បន្ទាប់ពីក្រុមហ៊ុន Apple បានបើកសម្ពោធជាផ្លូវការនៅទូរសព្ទដៃស៊េរីថ្មីរបស់ខ្លួន iPhone 15 ទាំង៤ម៉ូឌែលរួចមក ឃើញថាផ្ទុះការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ហ្វេនៗ។ ទន្ទឹមនឹងមានការចាប់អារម្មណ៍ជាខ្លាំងនេះផងដែរ មានអ្នកគាំទ្រមួយចំនួនធំ ចង់ដឹងថ្ងៃដាក់លក់ក្នុងហាងជាផ្លូវការដូចគ្នា ខណៈក្រុមហ៊ុនត្រៀមដាក់លក់មិនដល់១០ថ្ងៃទៀតទេ។
យោងតាមការចុះផ្សាយលើគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន Apple ផ្ទាល់បានឱ្យដឹងថា ទូរស័ព្ទ iPhone 15 ស៊េរីរបស់ខ្លួននឹងមានដាក់ឱ្យធ្វើការកុម្ម៉ង់ទុកមុននៅលើគេហទំព័ររបស់ក្រុមហ៊ុន ឬនៅតាមហាងនានាចាប់ពី ថ្ងៃទី ១៥ ខែកញ្ញា ហើយនឹងមកដល់ក្នុងហាងនៅ ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៣ ។ ទន្ទឹមនឹងនេះដែរ iPhone បាននាំមកនៅពណ៌ប្រណិតៗចំនួន៥ ដោយក្នុងនោះរួមមាន ខ្មៅ ខៀវ ផ្កាឈូក ស និងលឿង។
គួរជម្រាបផងដែរថា អតិថិជននៅក្នុងប្រទេស និងតំបន់ជាង 40 រួមមាន អូស្ត្រាលី កាណាដា ចិន បារាំង អាល្លឺម៉ង់ ឥណ្ឌា ជប៉ុន ម៉ិកស៊ិក អារ៉ាប់រួម ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក នឹងអាចបញ្ជាទិញ iPhone 15 និង iPhone 15 Plus ជាមុនបានគេ នៅម៉ោង ៥ ព្រឹក ថ្ងៃសុក្រ ទី ១៥ ខែកញ្ញា នឹងបាននៅតាមហាងនៅថ្ងៃសុក្រ ទី 22 ខែកញ្ញា៕