គ្រាន់តែប្រើ Tik Tok! យុវត្តី Isabella អាចច្នៃលុយ១០០$ ស្រូបចំណូលបាន៤០ម៉ឺន$/ឆ្នាំ ចេញពីរបរមួយនេះ
Kan DaraOCTOBER 30 2025709 views

ក្នុងសម័យឌីជីថល ការរកស៊ី និងរកចំណូលដើម្បីចិញ្ចឹមជីវិត ក៏កាន់តែមានភាពងាយស្រួលជាងមុនមួយកម្រិតផងដែរ បើសិនជាអ្នកមានជំនាញ ចេះប្រើប្រាស់បច្ចេកវិទ្យាឱ្យចំគោលដៅ។ ជាក់ស្ដែងសម្រាប់យុវតីវ័យក្មេង Isabella ត្រូវបានគេស្គាល់ថាជាស្ត្រីមានឥទ្ធិពលម្នាក់ នៅលើបណ្ដាញសង្គម បានច្នៃបណ្ដាញសង្គមឱ្យក្លាយជាឧបករណ៍ជំនួយការរកស៊ី ដោយប្រើដើមទុនដំបូងតិចតួចត្រឹម ១០០ដុល្លារ ប៉ុន្តែអាចរកចំណូលបានមកវិញសរុបខ្ទង់ ៤០ម៉ឺនដុល្លារក្នុងរយៈពេលត្រឹម១ឆ្នាំ។

 

រំលឹកទៅកាន់សម័យពិភពលោកកំពុងមានភាពវឹកវរ ព្រោះជំងឺរាតត្បាតកូវីដ១៩ សាលាក៏បិទ ការងារក៏ធ្វើការពីផ្ទះ យុវតីរូបនេះ បានចាប់ផ្ដើមបង្កើតវីដេអូខ្លីៗ ថតជាមួយនឹងឆ្កែរបស់នាង ផុសនៅលើបណ្ដាញសង្គម Tik Tok និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង រហូតធ្វើឱ្យមានអ្នកចុចតាមដានបណ្ដាញសង្គមនាងរាប់សែននាក់។  

 

មិនមែនប្រើ Tik Tok សម្រាប់កម្សាន្តនោះទេ ប៉ុន្តែ Isabella គឺចង់ប្រើវាឱ្យមានប្រយោជន៍ អាចទាញចំណូលមកឱ្យខ្លួនវិញកាន់តែច្រើនជាងនេះ ទើបនាងសម្រេចចិត្តបំប្លែងអ្នកតាមដានរបស់នាង ឱ្យក្លាយជាអតិថិជនវិញ តាមរយៈការចេញរកស៊ីលក់ រោមភ្នែកត ៦០គូ ជាមួយនឹងដើមទុនចំណាយដំបូងត្រឹម១០០ដុល្លារ។

ការចាប់ផ្ដើមដំបូងរមែងតែងមានភាពលំបាកទ្វេដង ព្រោះពេលដំបូងៗនាងលក់មិនដាច់នោះទេ មូលហេតុមកពីនាងមិនទាន់ចេះបង្កើតវីដេអូបែបរកស៊ី ឱ្យមានគុណភាពនៅឡើយ ហើយកន្លងមកនាងថតតែវីដេអូបែបកម្សាន្ត ជាមួយនឹងឆ្កែជាទីស្រលាញ់របស់ខ្លួនតែប៉ុណ្ណោះ។

ជម្នះជាមួយនឹងបញ្ហានេះ នាងចេះខ្ចីភាពល្បីល្បាញរបស់ឆ្កែជាទីស្រលាញ់របស់ខ្លួន មកថតវីដេអូនានា ប្រម៉ូតជាមួយនឹងផលិតផលដែលនាងលក់ ហើយក៏ពង្រីកវីដេអូផុសទៅកាន់បណ្ដាញសង្គមផ្សេងៗទៀតដូចជា យូធូប ហ្វេសប៊ុក អ៊ីនស្តាក្រាមជាដើម ដែលការធ្វើបែបនេះ បានធ្វើឱ្យការលក់របស់នាងអាចលក់ដាច់ជាបន្តបន្ទាប់ រហូតអាចរកចំណូលបានរាប់សែនដុល្លារ។

ទាក់ទិននឹងភាពជោគជ័យរបស់នាង ដែលប្រៀបបីដូចជារឿងនិទានអភិនីហារ នាងបានចែករំលែកគន្លឹះជោគជ័យរបស់នាងថាមកពី «ការបន្តផលិតវីដេអូឱ្យបានជាប់លាប់រាល់ថ្ងៃ និងមិនបោះបង់ចោលងាយៗ»។

 

ដោយសារតែការកសាងខ្លួនជាបុគ្គលដែលមានឥទ្ធិពល មានអ្នកគាំទ្រច្រើន បានធ្វើឱ្យនាងទទួលបានការចាប់អារម្មណ៍ពីក្រុមហ៊ុនានា ឱ្យជួយផ្សព្វផ្សាយផលិតផល សេវាកម្មរបស់ក្រុមហ៊ុនគេថែមទៀតផង។ ចំណូលពីការលក់ផលិតផល ចំណូលពីការផ្សព្វផ្សាយ វីដេអូដែលនាងខំផលិតខំផុស ក៏បានបំពេញគ្រប់លក្ខខណ្ឌបណ្ដាញសង្គមនានា រហូតអាចបើកឱ្យនាងអាចរកលុយពីវីដេអូដែលខ្លួនផលិតផងដែរ។  គិតមកទល់នឹងពេលនេះ នាងអាចរកចំណូលពីប្រភពធំៗមិនក្រោម ៣ប្រភពនោះទេ។

 

យ៉ាងណាមិញ ចំពោះមេរៀនដែលយើងអាចរៀនបានគឺ ត្រូវហ៊ានចាប់ផ្ដើមពីអ្វីដែលអ្នកមាន បើសិនធ្វើអ្វីមួយអ្នកត្រូវធ្វើវាឱ្យបានជាប់លាប់ជាប្រចាំកុំងាយបោះបង់ ត្រូវចេះសន្សំអ្នកគាំទ្រឱ្យបានច្រើនបំផុតតាមបណ្ដាញសង្គម និងចេះពង្រីកប្រភពចំណូលឱ្យបានច្រើនឡើងៗលើសពី១ប្រភព៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ 👇  

កកក

បញ្ជាទិញតាម https://t.me/BusinessCambodiaBook

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia