ប្រធានាធិបតីអ៊ីរ៉ង់ លោក Pezeshkian បានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់របស់ទីក្រុងតេហេរ៉ង់ លើដំណោះស្រាយបញ្ចប់សង្រ្គាម ខណៈកំពុងឡើងកម្តៅខ្លាំងក្នុងតំបន់មជ្ឈិមបូព៌ា។ លោកបានសង្កត់ធ្ងន់ថា សន្តិភាពអាចកើតមានទៅបាន លុះត្រាតែបំពេញលក្ខខណ្ឌធំៗចំនួន ៣។ នេះបើយោងតាម Caspian Post ចុះផ្សាយនាថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៦។
នៅក្នុងការបង្ហោះមួយលើបណ្តាញសង្គម X លោក Pezeshkian បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំបាននិយាយជាមួយមេដឹកនាំរុស្ស៊ី និងប៉ាគីស្ថាន ខ្ញុំបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់ចំពោះសន្តិភាពនៅក្នុងតំបន់»។ លោកបានបន្តទៀតថា៖ «មធ្យោបាយតែមួយគត់ដើម្បីបញ្ចប់សង្រ្គាមដែលបង្កឡើងដោយរបប Zionist (អ៉ីស្រាអែល) និងសហរដ្ឋអាមេរិក នោះគឺការទទួលស្គាល់សិទ្ធិស្របច្បាប់របស់អ៊ីរ៉ង់ ការទូទាត់សំណង និងការធានាយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងការឈ្លានពាននាពេលអនាគត»។

គួរជម្រាបផងដែរថា ការកត់សម្គាល់នេះបានកើតឡើង ខណៈដែលកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតកាន់តែខ្លាំងឡើង ដើម្បីទប់ស្កាត់ជម្លោះ ដោយរុស្ស៊ីរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំអ៊ីរ៉ង់ និងអំពាវនាវឱ្យបញ្ចប់អរិភាព៕


