៅកាន់អង្គការណាតូ។ ក្នុងនោះលោកក៏សន្យាថានឹងខិតខំបន្ថែមទៀតក្នុងការដោះស្រាយបញ្ហាប្រជាជន នៅតាមជនបទ។
គួរជម្រាបផងដែរថាលោក Shigeru Ishiba កើតថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ១៩៥៧ លោកគឺជាអ្នកនយោបាយជប៉ុនជើងចាស់មួយរូប ដែលបានក្លាយជាសមាជិកសភាតំណាងរាស្រ្តតាំងពីឆ្នាំ ១៩៨៦ ហើយបានបម្រើការជា រដ្ឋមន្ត្រីក្រសួងការពារជាតិពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០០៨ និងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០០៩ ព្រមទាំងជាអគ្គលេខាធិការបក្ស LDP ពីឆ្នាំ ២០១២ ដល់ ២០១៤ផងដែរ៕
អត្ថបទដោយ៖ ពីង ជូអេង