អស្ចារ្យមែន! សហគ្រិនវ័យក្មេងខ្មែរ ៣រូប ជាប់ចូលក្នុងបញ្ជីមនុស្សវ័យក្មេង ៣០នាក់នៅអាស៊ីមានឥទ្ធិពលបំផុត
Sakada KhonMAY 19 2025

ជាមោទនភាពសម្រាប់ Startup កម្ពុជា ដោយថ្មីៗនេះ សហគ្រិនខ្មែរ ៣ រូប បានជាប់ឈ្មោះក្នុងបញ្ជីឈ្មោះ “30 Under 30s” របស់ទស្សនាវដ្តីអាមេរិកដ៏ល្បីល្បាញនិងមានឥទ្ធិពល Forbes ប្រចាំឆ្នាំ ២០២៥ នេះ។

អ្នកទាំងបីរូបនោះ ត្រូវបានគេស្គាល់ថាជាសហស្ថាបនិកបង្កើត ធុរកិច្ចបង្កើតថ្មី ឬ គេនិយមនិយាយរត់មាត់ថា Startup ដ៏ល្បីល្បាញមួយនៅកម្ពុជាឈ្មោះថា Jalat Logistics ដោយផ្ដោតទៅលើការផ្តល់សេវាដឹកជញ្ចូនក្នុងថ្ងៃតែមួយនៅក្នុងក្រុងទៅដល់សហគ្រាសតូចនិងមធ្យម ដែលកំពុងពេញនិយមខ្លាំងនៅស្រុកយើង។

លោក ស៊ូ សេដ្ឋី កញ្ញា ស៊ូ ស្រីភួង និង លោក អ៊ុង លីឡាយ ដែលជាបុគ្គលទាំងបីរូបខាងលើនោះ ត្រូវបានជ្រើសរើសយ៉ាងពិសេស សម្រិតសម្រាំងពីបេក្ខជនរាប់ពាន់នាក់នៅក្នុងតំបន់អាស៊ី ដើម្បីចូលរួមជាមួយនឹងបុគ្គលឆ្នើម ៣០០នាក់ផ្សេងទៀតនៅទូទាំងអាស៊ី ដែលសុទ្ធសឹងតែជាបុគ្គលឆ្នើម ប្រកបដោយឥទ្ធិពលនៅក្នុងវិស័យរៀងៗខ្លួន។

ពួកគាត់ទាំង ៣ រូប ត្រូវបានទទួលស្គាល់ក្នុងផ្នែក “ការលក់រាយ និង ពាណិជ្ជកម្មអេឡិចត្រូនិក” ចំពោះរបៀបនៃការដោះស្រាយបញ្ហាប្រកបដោយភាពច្នៃប្រឌិត ក្នុងការផ្លាស់ប្ដូរវិស៍យដឹកជញ្ចូននៅកម្ពុជាយើងតាមរយៈបច្ចេកវិទ្យា និង ដំណោះស្រាយនៃការដឹកជញ្ជូនដែលត្រូវធ្វើឡើងយ៉ាងពិសេសសម្រាប់ទីផ្សារនៃប្រទេសកម្ពុជាតែម្ដង។

បង្កើតមិនដល់ ៣ ឆ្នាំផង Jalat Logistics ទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែន ជាពិសេសចំពោះការប្រើប្រាស់បច្ចេកវិទ្យាដំណើរការដោយបញ្ញាសិប្បនិម្មិត (AI) និង ឃ្លាំងចល័ត ដែលជារ៉ឺម៉កចល័តដែលអាចចតនៅទីតាំងយុទ្ធសាស្ត្រនានានៅទូទាំងទីក្រុង ដោយអនុញ្ញាតដល់អ្នកដឹកជញ្ជូនអាចយកទៅដឹកជញ្ជូនកាន់តែជិតទីតាំងភ្ញៀវរដែលពន្លឿនការដឹកជញ្ចូនក្នុងថ្ងៃតែមួយ សម្រាប់សហគ្រាសធុនតូច និង មធ្យម (SMEs) យ៉ាងខ្លាំង។

លោក ស៊ូ សេដ្ឋី ដែលជានាយកប្រតិបត្តិ និងសហស្ថាបនិក បានមានប្រសាសន៍នៅក្នុងបទសម្ភាសន៍ ថា “នៅកម្ពុជា តម្រូវការពាណិជ្ជកម្មអេឡិចត្រូនិកមានការកើនឡើង ហើយបញ្ហាប្រឈមតែងតែជាការដឹកជញ្ជូនដែលអាចទុកចិត្តបាន មានតម្លៃសមរម្យ និង ល្បឿនលឿន ទាំងនៅតំបន់ទីក្រុង និងរវាងទីក្រុង”។ 

លោកបន្តទៀតថា “យើងចង់ដោះស្រាយបញ្ហានោះដោយប្រើប្រាស់បច្ចេកវិទ្យា និងដំណោះស្រាយដែលត្រូវបានធ្វើមូលដ្ឋានីយកម្ម ដែលសមស្របសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ អ្នកដឹកជញ្ជូន និង SMEs របស់យើង។”

Startup ដែលមានអាយុមិនដល់៣ ឆ្នាំនេះ បានទាញការចាប់អារម្មណ៍ពីសំណាក់វិនិយោគិនអន្តរជាតិ ដោយក្នុងឆ្នាំ ២០២៤ បានទទួលការផ្ដល់ទុនវិនិយោគពីសំណាក់ក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុក IG International Group ក្រុមហ៊ុន Satori Giants មានមូលដ្ឋាននៅសិង្ហបុរី និង ក្រុមហ៊ុន X Venture Holding មានមូលដ្ឋាននៅហុងកុង ដែលជាតឹកតាងមួយបង្ហាញពីការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសក្ដានុពលនៃក្រុមហ៊ុនបច្ចេកវិទ្យារបស់កម្ពុជាយើង។

ការចូលទៅក្នុងបញ្ជីរបស់ Forbes នេះបានធ្វើឱ្យ Jalat ស្ថិតក្នុងចំណោម Startup ដែលមានសក្ដានុពល និង ប្រកបដោយនវានុវត្តន៍ផ្សេងទៀតនៅទូទាំងទ្វីបអាស៊ី ហើយបានឆ្លុះបញ្ជាំងពីរលកថ្មីនៃសហគ្រិនវ័យក្មេងកម្ពុជា ដែលកំពុងប្រើប្រាស់បច្ចេកវិទ្យាដោះស្រាយបញ្ហាប្រកបដោយភាពប្រាកដនិយម និង ដំណោះស្រាយដែលអាចពង្រីកខ្លួនបានយ៉ាងរហ័ស។

ខណៈដែលការទទួលស្គាល់របស់ Forbes គឺជាសមិទ្ធផលដ៏សំខាន់មួយ ក្រុមការងារបានលើកឡើងថា ការយកចិត្តទុកដាក់របស់ពួកគាត់នៅតែផ្តោតលើការពង្រីកប្រតិបត្តិការ និងធ្វើឲ្យការដឹកជញ្ជូនកាន់តែងាយស្រួលសម្រាប់អាជីវកម្មគ្រប់ទំហំនៅទូទាំងប្រទេសកម្ពុជា។

គូសបញ្ជាក់ផងដែរថា ឆ្នាំនេះជាឆ្នាំទី៩ហើយសម្រាប់បញ្ជី Forbes 30 Under 30 Asia គឺជាបញ្ជីមួយដែលត្រូវបានគេគោរពឱ្យតម្លៃបំផុតនៅលើពិភពលោក ដោយមានអ្នកដែលធ្លាប់ទទួលបានកិត្តិយសកាលពីមុនរួមមាន Melanie Perkins (ស្ថាបនិក Canva), Harshil Mathur (Razorpay), Eric Gnock Fah (Klook), Tan Min-Liang (Razer) និងតារាល្បីៗលំដាប់ពិភពលោកដូចជា BTS ជាដើម។

Screenshot 2025 05 17 at 11.04.49 in the Morning (1)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia