ភ្នំពេញ, កម្ពុជា — (១៥ វិច្ឆិកា ២០២៥)៖ ដើម្បីអបអរសាទរខួបគម្រប់ ៦ ឆ្នាំ នៃការបម្រើសេវាកម្មក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន J&T Express Cambodia បានអនុវត្តកម្មវិធីទំនួលខុសត្រូវចំពោះសង្គម (CSR) ក្នុងអត្ថន័យ “ចែករំលែកសេចក្តីស្រលាញ់ និងក្តីសង្ឃឹម” ដោយបរិច្ចាគសម្ភារៈសិក្សារ ស្បៀងអាហារ និងរបស់ប្រើប្រាស់ផ្សេងៗ ព្រមទាំងបានរៀបចំអាហារថ្ងៃត្រង់សាមគ្គីភាពសម្រាប់កុមារ និងមនុស្សចាស់ នៅសមាគម Hopeful Association of the Poor ក្នុងភូមិព្រៃជ្រុំ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ ក្នុងឱកាសនេះ ក្រុមហ៊ុនបានបរិច្ចាគ៖
· សម្ភារសិក្សា ចំនួន ១០០ កញ្ចប់ សម្រាប់កុមារ
· ស្បៀងអាហារ សម្រាប់គ្រួសារខ្វះខាតជុំវិញមណ្ឌល ចំនួន ៥០ គ្រួសារ
· ស្បៀងអាហារ មួយកញ្ចប់ធំ និងថវិកាចំនួន ២,០០០,០០០ រៀល ដល់មណ្ឌលកុមារកំព្រាព្រៃជ្រុំ
· សម្ភារប្រើប្រាស់ប្រចាំថ្ងៃ ជាង ២០ ប្រភេទ
· អាហារថ្ងៃត្រង់សាមគ្គីភាព សម្រាប់មនុស្សជាង ២០០ នាក់

J&T Express Cambodia បានថ្លែងថា៖ “ការគាំទ្រសហគមន៍ គឺជាគុណតម្លៃស្នូលមួយរបស់ J&T។ ក្នុងរយៈប្រាំមួយឆ្នាំកន្លងមក យើងបានលូតលាស់រួមជាមួយប្រជាជនកម្ពុជា ហើយយើងជឿជាក់ថា ការផ្តល់តបស្នងដល់ការជួយសង្គមគឺមានសារៈសំខាន់ណាស់។ បេសកកម្មរបស់យើង មិនត្រឹមតែផ្ដល់សេវាកម្មដឹកជញ្ជូនទំនិញទេ ប៉ុន្តែគឺជាការផ្តល់ក្តីសង្ឃឹម និងឱកាសដល់អ្នកដែលកំពុងត្រូវការផងដែរ”។

កញ្ញា យ៉ែម ស្រីលាប (Jennie) តំណាងផ្នែក Branding បានបន្ថែមថា៖“J&T Express បន្តធ្វើ CSR រៀងរាល់ឆ្នាំ ដូចជាការផ្ដល់សម្ភារសិក្សា ការជួយគ្រួសារក្រីក្រ និងកម្មវិធីគាំទ្រសហគមន៍ផ្សេងៗ។ ព្រឹត្តិការណ៍ឆ្នាំនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រ CSR ដ៏ច្បាស់លាស់របស់យើង ដែលផ្តោតលើការលើកទឹកចិត្តកុមារ និងគ្រួសារក្រីក្រ ដើម្បីកសាងអនាគតឲ្យកាន់តែប្រសើរ”។

អ្នកតំណាង សហគមន៍ក៏បានថ្លែងអំណរគុណថា៖ “ការគាំទ្រពី J&T Express មិនត្រឹមតែជួយបំពេញតម្រូវការជាចាំបាច់ទេ តែវាក៏នាំមកនូវក្តីកក់ក្តៅ និងកម្លាំងចិត្តដល់កុមារ និងមនុស្សចាស់ផងដែរ។ ពេលវេលាដែលបុគ្គលិកចំណាយនៅទីនេះមានន័យខ្លាំងណាស់”។

ក្រៅពីការបរិច្ចាគសម្ភារៈ ក្រុមការងារ J&T Express Cambodia ក៏បានរៀបចំអាហារថ្ងៃត្រង់សាមគ្គីភាព ដើម្បីបង្កើតអារម្មណ៍ជិតស្និទ្ធ និងអនុញ្ញាតឲ្យកុមារបានស្វែងយល់ពីភាពថែរក្សារ និងការយកចិត្តទុកដាក់ពីសហគមន៍ខាងក្រៅ។ កម្មវិធីនេះជាផ្នែកមួយនៃយុទ្ធសាស្ត្រ CSR ដែល J&T Express Cambodia បានអនុវត្តជាប្រចាំ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនបានបន្តសកម្មភាពជាច្រើន រួមមាន៖
- កម្មវិធីផ្តល់សម្ភារសិក្សាប្រចាំឆ្នាំ
- ការគាំទ្រនិងជួយស្ថានភាពគ្រួសារក្រីក្រ
- ការសហការជាមួយអង្គការមិនរកប្រាក់ចំណេញ
- កម្មវិធីសម្រាប់កុមារ និងសហគមន៍តាមខេត្តផ្សេងៗ

J&T Express Cambodia បន្តប្តេជ្ញាចិត្តពង្រីក និងបន្ថែមសកម្មភាព CSR តាមការរីកចម្រើនរបស់អាជីវកម្មទូទាំងប្រទេស។
អំពី J&T Express Cambodia
J&T Express ត្រូវបានបង្កើតឡើងនៅឆ្នាំ 2015 ហើយមានវត្តមាននៅក្នុង ១៣ ប្រទេស រួមមាន ឥណ្ឌូណេស៊ី វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន ថៃ កម្ពុជា សិង្ហបុរី ចិន អារ៉ាប៊ីសាអូឌីត អេមីរ៉ាត់អារ៉ាប់រួម ម៉ិកស៊ិក ប្រេស៊ីល និងអេហ្ស៊ីប។J&T Express Cambodia បានចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ 2019 និងទទួលបានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយផ្តោតលើសេវាកម្មលឿន មានសុវត្ថិភាព និងផ្តោតលើភាពស្មោះត្រង់ ព្រមទាំងទំនប់ចិត្តរបស់អតិថិជនជាចម្បង។ ក្រុមហ៊ុនបន្តវិនិយោគលើបច្ចេកវិទ្យា បណ្តាញប្រតិបត្តិការ និងសកម្មភាពជួយសង្គមជាប្រចាំផងដែរ៕




