តារាចម្រៀងទោលលំដាប់ប្រទេសកូរ៉េខាងត្បូង កញ្ញា IU បានក្លាយជាទូតសុច្ឆន្ទៈរបស់ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ជាផ្លូវការកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីនាំយកភាពលេចធ្លោ ភាពទាក់ទាញក៏ដូចជាបទពិសោធន៏ហិរញ្ញវត្ថុផ្ទាល់របស់កញ្ញាមកកាន់ប្រជាជនកម្ពុជា។
យ៉ាងណាមិញក្រោយក្លាយជាទូតសុច្ឆន្ទៈជាផ្លូវការរបស់ធនាគារដ៏ធំនៅកម្ពុជា តាមរយៈវីដេអូផ្សាយដោយធនាគារ អ៊ូរី កញ្ញា IU បានលើកឡើងថា “ជម្រាបសួរ សួស្តីអ្នកទាំងអស់គ្នា! នាងខ្ញុំគឺ IU ជាតារាចម្រៀងនិងជាទូតសុច្ឆន្ទៈរបស់ធនាគារ អ៊ូរី ខេមបូឌា ថ្ងៃនេះខ្ញុំមានសេចក្តីរីករាយណាស់ដែលបានណែនាំ ធនាគារ អ៊ូរី ខេមបូឌា ទៅកាន់អ្នកទាំងអស់គ្នា ខ្ញុំនឹងចែករំលែកនូវបទពិសោធន៍ហិរញ្ញវត្ថុ ឌីជីថលរបស់ខ្ញុំ ជាមួយអ្នកទាំងអស់គ្នា តាមរយៈធនាគារ អ៊ូរី។
ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងទទួលបាននូវដំណោះស្រាយហិរញ្ញវត្ថុថ្មីមួយដ៏ប្រសើរ ជាមួយនាងខ្ញុំតាមរយៈធនាគារ អ៊ូរី អ្នកនឹងអាចជម្នះរាល់ការលំបាកនានាបានយ៉ាងរលូន ប្រសិនបើយើង រួមសហការជាមួយគ្នា ខ្ញុំ IU នឹងចូលរួមជាមួយធនាគារ អ៊ូរី ដើម្បីពង្រីកវិសាលភាពរបស់ខ្លួនក្នុងព្រះរាជាណាចក្រកម្ពុជា ជម្នះរាល់បញ្ហានានារបស់អ្នកជាមួយធនាគារ អ៊ូរី ស៊ូ ស៊ូ!”។
គួរជម្រាបផងដែរថាកញ្ញា IU មានឈ្មោះពេញថា Lee Ji-eun កើតនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៩៣ លើទឹកដីទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង បច្ចុប្បន្នកញ្ញាជាតារាចម្រៀងទោល និងជាតារាសម្តែងមួយរូបនៅប្រទេសកូរ៉េខាងត្បូង ហើយគិតត្រឹមប៉ុន្មានឆ្នាំចុងក្រោយនេះ កញ្ញា IU បានជាប់ក្នុងបញ្ជីតារាដែលរកចំណូលបានច្រើនជាងគេនៅក្នុងប្រទេសកូរ៉េខាងត្បូង ខណៈប្រាក់ចំណូលបានរាប់លានដុល្លារឯណោះក្នុងមួយឆ្នាំៗ៕
អត្ថបទដោយ៖ ពីង ជូអេង


